ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​បន្ត​ចរចា​ជាមួយ​អនុប្រធានាធិបតី ខណៈ​មាន​ពាក្យ​ចចាមអារាម​ថា​លោក​ប្រហែល​លាលែង​ចេញ​ពី​តំណែង


លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma ថ្លែង​ទៅ​កាន់​សភា​នៅ​ក្នុង​ក្រុង Cape Town កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma ថ្លែង​ទៅ​កាន់​សភា​នៅ​ក្នុង​ក្រុង Cape Town កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតិ​អាហ្វ្រិក​ខាងត្បូង Jacob Zuma បន្ត​ការចរចា​នៅ​ថ្ងៃទី២កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ ជាមួយ​នឹង​អនុប្រធានាធិបតី​របស់​លោក​ គឺលោក Cyril Ramaphosa នៅ​ខណៈ​មាន​ពាក្យ​ចចាមអារាម​ថា​លោក Zuma នឹង​លាលែង​ពី​តំណែង។

លោក Ramaphosa ដែល​បាន​ឡើង​ធ្វើ​ជា​មេដឹកនាំ​ក្នុង​គណបក្ស​សមាជជាតិ​អាហ្វ្រិក​ហៅ​កាត់​ថា ANC ដែល​ជា​គណបក្ស​កាន់អំណាច​ជំនួស​លោក Zuma កាល​ពី​ខែធ្នូ​ បាន​ថ្លែង​ថា​ មេដឹកនាំ​ទាំងពីរ​សង្ឃឹមថា​នឹង​បញ្ចប់​ការចរចា​របស់​ខ្លួន​ និង​ចេញ​ជា​សេចក្តី​ថ្លែងការណ៍​នៅទូទាំង​ប្រទេស​នៅ​ប៉ុន្មានថ្ងៃ​ខាងមុខ​នេះ។

លោក Ramaphosa បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «នេះ​ជា​ពេលវេលា​ដ៏​លំបាក​មួយ​នៅក្នុង​ប្រទេស។ ទាំង​ខ្ញុំ​និង​លោក​ប្រធានាធិបតី Zuma បាន​ដឹងថា​ពលរដ្ឋ​របស់​យើង​ចង់​បាន

ដំណោះស្រាយ​សមរម្យ​មួយ។ យើង​កំពុង​ចរចា​ផ្តល់​ជា​ដំណោះស្រាយ​ ដ៏​ល្អ​បំផុត​មួយ​ ដោយ​គ្មាន​ជម្លោះ​ និង​ការ​បែកបាក់​គ្នា»។

លោក​ប្រធានាធិបតី Zuma មាន​វ័យ៧៥ឆ្នាំ​រូប​នេះ​ បាន​ព្យាយាម​មិនព្រម​ធ្វើ​តាមសំណើ​របស់​ក្រុម​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ឲ្យ​លោក​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​ ដែល​ក្នុង​រយៈពេល៩ឆ្នាំ​មក​នេះ​ មាន​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច និង​មាន​ការ​ចោទប្រកាន់​លោក​ជាច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ ការចរចា​នេះ​បាន​ចាប់ផ្តើម​បន្ទាប់​ពី​គណបក្ស ANCពន្យារពេល​ការ​ប្រជុំ​បន្ទាន់​ របស់​គណៈកម្មាធិការ​ប្រតិបត្តិជាតិ​ ពីថ្ងៃពុធ​ទៅថ្ងៃទី១៧​ខែកុម្ភៈ​ជំនួស​វិញ។ គណៈកម្មាធិការ​នេះ​មាន​សិទ្ធិ​បញ្ជា​ឲ្យ​លោក Zuma លាលែង​ចេញ​ពី​តំណែង​បាន។ ការពន្យារពេល​នេះ​ក៏បង្កើន​ពាក្យ​ចចាមអារាម​ថា​លោក Zuma នឹង​លាលែង​ចេញពី​តំណែង​ឆាប់ៗ​នេះ៕

XS
SM
MD
LG