ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​នៅ​អ៊ីរ៉ាក់​ថា​ មាន​ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​សំដៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្បែរ​ដង​ទន្លេ Tigris ក្នុង​រដ្ឋធានី​បាកដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់។
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្បែរ​ដង​ទន្លេ Tigris ក្នុង​រដ្ឋធានី​បាកដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់។

ប្រភព​ព័ត៌មាន​សន្តិសុខ​អ៊ីរ៉ាក់​ថា​ គ្រាប់​រ៉ុក្កែត​ជាច្រើន​ ត្រូវ​បាន​បាញ់​សំដៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​ជា​ការវាយ​ប្រហារ​ចុងក្រោយ​ជា​បន្ត​បន្ទាប់​លើ​ទី​កន្លែង​យោធា​ និង​ទីកន្លែង​ការទូត​អាមេរិក​ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។​

គ្រាប់​រ៉ុក្កែត​ទាំង​នោះ​ មិន​បាន​ធ្លាក់​ចំ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ទេ ​ គឺ​ធ្លាក់​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​បៃតង ​ដែល​មាន​ការ​ការពារ​ដ៏​រឹងមាំ​នៅ​ក្នុង​រដ្ឋធានី​បាកដាដ។​

ក្រុម​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រ៉ុក្កែត​១៤​គ្រាប់ ត្រូវ​បាន​បាញ់​លើ​ទីតាំង​បុគ្គលិក​យោធា​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​ខេត្ត ​Anbar ​នៅ​ភាគ​ខាង​លិច។

វរសេនីយ៍​ឯក​សហ​រដ្ឋ​អាមេរិក​ លោក ​Wayne Marotto ​ អ្នក​នាំពាក្យ​ក្រុម​ចម្រុះ ​បាន​និយាយ​ថា​ គ្រាប់​រ៉ុក្កែត​បាន​ធ្លាក់​នៅ​មូលដ្ឋាន​ទ័ព​អាកាស ​Ain Al-Assad ​ ហើយ​ថា​ មនុស្ស​២​នាក់ ​បាន​រង​របួស​ស្រាលៗ។​

លោក ​Yehia Rasool ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​អ៊ីរ៉ាក់ ​បាន​ហៅ​ការ​បាញ់​គ្រាប់​រ៉ុក្កែតនេះ​ថា​ ជា​«ការ​វាយ​ប្រហារ​ភេរវកម្ម» ​ហើយ​បាន​និយាយ​ទៀត​ថា ​«សត្រូវ​របស់​អ៊ីរ៉ាក់​កំពុង​វាយ​ប្រហារ​សន្តិសុខ ​អធិប​តេយ្យភាព​ និង​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​អ៊ីរ៉ាក់»។​

សហ​រដ្ឋ​អាមេរិក​បន្ទោស​ការ​វាយ​ប្រហារ​នេះ ​លើ​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី៕​

អត្ថបទនេះ មានរួមបញ្ចូលព័ត៌មានពី AFP និង Reuters

អត្ថបទ​ទាក់ទង

XS
SM
MD
LG