ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Putin ប្រុង​ប្រៀប​​​ពុះពារ​ឧបសគ្គ​​ក្នុង​ឆ្នាំ២០២១


រូបឯកសារ៖ ​ប្រធានាធិបតី​រុស្សី Vladimir Putin ចូលរួមកិច្ចប្រជុំរដ្ឋាភិបាលនៅវិមានរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ​ប្រធានាធិបតី​រុស្សី Vladimir Putin ចូលរួមកិច្ចប្រជុំរដ្ឋាភិបាលនៅវិមានរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

ឆ្នាំ​នេះ​កំណត់​ខួប៣០​ឆ្នាំ​នៃ​ការរំលាយ​សហភាព​សូវៀត។ ការ​ដួល​រលំសហភាព​សូវៀត​កាល​ពី​ខែធ្នូមានល្បឿនលឿន​ ហើយបាន​កើត​មាន​ក្រោយរដ្ឋប្រហារ​គ្មាន​ជោគជ័យ ដោយក្រុមប្រកាន់​យោបាយ​តឹងរ៉ឹង​ប្រឆាំង​នឹង​លោក Mikhail Gorbachev ដែល​ជា​មេដឹកនាំសូវៀត​នៅ​ពេល​នោះ។

ពលរដ្ឋរ​រុស្សី​ច្រើននាក់​នឹង​ប្រារព្ធថ្ងៃ​ខួប​នេះជា​ឯកជន ទោះជាអាជ្ញាធរ​រដ្ឋ​មិន​បាន​គ្រោង​ប្រារព្ធជា​ផ្លូវការ​ក៏​ដោយ។ សម្រាប់​ប្រធានាធិបតី​រុស្សី Vladimir Putin ការរំលាយ​សហភាព​សូវៀត​ជា​ «សោកនាដកម្ម​ខាងភូមិសាស្ត្រ​នយោបាយធំបំផុត​ ក្នុង​សតវត្សរ៍ទី២០»។

ក្រុមអ្នក​វិភាគ​និង​អ្នក​ការទូតបស្ចឹមប្រទេសនិយាយ​ថា នេះជា​ព្រឹត្តការណ៍​មួយដែលធ្វើឱ្យ​អាជ្ញាធរ​វិមានក្រឹមឡាំង​ខ្វល់ខ្វាយ​ នៅ​ពេល​សព្វ​ថ្ងៃ​នេះ​គឺ​ជាឧទាហរណ៍​ប្រវត្តិសាស្ត្រ​មួយ​ថា​ តើរដ្ឋផ្តាច់ការមួយ​អាចរលំរលាយ​បែបណា។ ក្រុម​អ្នក​វិភាគ​និង​អ្នក​ការទូតបស្ចឹមប្រទេស​ទាំង​នេះ និយាយ​ថា ​មេរៀន​មួយនៅ​ក្នុង​វិមានក្រឹមឡាំង​ គឺបង្កើនការ​ប្រើ​អំណាចរដ្ឋ​សម្រាប់រក្សា​ការ​គ្រប់គ្រង។

រូបឯកសារ៖ សមាជិក្រុមប្រឹក្សាក្រុង Moscow អ្នកស្រី Yulia Galyamina កាន់សៀវភៅរដ្ឋធម្មនុញ្ញរុស្ស៊ី ក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យលោក Putin កាន់តំណែងរហូតដល់ឆ្នាំ ២០៣៦ នៅទីក្រុង Moscow រុស្ស៊ី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិក្រុមប្រឹក្សាក្រុង Moscow អ្នកស្រី Yulia Galyamina កាន់សៀវភៅរដ្ឋធម្មនុញ្ញរុស្ស៊ី ក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យលោក Putin កាន់តំណែងរហូតដល់ឆ្នាំ ២០៣៦ នៅទីក្រុង Moscow រុស្ស៊ី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

ការ​បង្កើនកម្លាំង​ពុះពារ​ឧបសគ្គ​

​អ្នក​វិភាគ​និង​អ្នក​ការទូតបស្ចឹមប្រទេស​ទាំង​នេះចង្អុលបង្ហាញការ​បំពុល​លោក Alexei Navalny សកម្មជនប្រឆាំងកាលពី​ឆ្នាំ​ទៅ​ ថា​ជា​កំណើនខ្លាំងនៃយុទ្ធនាការ​របស់អាជ្ញាធរ​វិមានក្រឹមឡាំង ក្នុង​គោល​ដៅបង្ក្រាបពួក​ប្រឆាំង​នឹង​បំបិទ​មាត់សំឡេងនយោបាយ​ជំទាស់។

ថ្លែងនៅ​ក្នុង​ការ​ពិភាក្សា​គ្នាមួយ​តាម​ប្រព័ន្ធអ៊ីនធឺណិត កាល​ពី​ខែមុន​ ចាត់ចែងដោយមជ្ឈមណ្ឌលខាង​ការសិក្សា​យុទ្ធសាស្ត្រ​និងអន្តរជាតិ​មានមូល​ដ្ឋាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន លោក ​Denis Volkov អ្នក​ស្ទង់​មតិ​រុស្សី​ បាននិយាយ​ថា អាជ្ញាធរវិមាន​ក្រឹមឡាំង​មាន​គោល​ដៅ «រំសាយ​ពួក​អ្នក​រិៈគន់​ធ្វើ​ឱ្យ​ពួក​គេឈប់ប្រឆាំង និង​ធ្វើ​ឱ្យ​ពួក​គេអសកម្ម»។

កាល​ពី​ឆ្នាំ​ទៅមិញ លោក Putin បាន​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​បើកផ្លូវ​ឱ្យ​លោកកាន់​អំណាច​រហូត​ដល់​ឆ្នាំ ២០៣៦។ ការ​កែ​ប្រែ​នេះនៃរដ្ឋធម្មនុញ្ញ​មានការ​គាំទ្រនៅ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ​មួយ ដោយប្រជារាស្ត្រ​រុស្សី ៧៩%​ ដែល​បានបោះឆ្នោត ទោះ​ជា​មានការ​ចោទប្រកាន់អំពីភាព​មិន​ប្រក្រតី​ ដោយមាន​រួម​បញ្ចូលការបង្ខិត​បង្ខំ​អ្នក​បោះឆ្នោត ​និង​មានការបោះ​ឆ្នោតច្រើនដង​ក៏ដោយ។

ក៏​ប៉ន្តែ​ ការណ៍​នេះហាក់ដូច​ជា​មិន​បានធានា​រ៉ាប់រង​ជា​ថ្មីដល់​អាជ្ញាធរវិមានក្រឹមឡាំងទេ​ ឬ​ក៏មិន​បានធ្វើ​ឱ្យ​អាជ្ញាធរនេះ មានការ​ទុក​ចិត្ត​ជាងមុនអំពី​អនាគត​ទេ។ ការ​បំពុល​លោក Navalny​ នាំ​ឱ្យ​អាជ្ញាធរវិមានក្រឹមឡាំងតានតឹង​ក្នុងចិត្ត និង​ជ្រួល​ច្រាល​ក្នុង​ចិត្ត អំពីការ​ប្រឆាំងនឹង​អាជ្ញាធរ​ក្នុងពេល​អនាគត​ផង​ដែរ។

លោក ​Andrei Kolesnikov ជា​អ្នក​វិភាគនៅ​ឯមជ្ឈមណ្ឌល​ Carnegie ក្នុ​ង​ក្រុង​ម៉ូស្គូ។ លោកយល់​ថា អាជ្ញាធរវិមានក្រឹមឡាំង​កំពុង​ប្រឈម​នឹងបញ្ហា​ច្រើន​ជាង​មុន ហើយ​កំពុង​ប្រុង​ប្រៀប​សម្រាប់ផែនការទាំង​អស់ ​ដែល​អាចកើតមាន។​ ចលាចល​នៅ​ក្នុង​ប្រទេស​ Belarus ​នៅជិត​ខាង ដោយ​មានមហា​បាតុកម្មប្រឆាំង​នឹង​ការគ្រប់គ្រងរបស់​ប្រធានាធិបតី Alexander Lukashenko ព្រម​ទាំង​ការ​រំជើប​រំជួល​នៅក្នុង​ប្រទេស Kyrgystan បានធ្វើឱ្យ​អាជ្ញាធរវិមាន​ក្រឹមឡាំង ​ប្រុងប្រយ័ត្ន​ខ្លាំង។

លោក Lukashenko បាន​និយាយ​ថា៖ «គោលដៅ​តែ​មួយគត់របស់​លោក Putin និងពួក​វរជន​របស់​លោក​ គឺរក្សា​អំណាច​សម្រាប់ពួក​គេ»។

រូបឯកសារ៖ សកម្មជនម្នាក់កាន់បដារូបមេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ីលោក Alexei Navalny នៅទីក្រុង Saint Petersburg រុស្ស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ សកម្មជនម្នាក់កាន់បដារូបមេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ីលោក Alexei Navalny នៅទីក្រុង Saint Petersburg រុស្ស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

​អ្នក​វិភាគថ្លែង​ថា​ មាត្រា​នៃ​សេចក្តី​ព្រាងច្បាប់​ជាច្រើនកាលពី​ពេល​ថ្មីៗនេះ គូសបញ្ជាក់​ការ​ប្តេជ្ញារបស់អាជ្ញាធរវិមាន​ក្រឹមឡាំង ក្នុង​ការបន្តបង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែងប្រឆាំងនឹង​ពួក​អ្នក​ជំទាស់នឹង​លោក Putin នៅ​ក្នុង​ប្រទេស​ នៅ​មុន​អ្វី​ដែលទំនងជាឆ្នាំវឹកវរ​ខាង​នយោបាយ​ធំមួយ នៅ​ក្នុង​ប្រទេស​រុស្សី ដោយ​សារ​មានការ​បោះឆ្នោយ​សភា នៅ​ខែ​កញ្ញា។

​អ្នកវិភាគ​ទាំង​នេះ​និយាយ​ថា ​អាជ្ញាធរវិមាន​ក្រឹមឡាំង​ដឹង​ថា​មានជំនោរនយោបាយកំពុង​មាន​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​តាមវិធីខ្លះ ដែលពន្យល់អំពីពេល​វេលា​នៃ​ការ​ប៉ុនប៉ងធ្វើ​ឃាត​លោក Navalny និង​វិធានការពង្រឹង​រដ្ឋអំណាច។

លោក Navalny មិនស្រួល​ខ្លួនកាល​ពីខែ​សីហា ​ឆ្នាំ២០២០​ នៅ​ពេល​លោកធ្វើ​ដំណើរតាម​យន្តហោះ​ទៅ​ផ្ទះ​វិញពីតំបន់ស៊ីបេរី​ ទៅ​កាន់​ក្រុង​ម៉ូស្គូ។ អ្នក​បើក​យន្តហោះ​បាន​បង្វែរការហោះ ដើម្បី​ឱ្យលោក​អាច​ទទួលការ​ព្យាបាល​សង្គ្រោះ​ជីវិតបាន។ សកម្មជន​នយោបាយ​រូប​នេះបានរើប​ឡើង​វិញ នៅក្រុង Berlin ប្រទេសអាល្លឺម៉ង់ ដែលនៅ​ទី​នោះលោក​បាន​ទទួល​ការ​ព្យាបាល។ ការធ្វើតេស្ត​ពិសោធន៍​នៅ​ Berlin បង្ហាញថា​ មាន​វត្តមានថ្នាំពុលបំផ្លាញ​សរសៃ​ប្រសាទ Novichok នៅ​ក្នុង​រាងកាយ​លោក។

រដ្ឋាភិបាលបស្ចឹម​ប្រទេសនិយាយ​ថា​ លោក Navalny ត្រូវ​បានបំពុលដោយ​ថ្នាំពុលបំផ្លាញ​សរសៃ​ប្រសាទ ​ផលិតក្នុង​សម័យសហភាព​សូវៀត ​គឺ​ជាជាតិ​ពុល​ដូច​គ្នា​ដែលមន្ត្រីអង់គ្លេសនិយាយថា​ បានត្រូវប្រើសម្រាប់បំពុលអតីត​ចារបុរស​រុស្សី​ Sergei Skripal ក្នុង​ចក្រភព​អង់គ្លេស កាល​ពី​ឆ្នាំ២០១៨។ សហភាព​អឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម​លើឈ្មោះ Alexander Bortnikov ប្រធានសេវា​ស៊ើបការណ៍​សម្ងាត់រុស្សី​ FSB និងក្រុមមន្ត្រី​ជាន់ខ្ពស់វិមាន​ក្រឹមឡាំង​ ដោយសារ​ការ​វាយ​ប្រហារ​នោះ។

អាជ្ញាធរវិមានក្រឹមឡាំង​បាន​បដិសេធថា ​ខ្លួនគ្មានមុខ​នាទី​ក្នុងការបំពុល​នោះ​ទេ។

កាល​ពី​ខែ​ធ្នូលោក​ Putin មិន​បាន​បញ្ជាក់ថា​ពិត ឬបដិសេធ​ការ​ទាក់ទិន​របស់ភ្នាក់ងារ​រុស្សី​ទេ ​ក្នុងការ​ប៉ុន​ប៉​ងធ្វើ​ឃាត​លោក Skripal តែ​លោក​បាន​និយាយ​

លេង​ថា​ ប្រសិនបើ​ពួក​ភ្នាក់ងារ​ទាំង​នេះចង់សម្លាប់​លោក Skripal មែន «ពួក​គេ​ប្រហែល​សម្លាប់លោក​ទៅ​ហើយ»។​ ក៏​ប៉ុន្តែ​ មេដឹកនាំ​រុស្សី​រូប​នេះមិន​បានបដិសេធការ​ណ៍​ដែល​ថា​ ​ភ្នាក់ងារ​របស់ ​FSB បានតាម​ដាន​លោក Navalny ច្រើន​ឆ្នាំមក​ហើយ​ទេ។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​កាលពី​សប្តាហ៍ចុង​ក្រោយ​នៃ​ខែ​ធ្នូ​លោក Putin បានចុះហត្ថលេខា​លើ​វិធានការមួយ​ធ្វើបច្ចុប្បន្ន​ភាពអ្វីហៅ​ថាច្បាប់​ស្តីពី​ភ្នាក់ងារបរទេស ​ដែល​បានត្រូវ​អនុម័តដំបូង ​កាល​ពីឆ្នាំ២០១២​ ហើយ​បាន​តម្រង់​គោលដៅ​ចម្បង​ទៅលើបណ្តាញផ្សាយ​ព័ត៌មាន​បរទេស ​និងក្រុម​សង្គម​ស៊ីវិលដែល​ទទួលប្រាក់​ពី​ខាង​ក្រៅ​ប្រទេស​រុស្សី។

ច្បាប់​នេះ​បាន​ត្រូវ​ពង្រីក​កាន់តែ​ធំឡើង​ ដើម្បី​នឹង​ដាក់​បញ្ចូលក្រុម​អ្នកកាសែត​ជា​បុគ្គល ​និងអ្នក​សរសេរ​ប្លុក (blogs) ដោយតម្រូវ​ឱ្យ​ពួក​គេ​រាយការណ៍​អំពី​សកម្មភាព​ពួកគេ​និងដាក់ពាក្យ​សុំ​ការត្រួត​ពិនិត្យ​បញ្ជីហិរញ្ញវត្ថុញឹក​ញយ ដូចជា​បណ្តាញផ្សាយ​ព័ត៌មាន​បរទេស ​និងក្រុម​សង្គម​ស៊ីវិលដែល​ទទួលប្រាក់​ពីបរទេស​ដែរ​។ ច្បាប់​នេះ​បាន​នាំ​ឱ្យ​មានការ​បិទ​អង្គការ​ក្រៅរដ្ឋាភិបាលធំៗ​ខ្លះ​ នៅ​ក្នុង​ប្រទេស​រុស្សី។​

លោក Putin បានចុះហត្ថលេខា​លើវិសោធនកម្មនេះ កាលពី​ថ្ងៃ​ពុធ ​ទី​៣០ ខែធ្នូ ​ដោយ​ពង្រីក​បន្ថែម​ទៀត​នូវទំហំវិធានការដែល​មនុស្ស​ម្នាក់​ ឬ​អង្គភាព​មួយអាចត្រូវ​ចាត់​ទុក​ជា​ «ភ្នាក់ងារបរទេស» មួយ។ កាលពី​មុន ​ពួក​គេត្រូវ​តែ​ទទួលប្រាក់​កាសពី​ប្រទេស​ក្រៅ។​ នៅ​ពេល​នេះ​ពួក​គេ​អាច​ត្រូវ​ចាត់ទុក​ជាភ្នាក់ងារ​បរទេស​មួយ ​ប្រសិន​បើអាជ្ញាធរ​រដ្ឋ​ចាត់ទុក​សកម្មភាព​ពួក​គេ​ថា ​ស្ថិត​ក្នុង«​អត្ថប្រយោជន៍​នៃប្រទេស​មហាអំណាចមួយ»។

អង្គការ​ Amnesty International បាននិយាយ​ថា ​វិធានការ​ថ្មី​នេះជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ «ការប្រមាញ់ព្យាបាទ​ថ្មី​មួយ» នៅ​ក្នុង​ប្រទេស​រុស្សី។

អ្នកស្រី Natalia Prilutskaya ជា​អ្នកស្រាវជ្រាវ​របស់​អង្គការ ​Amnesty International។ អ្នកស្រី​បាននិយាយ​ថា៖ «ការណ៍​នេះ​លាត​ត្រដាងឱ្យ​ឃើញជំនឿ​របស់​អាជ្ញាធរ​រុស្សី​ថា សកម្មជន​សង្គម​ស៊ីវិលគឺជា «ពួកភ្នាក់ងាររបស់ពួក​បស្ចឹម​ប្រទេស» ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​អស្ថិរភាព។

អាជ្ញាធរ​រុស្សីបានធ្វើ​ឱ្យសង្គម​ស៊ីវិល​អស់​ប្រាក់កាសរួចស្រេច​ហើយ​ ហើយ​បានបង្ខំឱ្យ​អង្គការ​ជា​ច្រើន​បិទឈប់​ធ្វើ​ប្រតិបត្តិការទៅ​ហើយ។ នៅ​ពេល​នេះ អាជ្ញាធរមើល​សកម្មជន​ក្នុងផ្លូវ​អាក្រក់​ថែម​ទៀត»។

ការរឹតត្បិត​ថ្មី​ៗ​ក៏​បាន​តូវ​ដាក់​កំហិត​លើបាតុកម្ម​សធារណៈ​ ហើយ​រដ្ឋាភិបាល​ក៏បានបង្កើន​អំណាច​ខ្លួន​ឯងក្នុង​ការរារាំង​គេហទំព័របរទេស និង​ក្នុង​ស្រុក ដែល​ខ្លួន​និយាយ​ថាបាន​ត្រួត​ពិនិត្យបណ្តាញ​ផ្សាយព័ត៌មានរដ្ឋ​របស់​រុស្សី​តែ​ប៉ុណ្ណោះ​។

រូបឯកសារ៖ បុគ្គលិកមន្ទីរពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ម្នាក់នៅមន្ទីរពេទ្យបណ្តោះអាសន្នមួយកន្លែងក្នុងទីក្រុង Moscow រុស្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកមន្ទីរពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ម្នាក់នៅមន្ទីរពេទ្យបណ្តោះអាសន្នមួយកន្លែងក្នុងទីក្រុង Moscow រុស្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

កំណើនការ​អាក់អន់​ចិត្ត

ផលវិបាកផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការ​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩ ដែល​បន្ថែម​លើ​វិសមភាព​សង្គម​និងភាពក្រី​ក្រ ទំនង​ជា​នឹង​បង្កើន​ការ​តប់​ប្រមល់របស់​សា​ធារណជន​ថែម​ទៀត។ ​អ្នក​ស្ទង់​មតិ Volkov ថ្លែង​ថា ការណ៍​នេះ​មានឡើង នៅ​ពេល​មានសញ្ញា​ថា ការ​គាំទ្រភាគ​ច្រើនដល់​លោក Putin ដែលមានមក​ដល់​ពេល​នេះមិន​មែន​ជា​អ្វី​ ដែល​វិមាន​ក្រឹមឡាំងមិន​យល់​តម្លៃ​នោះទេ។

មន្ត្រី​រុស្សីហាក់​ដូចជាភ្ញាក់ផ្អើល​នឹងបាតុកម្មប្រឆាំងនឹងវិមានក្រឹមឡាំង កាល​ពី​ឆ្នាំ​ទៅក្នុង​ក្រុង Khabarovsk ក្នុង​តំបន់ចុង​បូព៌ា​នៃប្រទេស​រុស្សី​ ដែលនៅ​ទី​នោះពលរដ្ឋក្នុង​មូលដ្ឋាន​មានប្រតិកម្ម​ខ្លាំង​ក្លាប្រឆាំង​នឹង​ការចាប់​ខ្លួន​លោក Sergei Furgal អភិបាលតំបន់មាន​ប្រជា​ប្រិយភាព និង​ជា​អ្នកថ្មី​ខាង​នយោបាយ​ពី​បទ​ព្រហ្មទណ្ឌ។

នៅក្នុង​ការ​ស្ទង់​មតិ​មួយក្នុងប្រទេស​កាលពី​ឆ្នាំ​ទៅ​មិញ​ម ជ្ឈមណ្ឌល​ Levada​ បាននិយាយ​ថា​ ៤៧% នៃអ្នកចូលរួមស្ទង់មតិ បាននិយាយ​ថា ពួកគេ​មានទស្សនៈ​វិជ្ជមាន​អំពី​បាតុកម្ម​នៅ Khabarovsk។ អត្រា​គាំទ្រ​លោក Putin ក៏​បាន​ចុះ​ថយដែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Putin បាន​និយាយ​អំពី​ឆ្នាំ​ចុង​ក្រោយ​នៃសម័យ​សហភាព​សូវៀត។

លោក​បាន​ពោល​ថា«៖ សហភាព​សូវៀត​មាន​អ្វីៗគ្រប់យ៉ាង​ តែវា​មិន​គ្រប់គ្រាន់​សម្រាប់មនុស្ស​គ្រប់គ្នា​ទេ។ កាល​ពី​ពេល​នោះ​ បញ្ហាបណ្តាល​មក​ពី​ការ​ខ្វះខាត។ ក៏ប៉ុន្តែ នៅ​ពេលអាច​មាន​បញ្ហា​ដែរ ពី​ព្រោះ​មនុស្ស​គ្មានប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ផលិត​ផល​ខ្លះតាម​តម្លៃ​ ដែល​យើង​ឃើញ​តាម​ផ្សារ»៕

ប្រែ​សម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG