ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​ជនបទ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ចង់​ធ្វើ​ការ​ផ្លាស់ប្តូរ ​ខណៈ​ថ្ងៃ​បោះឆ្នោត​ខិត​ជិត​មក​ដល់


រូបឯកសារ៖ ប្រធានាធិបតី Cyril Ramaphosa និង​សមាជិក​បក្ស​សមាជ​ជាតិ​អាហ្វ្រិក ពិភាក្សា​ពី​លទ្ធផល​បោះ​ឆ្នោត​ កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ ប្រធានាធិបតី Cyril Ramaphosa និង​សមាជិក​បក្ស​សមាជ​ជាតិ​អាហ្វ្រិក ពិភាក្សា​ពី​លទ្ធផល​បោះ​ឆ្នោត​ កាល​ពី​ឆ្នាំ​២០១៦។

ពលរដ្ឋ​អាហ្រ្វិក​ខាង​ត្បូង​ជា​ច្រើន​ថ្លែង​ថា ពួក​គេ​ឆ្អែត​ឆ្អន់​នឹង​គណបក្ស​សភា​ជាតិ​អាហ្វ្រិក​ ឬ ​ANC​ ដែល​កាន់​អំណាច​ជា​យូរ​ណាស់​មក​ហើយ នៅ​មុន​​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា។

រៀង​រាល់​៥​ឆ្នាំ ​ពលរដ្ឋ​នៅ​តំបន់​រាំង​ស្ងួត​និង​ដាច់​ស្រយ៉ាល ​នៅ​ភាគ​ពាយ័ព្យ​ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ និយាយ​ថា គណបក្ស​កាន់​អំណាច​មក​ទី​នេះ​ដើម្បី​សុំ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​ពួក​គេ។ នៅ​ក្នុង​ការ​បោះឆ្នោត​បួន​ដង​ចុង​ក្រោយ​នេះ​ ក្រុម​អ្នក​បោះឆ្នោត​ភាគ​ច្រើន​បាន​បោះឆ្នោត​ឲ្យ​ពួក​គេ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​សភា​ជាតិ​អាហ្វ្រិក​ ឬ ANC​ បន្ត​ទទួល​បាន​សំឡេង​ភាគ​ច្រើន ​នៅ​តំបន់​ជន​បទ​នៅ​ភាគ​ខាង​ត្បូង។

នៅ​តាម​ខេត្ត​នានា​ដែល​មិន​សូវ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ ពិសេស​តំបន់​ជនបទ​នៅ​តាម​ខេត្ត​ Free State ​និង​ខេត្ត ​Northern Cape​ គណបក្ស​ ANC ​ឈ្នះ​ឆ្នោត​ពី ​៦៤ ដល់ ៦៩​ ភាគរយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៤។

ការ​ស្ទង់​មតិ​នយោបាយ​បង្ហាញ​ថា គណបក្ស​សភា​ជាតិ​អាហ្វ្រិក​នឹង​បាត់​បង់​ការ​គាំទ្រ​ពី ​៦២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៤ មក​នៅ​ត្រឹម​ ៥៧ ​ភាគ​រយ​ក្នុង​ឆ្នាំ​នេះ។ គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​រាល់​អាណត្តិ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ឆ្នាំ​ ១៩៩៤។

អ្នក​គាំទ្រ​គណបក្ស​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង ​ Cyril Ramaphosa​ ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សមាជ​ជាតិ កាល​លពិ​ថ្ងៃ​ទី​៣ ឧសភា មុន​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ ឧសភា។
អ្នក​គាំទ្រ​គណបក្ស​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង ​ Cyril Ramaphosa​ ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សមាជ​ជាតិ កាល​លពិ​ថ្ងៃ​ទី​៣ ឧសភា មុន​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ ឧសភា។

ឆ្នាំ​នេះ​ ក្រុម​អ្នក​បោះឆ្នោត​នៅ​ជនបទ​ថ្លែង​ថា ​នឹង​មាន​ការ​ផ្លាស់​ប្តូរ។ អ្នកស្រី ​Olga Fokazi ​អាយុ ៣៨ ​ឆ្នាំ ជា​គិលានុបដ្ឋាយិការ​មួយ​រូប​ថ្លែង​ថា ​អ្នក​ស្រី​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សភា​ជាតិ​អាហ្វ្រិក​កាល​ពី​ឆ្នាំ​ ២០១៤។ ឆ្នាំ​នេះ ដោយ​សារ​តែ​ការ​ខ្ពើម​រអើមអំពើ​ពុករលួយ​និង​សេវាកម្ម​ទន់ខ្សោយ​នៅ​ក្នុង​ក្រុង​ដ៏​តូច​របស់​អ្នកស្រី អ្នក​ស្រី​ថ្លែង​ថា អ្នក​ស្រី​គ្រោង​នឹង​ធ្វើ​ពហិកា​ការ​បោះឆ្នោត​លើក​នេះ​ទាំង​ស្រុង។

អ្នកស្រី ​Fokazi ​ថ្លែង​ថា៖ «ពួក​គេ​គ្រាន់​តែ​ចូលចិត្ត​ផ្តោត​ទៅ​លើ​ក្រុង​ធំៗ​ទាំង​នេះ ​ប៉ុន្តែ​នៅ​តំបន់​ជនបទ​ទាំង​នេះ ពួក​គេ​មិន​ទាំង​ធ្វើ​ដំណើរ​មក​ផង។ ពួក​គេ​មិន​មក​រក​យើង​ទេ។ ដូច្នេះ​ខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ដែល​គួរ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​ ANC ​នោះ​ទេ»។

នាង ​Mathabo Mokopane ​វ័យ​ ២៦ ​ឆ្នាំ រស់នៅ​ក្រុង​តូច​មួយ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នេះ​បាន​ថ្លែង​ថា នាង​គ្រោង​នឹង​ធ្វើ​ដូច​គ្នា​ដែរ។ ក្រុង​របស់​នាង​គឺ​ជា​ក្រុង​គ្រប់គ្រង​ដោយ​គណបក្ស ​ANC​ ហើយ​នាង​ក៏​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ​ដែរ​កាលពី​លើក​មុន។ ប៉ុន្តែ​ លើក​នេះ​នាង​មិន​បោះឆ្នោត​ឲ្យ​គណបក្ស ​ANC ​ទៀត​នោះ​ទេ។

នាង Mokopane ថ្លែង​ថា៖ «តាម​ពិត​ទៅ​ ពេល​យើង​បោះឆ្នោត​ឲ្យ​ពួក​គេ​រួច​ ពួក​គេ​មិន​មើល​ថែ​សហគមន៍​នេះ​ទៀត​នោះ​ទេ»។​

សមា​ជិក​គណបក្ស «អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​សេដ្ឋកិច្ច» ចូល​រួម​ឃោសនា​បោះ​ឆ្នោត នៅ​ទីក្រុង Alexandra Township។
សមា​ជិក​គណបក្ស «អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​សេដ្ឋកិច្ច» ចូល​រួម​ឃោសនា​បោះ​ឆ្នោត នៅ​ទីក្រុង Alexandra Township។

លោក ​Ivor Sarakinsky​ អ្នក​វិភាគ​នយោបាយ​មួយ​រូប​ថ្លែង​ថា ពួក​គេ​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​គាំទ្រ​ដែល​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​នឹង​គណបក្ស ​ANC។ ពួក​គេ​ជា​ច្រើន​កំពុង​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង​ដូច​ជា​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ ឬ​គណបក្ស​ក្រុម​អ្នក​ប្រយុទ្ធ​ដើម្បី​សេដ្ឋកិច្ច​ សេរីភាព ប៉ុន្តែ​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​គ្រាន់​តែ​ដក​ខ្លួន​ចេញ​តែ​ម្តង។

លោក ​Sarakinsky ​ថ្លែង​ថា៖ «ដោយ​គ្រាន់​តែ​ចំនួន​អ្នក​គាំទ្រ​គណបក្ស​ ANC ​ថយ​ចុះ​នោះ មិន​មែន​មាន​ន័យ​ថា​តំបន់​ទីក្រុង​នានា​បាន​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​ទេ។ គណបក្ស​ ANC ​មាន​អ្នក​ប្រឆាំង​ផ្ទៃ​ក្នុង​ដែល​អ្នក​បោះឆ្នោត​មិន​ទៅ​បោះឆ្នោត ព្រោះ​ក្រុម​អ្នក​បោះឆ្នោត​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​គណបក្ស​ ANC»។

នៅ​ក្នុង​ក្រុង ​Wolmaransstad ​ដែល​សំបូរ​ទៅ​ដោយ​ដំណាំ​ពោត​ អ្នក​បោះឆ្នោត​មួយ​រូប​ដែល​ឥត​ការងារ​ធ្វើ​លោក​ Tshepo Mosoeu ​ថ្លែង​ថា ​លោក​មិន​មាន​សង្ឃឹម​ថា​គណបក្ស ANC នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ចាប់​តាំង​ពី​លោក Nelson Mandela ឬ​ដែល​ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ស្គាល់​ថា​ជា «Tata» បាន​ទទួល​មរណភាព​មក។

លោក Mosoeu ថ្លែង​ថា៖ «គណបក្ស​ ANC ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។ ​យើង​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស ​EFF។ យើង​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ DA ​ឬ ​គណបក្ស​ EFF។ ​ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ។ លោក ​Mandela ​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​ដល់​យើង។ ប៉ុន្តែ​អាត្រា​អ្នក​ឥត​ការងារ​ធ្វើ ភាព​ក្រីក្រ គឺ​មាន​ច្រើន។ ហើយ​មើល​ផ្លូវ​នេះ​ទៅ​ឃើញ​ហើយ»។

ប៉ុន្តែ​ក្តី​សង្ឃឹម​នៅ​តែ​មាន​សម្រាប់​អ្នក​នៅ​ក្បែរ​ក្រុង Bloemhof នេះ​បើ​តាម​ប្រសាសន៍​អ្នកស្រី Martha Phakedi អាយុ៣០ឆ្នាំ ដែល​ឈរ​ធ្វើ​យុទ្ធនាការ​នៅ​តាម​ដង​ផ្លូវ​ដ៏​ហុយ​នេះ​ដើម្បី​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង។

អ្នកស្រី Martha Phakedi ថ្លែង​ថា៖ «តំបន់​ជនបទ​កំពុង​មាន​ការប្រែ​ប្រួល។ ពួកគេ​ចាប់​ផ្តើម​ឃើញ​ពន្លឺ។ ដោយ​សារ​តែ​ពួកគេ​ត្រូវ​បាន​គេ​កុហក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​តាម​ការ​ពិត​ទៅ ក្នុង​នាម​យើង​ជា​អ្នក​ប្រឆាំង យើង​ត្រូវ​តែ​ឧស្សាហ៍​ព្យាយាម​ បង្ហាញ​ទៅ​កាន់​អ្នក​ទាំង​នេះ​ថា ពួក​គេ​ត្រូវ​បាន​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៩៤​ មក ​រហូត​ដល់​ពេល​នេះ គឺ​ដើម្បី​តែ​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ដូច្នេះ ពួកគេ​ចាប់ផ្តើម​មើល​ឃើញ​ពន្លឺ ហើយ​ខ្ញុំ​សង្ឃឹម​ថា មិន​យូរ​មិន​ឆាប់​ ក្រុម​ប្រឆាំង​នឹង​កាន់​អំណាច​នៅ​ទី​នេះ​គឺ​ក្នុង​ក្រុង Bloemhof»។

តើ​វា​នឹង​កើត​មាន​ឡើង​ដែរ​ឬ​ទេ ឬ​តំបន់​ជន​បទ​នេះ​នឹង​បន្ត​គាំទ្រ​គណបក្ស​កាន់​អំណាច? ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​នេះ​នឹង​ដឹង​ចម្លើយ​នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា​ខាង​មុខ​នេះ៕

​ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG