អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃសុក្រឱ្យចាប់ផ្ដើមចរចាជាមួយនឹងអ៊ុយក្រែនដែលនឹងបើកផ្លូវឆ្ពោះទៅរក «សន្តិភាពដ៏យុត្តិធម៌និងឋិតថេរ»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោង លោក Scholz ក៏បានទាមទារផងដែរឱ្យមានការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែននិងបានបញ្ជាក់ជាថ្មីអំពីការគាំទ្រជាបន្តរបស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់។
ការសន្ទនានេះបានធ្វើឡើង នៅពេលដែលអ៊ុយក្រែនប្រឈមនឹងស្ថានការណ៍ដែលកាន់តែលំបាកឡើងនៅក្នុងសមរភូមិ នៅចំពេលដែលមានការខ្វះខាតសព្វាវុធនិងកងទ័ពហើយកងទ័ពរុស្ស៊ីកំពុងរុលចូលមក។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «លោកអធិការបតី [Scholz] បានជំរុញរុស្ស៊ីឱ្យបង្ហាញនូវឆន្ទៈក្នុងការចរចាជាមួយអ៊ុយក្រែនក្នុងបំណងសម្រេចឱ្យបាននូវសន្តិភាពដ៏យុត្តិធម៌និងឋិតថេរ»។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា៖ «លោក [Scholz] បានសង្កត់ធ្ងន់អំពីការតាំងចិត្តមិនងាករេរបស់អាល្លឺម៉ង់ក្នុងការគាំទ្រអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមិនថាយូរប៉ុណ្ណានោះទេប្រសិនបើចាំបាច់»។
អាល្លឺម៉ង់គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់អ៊ុយក្រែននិងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតដល់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក។ ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែននៅពេលអនាគតនៅមានភាពស្រពិចស្រពិលនៅឡើយ បន្ទាប់ពីលោក Donald Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកមក៕
វេទិកាបញ្ចេញមតិ