ការវាយប្រហារបន្ថែមទៀតណាមួយពីរុស្ស៊ីលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនអាចនឹងនាំឱ្យមានការផ្លាស់ទីរបស់ប្រជាពលរដ្ឋទ្រង់ទ្រាយធំថែមទៀតនៅពេលរដូវរងាចូលមកដល់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ។
លោក Matthias Schmale អ្នកសម្របសម្រួលផ្នែកមនុស្សធម៌នៃអង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែន បាននិយាយថា ពេលសង្គ្រាមឈានចូលដល់រដូវរងាលើកទី ៣ នេះ ជនស៊ីវិលគឺងាយរងគ្រោះជាងពេលរដូវរងាផ្សេងទៀតក្នុងអំឡុងពេលសង្គ្រាមនេះ ដោយសារតែការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញថាមពលរបស់អ៊ុយក្រែននិងភាពនឿយហត់របស់ម្ចាស់ជំនួយ។
លោក Schmale បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា៖ «កង្វល់ពិតគឺថាបើរុស្ស៊ីដៅលើវិស័យថាមពលម្តងទៀត នេះជាចំណុចរបត់ហើយ...សម្រាប់ការផ្លាស់ទីទ្រង់ទ្រាយធំទាំងនៅក្នុងនិងក្រៅប្រទេស»។
ការរត់ភៀសខ្លួនច្រើនថែមទៀតនឹងបង្កើនចំនួនអ្នកផ្លាស់ទីដោយបង្ខំដែលបច្ចុប្បន្នមាន ៣ លាន ៦ សែននាក់ផ្លាស់ទីក្នុងប្រទេសអ៊ុយក្រែននិងជាង ៦ លាននាក់ដែលបានភៀសខ្លួនឆ្លងដែនដើម្បីគេចចេញពីសង្គ្រាមដែលបានចាប់ផ្តើមពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ ២០២២។
ការផលិតថាមពលរបស់អ៊ុយក្រែនផ្ទាល់ប្រមាណ ៦៥% នៅពេលបច្ចុប្បន្ននេះត្រូវកាត់ផ្តាច់ដោយសារការវាយប្រហាររបស់រុស្ស៊ី។ បរិមាណនេះច្រើនជាង បើធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២២ ឬឆ្នាំ ២០២៣។ នេះបើយោងតាមលោក Schmale៕
អ.ស.ប.ព្រមានថាបើប្រព័ន្ធថាមពលរងការវាយប្រហារ ពលរដ្ឋអ៊ុយក្រែនច្រើនទៀតអាចនឹងផ្លាស់ទី
- Reuters
វេទិកាបញ្ចេញមតិ