ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហាម៉ាស់​ជំរុញ​ឱ្យ​មាន​បទឈប់បាញ់​នៅ​ហ្កាហ្សា​និង​ជំរុញ​លោក Trump ឱ្យ​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល


រូបឯកសារ៖ កាំភ្លើង M-16 ពីរ​ដើម​ព្យួរ​នៅ​លើ​ជញ្ជាំង​ដែល​មាន​រូប​គំនូរ​ទង់ជាតិ​ប៉ាឡេស្ទីន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​សង្គ្រាម​ទីក្រុង IDF នៅ​មូលដ្ឋាន​ទ័ព Zeelim ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល ថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ កាំភ្លើង M-16 ពីរ​ដើម​ព្យួរ​នៅ​លើ​ជញ្ជាំង​ដែល​មាន​រូប​គំនូរ​ទង់ជាតិ​ប៉ាឡេស្ទីន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​សង្គ្រាម​ទីក្រុង IDF នៅ​មូលដ្ឋាន​ទ័ព Zeelim ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល ថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០២២។

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុម​ហាម៉ាស់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​ហាម៉ាស់ «ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បទឈប់បាញ់» នៅក្នុង​តំបន់​ហ្កាហ្សា និង​បាន​ជំរុញ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump របស់​សហរដ្ឋ​អាមេរិក​ឱ្យ​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល​ឱ្យ​បញ្ចប់​សង្គ្រាម។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Bassem Naim ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ​របស់​ក្រុម​ហាម៉ាស់ បាន​និយាយ​ថា៖ «ក្រុម​ហាម៉ាស់​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​បទឈប់បាញ់​នៅក្នុង​តំបន់​ហ្កាហ្សា ប្រសិនបើ​សំណើ​បទឈប់បាញ់​ត្រូវបាន​បង្ហាញ​ឡើង​និង​ក្នុង​លក្ខខណ្ឌ​ដែល [អ៊ីស្រាអែល] គោរព​បទឈប់បាញ់​នេះ»។

លោក Naim បាន​បន្ត​ថា៖ «យើង​អំពាវនាវ​ឱ្យ​រដ្ឋបាល​អាមេរិក​និង​លោក Trump ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីស្រាអែល​ឱ្យ​បញ្ចប់​ភាព​គឃ្លើន​ឈ្លានពាន»។

លោក Naim បាន​បន្ថែម​ថា៖ «ក្រុម​ហាម៉ាស់​បាន​ជូន​ដំណឹង​ដល់​ក្រុម​អ្នក​សម្រុះសម្រួល​ថា ខ្លួន​គាំទ្រ​សំណើ​ណាមួយ​ដែល​ដាក់​ស្នើ​មក​ខ្លួន​ដែល​ឈាន​ទៅ​ដល់​បទឈប់បាញ់​ជា​ស្ថាពរ​និង​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ហ្កាហ្សា ការ​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ភៀសខ្លួន​បាន​វិល​ត្រឡប់​មក​វិញ កិច្ច​ព្រមព្រៀង​ដ៏​ម៉ឺងម៉ាត់​សម្រាប់​ការ​ដោះដូរ​អ្នកទោស ការ​ចូល​មក​នូវ​ជំនួយ​មនុស្សធម៌ និង​ការ​កសាង [តំបន់​ហ្កាហ្សា] ឡើងវិញ»។

នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក Trump បាន​សន្យា​ស្វែងរក​សន្តិភាព​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា។

ការ​លើកឡើង​របស់​លោក Naim នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​កាតា​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា ខ្លួន​បាន​ផ្អាក​តួនាទី​របស់​ខ្លួន​ជា​អ្នក​សម្រុះសម្រួល​ចម្បង​សម្រាប់​បទឈប់បាញ់​នៅ​តំបន់​ហ្កាហ្សា​និង​កិច្ច​ព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង​រហូត​ទាល់តែ​ដល់​ពេល​ដែល​ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែល​បង្ហាញ​នូវ «ភាព​ម៉ឺងម៉ាត់» ក្នុង​ការ​ចរចា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG