ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ចប់​ការ​ដេញ​ថ្លៃ​កុយ​រមាស​ដំបូង​បង្អស់​តាម​អ៊ីនធឺណិត


រូបភាព​ឯកសារ៖ កុយរមាស​ត្រូវ​បាន​គេ​កាត់​ថ្លឹង​លក់​នៅ​ក្នុង​ហាងនៅឯ​កសិដ្ឋាន​របស់​លោក John Hume ខេត្ត​ Klerksdorp ភាគ​ពាយព្យ​នៃ​អាហ្រ្វិក​ខាងត្បូងកាលពី​ថ្ងៃទី​០៣ ខែ​កុម្ភៈ ២០១៦។

ការ​ដេញថ្លៃ​កុយ​រមាស​តាម​អ៊ីនធឺណិត​ដំបូង​បង្អស់​នៅ​អាហ្វ្រិក​ខាងត្បូង​ បាន​បញ្ចប់​កាល​ពី​ថ្ងៃសុក្រ​ទី​២៥​សីហា ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដេញ​ថ្លៃ​រាប់​ពាន់​នាក់ ។ ការដេញថ្លៃ​នេះ​គឺ​ជាផលិត​ផល​នៃ​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​ជាង​មួយ​ឆ្នាំ ​​​បន្ទាប់ពី​អ្នក​បង្កាត់​ពូជ​សត្វ​រមាស​ឯកជន​ធំ​បំផុត​ក្នុង​ប្រទេស​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​លក់​កុយ​រមាស​របស់​ខ្លួន។ ប៉ុន្តែ​ការ​​ជជែក​ដេញដោល​មតិ​ជា​សាធារណៈ​អំពី​បញ្ហា​នេះ​នៅ​តែ​មាន។

ការ​ដេញ​ថ្លៃ​កុយ​រមាស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​រយៈពេល​បី​ថ្ងៃ គឺ​ជា​ការ​ដេញ​ថ្លៃ​ដំបូង​បំផុត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ចាប់តាំង​ពី​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​បាន​ហាមឃាត់​ការ​ជួញដូរ​កុយ​រមាស​នៅ​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ ២០០៩ មក។

កុយ​រមាស​រាប់​រយ​ដែល​មាន​ទម្ងន់ ៥ រយ​គីឡូក្រាម​ត្រូវ​បាន​គេ​ដាក់​លក់។ អ្នក​បង្កាត់​ពូជ​សត្វ​រមាស​នេះ​បាន​ប្រាប់ VOA ថា សត្វ​រមាស​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​សន្លប់​មុន​នឹង​កាត់​យក​កុយ​របស់​វា។ អ្នក​ដែល​ដេញ​ថ្លៃ​កុយ​រមាស​នេះ តម្រូវ​ឲ្យ​តម្កល់​ទឹក​ប្រាក់​ចំនួន ៧ ពាន់​ដុល្លារ​អាមេរិក ដើម្បី​អាច​ចូល​រួម​ក្នុង​ការ​ដេញ​ថ្លៃ​នេះ​បាន។

ក្រុម​សកម្មជន​បរិស្ថាន​មាន​ប្រតិកម្ម​ទាំង​ខឹង​សម្បា​ចំពោះ​ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​កុយ​រមាស​នេះ។ លោក Joe Shaw គឺ​ជា​អ្នកគ្រប់គ្រង​កម្មវិធី​សត្វ​រមាស​នៅ​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​ដែល​ហៅ​កាត់​ថា WWF។

លោក​បាន​និយាយ​ថា៖ «តាង​នាម​ឲ្យ​អង្គការ WWF យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ដេញ​ថ្លៃ​កុយ​រមាស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​នៅតែ​បន្ត​ធ្វើ ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​ក៏​ដោយ។ យើង​ស្នើ​ឲ្យ​មាន​ការ​ហាមឃាត់​ជា​បណ្ដោះ​អាសន្ន​ឡើង​វិញ​ចំពោះ​ការ​ជួញ​ដូរ​កុយ​រមាស​នៅ​ក្នុង​ប្រទេស យ៉ាង​ហោច​ណាស់​រហូត​ទាល់តែ​មាន​វិធានការ​ត្រួត​ពិនិត្យ​ចាំបាច់​នានា ដែល​កំណត់​ដោយ​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង»។

ប៉ុន្តែ​សម្រាប់​លោក John Hume ដែល​ជា​អ្នក​បង្កាត់​ពូជ​សត្វ​រមាស​យក​កុយ​លក់ បាន​អះអាង​ថា ការ​ហាម​ឃាត់​ការ​ជួញដូរ​ក្នុង​ប្រទេស​ទាំង​ស្រុង មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ។

សត្វ​រមាស​ដែល​នៅ​សេស​សល់​ក្នុង​ពិភពលោក​ចំនួន ៨០ ភាគរយ រស់នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ប៉ុន្តែ​បើ​យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល ប្រទេស​នេះ​បាត់បង់​សត្វ​រមាស​របស់​ខ្លួន​ដោយសារ​អ្នក​បរបាញ់​ខុស​ច្បាប់​ស្រេកឃ្លាន​ក្នុង​ការ​ជួញ​ដូរ​កុយ​រមាស​ទៅ​កាន់​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​នៅ​ទី​នោះ កុយ​រមាស​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​ព្យាបាល​ជំងឺ​ច្រើន​ប្រភេទ ទោះ​បី​ជា​មិន​មាន​ការ​រក​ឃើញ​បែប​វិទ្យាសាស្ត្រ​ក៏​ដោយ។

លោក John Hume និយាយ​ថា ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​កុយ​រមាស​ទាំង ២៦៤ នៅ​ក្នុង​ការ​ដេញ​ថ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នឹង​អាច​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ចំនួន ១ សែន ៧ ម៉ឺន​ដុល្លារ​អាមេរិក ដែល​លោក​បាន​ចំណាយ​ជា​រៀងរាល់​ខែ​ដើម្បី​ការពារ​សត្វ​រមាស​ទាំង​អស់​ដែល​លោក​ចិញ្ចឹម។

លោក​បាន​បញ្ជាក់​ថា៖ «បើ​សិន​ជា​ខ្ញុំ​មិន​លក់​កុយ​រមាស​ទេ សត្វ​រមាស​ចំនួន ១ ពាន់ ៥៣៥ ក្បាល​របស់​ខ្ញុំ​នឹង​ងាប់​អស់​ក្នុង​រយៈពេល ១០ ឆ្នាំ ខាង​មុខ​នេះ»។

លោក John Hume ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​បម្រាម​ជួញដូរ​កុយ​រមាស​ក្នុង​ប្រទេស​នៅ​ក្នុង​តុលាការ​កាល​ពី​ឆ្នាំ ២០១៥។ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ សភា​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ បន្ទាប់ពី​តុលាការ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួញដូរ​កុយ​រមាស​ក្នុង​កម្រិត​មួយ។ លោក John Hume បាន​ទៅ​តុលាការ​ម្ដង​ទៀត​កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​នេះ ដើម្បី​តតាំង​ឲ្យ​ក្រសួង​កិច្ចការ​បរិស្ថាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​លោក​អាច​ដាក់​ដេញ​ថ្លៃ​កុយ​រមាស​របស់​លោក​បាន។

អតិថិជន​ដែល​ចូលរួម​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ត្រូវ​តែ​យល់ស្រប​ថា កុយ​រមាស​ទាំង​នោះ​នឹង​នៅតែ​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដដែល បន្ទាប់​ពី​ពួកគេ​បាន​ទិញ​ហើយ។

ប៉ុន្តែ លោក Joe Shaw នៃ​អង្គការ WWF និង​សកម្មជន​ការពារ​សិទ្ធិ​សត្វ​នានា បាន​អះអាង​ថា រដ្ឋាភិបាល​មិន​អាច​ធានា​ថា ស្នែង​រមាស​ដែល​បាន​លក់​ហើយ​នោះ​នឹង​មិន​ទៅដល់​ប្រទេស​ចិន ឬ​ក៏​វៀតណាម​នោះ​ទេ ដែល​នៅ​ទី​នោះ កុយ​រមាស​មួយ​គីឡូក្រាម​អាច​មាន​តម្លៃ​រហូត​ដល់ ៦ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ទីផ្សារ​ងងឹត។

លោក Joe Shaw បាន​និយាយ​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សមត្ថភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​នេះ បន្ថែម​ពី​លើ​ការ​ប្រឈម​ផ្សេងៗ​ទៀត​ទាក់ទិន​ទៅ​នឹង​ការ​បរបាញ់​និង​ការ​ជួញ​ដូរ​កុយ​រមាស​ខុស​ច្បាប់ ក៏​ដូចជា​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​ចំនួន​សត្វ​រមាស​របស់​យើង បើ​សិន​ជា​ការ​ជួញដូរ​កុយ​រមាស​ធ្វើ​ឡើង​តាម​បណ្ដាញ​ទាំងនេះ»។

ការ​ជួញ​ដូរ​កុយ​រមាស​ឆ្លង​ប្រទេស ត្រូវ​បាន​ហាមឃាត់​តាំង​ពី​ឆ្នាំ ១៩៧៧ មក​ម្ល៉េះ៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG