មនុស្សចំនួន១៧នាក់ កំពុងបាត់ខ្លួនហើយត្រូវបានគេសន្និដ្ឋានថាស្លាប់ បន្ទាប់ពីនាវានេសាទរុស្សីមួយគ្រឿង បានលិចនៅសមុទ្រ Barentsភាគខាងជើងកាលពីព្រឹកថ្ងៃចន្ទ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធររុស្សី នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញព័ត៌មានក្នុងស្រុក។
ទូកនេសាទនេះមានអ្នកធ្វើការចំនួនទាំងអស់១៩នាក់ ហើយមនុស្ស២នាក់ ត្រូវបានជួយសង្គ្រោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្សីនោះ។
ក្រុមមន្ត្រីរុស្សីជឿជាក់ថា ទឹកកកដែលកកនៅលើនាវានោះ បាននាំឲ្យនាវានេសាទនេះលិចទឹក។
នាវានេសាទ Onega រុស្ស៊ីដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជននោះ មានមូលដ្ឋានក្នុងទីក្រុង Murmansk ដែលស្ថិតនៅភាគពាយ័ព្យប្រទេសរុស្សី បានក្រឡាប់និងលិចទៅក្នុងសមុទ្រ ជិតតំបន់ប្រជុំកោះ Novaya Zemlya ក្នុងសមុទ្រ Barents។
នាវា៤គ្រឿងត្រូវបានប្រើប្រាស់ ក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ នៅក្នុងតំបន់សមុទ្រ ហើយការស៊ើបអង្កេតឧក្រិដ្ឋកម្មកំពុងដំណើរការផងដែរជុំវិញហេតុការណ៍នេះ។ នាវានេសាទដែលបានលិចនេះ មានបំពាក់ទង់ជាតិរុស្សី និងត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៧៩មក៕