ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អាមេរិក​ថា ​មាន​ការ​វាយប្រហារ​ដោយ​រ៉ុក្កែត​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​អ៊ីរ៉ាក់​ដែល​មាន​កងទ័ព​អាមេរិក


រូបឯកសារ៖ រូបថត​​ពី​លើ​អាកាស​​កាល​ពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​នេះ ត្រូវ​បាន​ថត​ពី​លើ​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​ ដែល​បង្ហាញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Ain al-Asad នៅ​អ៊ីរ៉ាក់។
រូបឯកសារ៖ រូបថត​​ពី​លើ​អាកាស​​កាល​ពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​នេះ ត្រូវ​បាន​ថត​ពី​លើ​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​ ដែល​បង្ហាញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Ain al-Asad នៅ​អ៊ីរ៉ាក់។

យ៉ាង​ហោច​ណាស់​រ៉ុក្កែត​ចំនួន​ ១០​ គ្រាប់​ត្រូវ​បាន​បាញ់​សំដៅ​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃពុធ ដែល​មាន​កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ទីនោះ​។ នេះ​បើ​យោង​តាមការ​បញ្ជាក់​របស់​យោធា​អ៊ីរ៉ាក់​និង​ក្រុម​កងទ័ព​ចម្រុះ។​ គេ​នៅ​មិនទាន់​ដឹង​ទេ​ថាតើ​មាន​អ្នក​ស្លាប់ ​ឬ​អ្នក​រង​របួស​ឬ​ក៏​អត់​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​ក្រុម​កងទ័ព​ចម្រុះ​លោក​វរសេនីយ៍ឯក ​Wayne Marotto​ បាន​និយាយ​ថា​ គ្រាប់​រ៉ុក្កែត​ទាំង​នោះ​ត្រូវ​បាន​បាញ់​ចំមូលដ្ឋាន​ទ័ព​អាកាស​ Ain al-Asad ​ក្នុង​ខេត្ត​ Anbar ​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក។​ នៅ​មិន​ទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួល​ខុស​ត្រូវចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ។​

យោធា​អ៊ីរ៉ាក់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ការ​វាយ​ប្រហារ​នេះ​មិន​បាន​បង្ក​ឱ្យ​មាន​ការ​ខាតបង់​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​ ហើយ​ថា កងកម្លាំង​សន្តិសុខ​បាន​រក​ឃើញ​ជើង​ទម្រ​សម្រាប់​បាញ់​រ៉ុក្កែត​ទាំង​នោះ។​

នេះ​គឺ​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​ចាប់តាំង​ពី​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​គោលដៅ​របស់​កងជីវពល ​ដែល​ជា​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីរ៉ាក់-ស៊ីរី​កាលពី​សប្តាហ៍​មុន​មក ​ដែល​បាន​សម្លាប់​កងជីវពល​ម្នាក់​ និង​បង្ក​ការ​ភ័យខ្លាច​ទៅ​លើ​លទ្ធភាព​នៃ​ការ​សងសឹក​ទៅវិញ​ទៅមក។ ការ​ភ័យ​ខ្លាច​ចំពោះ​ការ​សងសឹក​គ្នា​ទៅវិញ​ទៅ​មក​នេះ​កើន​ឡើង​ខ្លាំងកាល​ពី​ឆ្នាំ​មុន ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ឧត្ដមសេនីយ៍​អ៊ីរ៉ង់​លោក ​Qassim Soleimani​ នៅ​ខាងក្រៅអាកាសយានដ្ឋាន​ក្នុង​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់។​

ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ពុធ​តម្រង់​គោលដៅ​ទៅ​លើ​មូលដ្ឋាន​ដដែល​ដែល​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​កាលពី​ខែ​មករា​ឆ្នាំមុន​ក្នុង​ការ​សងសឹក​ចំពោះ​ការ​សម្លាប់​លោក​ Soleimani។ កងកម្លាំង​យោធា​សហរដ្ឋ​អាមេរិក​រាប់​សិប​នាក់​បាន​រង​របួស​និង​រង​ការ​ប៉ះទង្គិច​ជា​ខ្លាំង​ក្នុង​ការ​វាយប្រហារ​កាល​ពី​លើក​មុន​នោះ៕

XS
SM
MD
LG