ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Putin បដិសេធ​ថា​រដ្ឋាភិបាល​មិន​ពាក់ព័ន្ធ​ការបំពុល​លោក Navalny ទេ


អ្នកយកព័ត៌មាន អង្គុយ​នៅមុខ​​អេក្រង់​ក្នុងអំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​ធ្វើឡើង​តាម​អនឡាញ​ក្នុង​ទម្រង់​សន្និសីទ​វីដេអូ នៅ​ទីក្រុង​មូស្គូ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ច្រានចោល​ការស៊ើប​អង្កេត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បង្ហាញ​ថា​ ​អ្នកទទួល​ខុសត្រូវ​ការបំពុល​លោក​ Alexei Navalny​ មេដឹកនាំ​បក្ស​ប្រឆាំង​នោះ​ ជាអ្នកធ្វើឃាត​ក្នុង​សន្តិសុខ​រដ្ឋ។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំលោក​ Putin ​បាន​ហៅ​របាយការណ៍​នោះ​ថា​ ជា​«ឧបាយកល»​ហើយ​ថា ​លោក ​Navalny​ មិន​ដល់​កម្រិត​ជា​គោលដៅ​នៃ​ការវាយ​ប្រហារ​បែប​នេះ​ទេ។ លោក​ Putin ​បាន​បន្ថែម​ការចោទ​ប្រកាន់​ថា​ លោក​ Navalny ​ទទួល​បាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក។​

លោក​ Navalny ​បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុងអំឡុងពេល​ធ្វើដំណើរ​តាម​យន្តហោះ​នៅ​ប្រទេស​រុស្ស៊ី​ក្នុង​ខែ​សីហា​ ហើយ​ក្រោយមក​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល។​ បន្ទប់​ពិសោធន៍​នៅ​ប្រទេសអាល្លឺម៉ង់ បារាំង ​និង​ស៊ុយអែត ​បាន​និយាយ​ថា ​លោក​បាន​ពុល​ដោយ​សារជាតិ ​Novichok​ ជា​ប្រភេទ​សារធាតុ​ធ្វើនៅ​ជំនាន់​សហភាព​សូវៀត​ដែល​អង់គ្លេស​បាន​និយាយ​ថា​ ត្រូវបាន​ប្រើ​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​គឺ​លោក ​Sergei Skripal ​និង​កូនស្រី​នៅ ​Salisbury ​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៨។​

លោក ​Putin​ បាន​និយាយ​អំពី​ប្រធានបទ​ជាច្រើន​ក្នុង​អំឡុងពេល​បង្ហាញ​ខ្លួនកាលពី​ថ្ងៃព្រហស្បតិ៍ ​រួមទាំង​អនាគត​រដ្ឋបាល​របស់​លោក ​Joe Biden ​ប្រធានាធិបតី​ជាប់ឆ្នោត​សហ​រដ្ឋ​អាមេរិក។ ​ លោក​ Putin ​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា​ ការផ្លាស់ប្តូរ​ប្រធានាធិបតី​នៅ​ខែមករា​ នឹង​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​មួយ​ចំនួន​នៅក្នុង​ទំនាក់​ទំនង​សហ​រដ្ឋ​អាមេរិក និងរុស្ស៊ី។

នៅ​ឆ្នាំ​២០១៧ ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​វាយ​តម្លៃថា​ លោក ​Putin​ បាន​បញ្ជា​ឱ្យមាន​យុទ្ធនាការ​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ផ្តោត​លើ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​ ដោយ​មាន​គោលដៅ​ជួយ​ឲ្យ​លោក​ប្រធានាធិបតី​ Donald Trump ​ឈ្នះ​ឆ្នោត។​ ក្រោយមកការស៊ើប​អង្កេត​ដឹកនាំ​ដោយ​លោក ​Robert Mueller ​រដ្ឋអាជ្ញា​ពិសេស​បាន​រៀបរាប់​លម្អិត​ពី​ការជ្រៀតជ្រែក​ជា​លក្ខណៈ​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​រុស្ស៊ី។​ កាលពី​ថ្ងៃព្រហស្បតិ៍​លោក ​Putin​ បាន​បដិសេធ​ជា​ថ្មី​នូវ​ការចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG