ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃសុក្រថា រុស្ស៊ីដកខ្លួនចេញពីសន្ធិសញ្ញា Open Skies ដោយនិយាយថា កតិកាសញ្ញានេះ ដែលអនុញ្ញាតឱ្យមានយន្តហោះគ្មានអាវុធឃ្លាំមើលលើប្រទេសជាសមាជិកនោះប្រឈមបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយសារការដកខ្លួនរបស់សហរដ្ឋអាមេរិក។
វិធានការរបស់រុស្ស៊ី ដែលត្រូវបានប្រកាសដោយក្រសួងការបរទេសរុស្ស៊ីនេះបានកើតឡើង ប៉ុន្មានថ្ងៃមុនពេលលោក Joe Biden ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ចំពេលមានការភ័យខ្លាចអំពីការប្រណាំងសព្វាវុធរីករាលដាល។
សន្ធិសញ្ញាសញ្ញានុយក្លេរអ៊ែរសំខាន់ចុងក្រោយរវាងរដ្ឋាភិបាលក្រុងមូស្គូ ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងផុតកំណត់នៅខែក្រោយ។ សហរដ្ឋអាមេរិកបានចាកចេញពីសន្ធិសញ្ញា Open Skies ដែលគ្រប់គ្រងអាវុធ និងផ្ទៀងផ្ទាត់នោះ នៅខែវិច្ឆិកា ដោយចោទប្រកាន់រុស្ស៊ីពីបទរំលោភសន្ធិសញ្ញានេះ តែរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធ។
ប្រទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងម៉ូស្គូបានធ្វើសំណើជាក់លាក់ទៅសមាជិកដទៃទៀត ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីការចាកចេញរបស់សហរដ្ឋអាមេរិក ប៉ុន្តែសំណើទាំងនោះមិនត្រូវបានគាំទ្រដោយសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។
រដ្ឋាភិបាលក្រុងមូស្គូនឹងជូនដំណឹងជាផ្លូវការដល់រដ្ឋសមាជិកដទៃទៀតអំពីការចាកចេញ នៅពេលបញ្ចប់នីតិវិធីដកខ្លួន។ ដំណើរការដកខ្លួនចេញពីសន្ធិសញ្ញាជាធម្មតាត្រូវចំណាយពេលច្រើនខែ។
ប្រទេសរុស្ស៊ីបានលើកឡើងនូវការព្រួយបារម្ភថា ទោះបីអាមេរិកចាកចេញពីសន្ធិសញ្ញានេះក៏ដោយ ក៏រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចរក្សាលទ្ធភាពទទួលបានព័ត៌មានសម្ងាត់ប្រមូលដោយសម្ព័ន្ធមិត្ត ដែលនៅតែជាសមាជិកនៅក្នុងសន្ធិសញ្ញា៕