ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken៖ ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ប្រមាណ​១ម៉ឺននាក់ កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ស៊ីរី


រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​​នៅឯ​ពិធី​បើក​កិច្ច​ប្រជុំ​​នៅក្នុង​ទី​ក្រុង​រ៉ូម ​ប្រទេស​អ៊ីតាលី​ នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយកាលពី​ថ្ងៃ​ចន្ទ​ ទី២៨ ខែមិថុនា ឆ្នាំ២០២១​ថា​ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចំនួន​១ម៉ឺននាក់ កំពុង​បន្ត​ស្ថិត​ក្នុងជំរុំ​ឃុំ​ឃាំង​ដែល​គ្រប់គ្រង​ដោយកង​កម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ដែល​ដឹកនាំ​ដោយ​ក្រុម​ឃឺដ (Kurds) ហើយ​ថា ​ស្ថានភាព​នេះ «មិន​អាច​រក្សាបន្ត​ទៅ​ទៀត​បាន​ឡើយ»។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ថ្លែងនៅឯ​ពិធី​បើក​កិច្ច​ប្រជុំ​ក្នុង​ទី​ក្រុង​រ៉ូម ​ប្រទេស​អ៊ីតាលី​ដើម្បីបន្ត​កិច្ច​ប្រឹង​ប្រែងអន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​សកម្មជន​រដ្ឋអ៊ីស្លាម លោក Blinken បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បន្ត​ជំរុញ​ដល់​ប្រទេស​នានា​ដែល​រួម​មាន​ប្រទេសជា​សមាជិក​ចំនួន​៧៨​នៃ​ក្រុម​សម្ព័ន្ធភាព​ចម្រុះ​ប្រឆាំង​ក្រុមរដ្ឋអ៊ីស្លាម​ ឲ្យ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួនដែល​បាន​ចូល​រួម​ប្រយុទ្ធ​ជា​មួយក្រុម​នេះ។

លោក Blinken បាន​ថ្លែង​ថា «ស្ថានភាព​នេះ​ មិន​អាច​រក្សា​បន្ត​ទៅ​ទៀត​បាន​ទេ។ វា​មិន​អាច​កើត​មាន​ឡើង​ជា​រៀងរហូត​នោះ​ទេ។ សហរដ្ឋ​អាមេរិក ​បន្ត​ជម្រុញដល់​ប្រទេស​នានា​ដែល​រួមមានក្រុម​សម្ព័ន្ធ​ចម្រុះ​នៃ​ដៃគូ​ផង​នោះ ឲ្យ​ទទួល​យកក្រុម​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន ស្តារ​នីតិសម្បទា​ពួក​គេ​ ហើយ​ក្នុង​ករណី​ដែលអាច​អនុវត្តបាន ត្រូវ​កាត់ទោស​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ចូល​រួម​ប្រយុទ្ធ​ជា​មួយ​ក្រុម​រដ្ឋ​អ៊ីស្លាម»។

លោក​បន្ត​ថា ចំណុច​សំខាន់​មួយ​ទៀត​ ក្នុង​ការ​យក​ឈ្នះ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​រយៈ​ពេល​រហូត​នោះ​ គឺ​តម្រូវឲ្យ​មាន​ការដោះស្រាយ​ការ​គំរាម​កំហែង​ពី​ក្រុម​នេះ នៅក្រៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ជា​ពិសេស ​គឺ​នៅ​តំបន់​ទ្វីបអាហ្វ្រិក។

ដោយ​មាន​ឫសគល់​ពី​ក្រុម​អាល់កៃដា (al Qaeda) ក្រុម​រដ្ឋអ៊ីស្លាម​ បាន​ដណ្តើមកាន់​កាប់​ផ្នែក​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និងស៊ីរី ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ​ដោយ​បាន​អនុវត្ត​នូវ​ការ​គ្រប់​គ្រង​មួយ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ឃោរ​ឃៅ​ដោយ​មាន​ការសម្លាប់​កាត់​ក្បាល​ជា​សាធារណៈ និង​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្រៅ​ប្រទេសដោយ​ក្រុមគាំទ្រ​របស់​ខ្លួ​ន។ គេ​បាន​ប្រកាស​ថា ក្រុមរដ្ឋ​អ៊ីស្លាម​នេះ​ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំងយោធា​ក្នុង​ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​ បាន​ចេញ​ធ្វើ​សកម្មភាព​ឧទ្ទាមជា​ប្រចាំ​ក្នុង​ផ្នែក​ភាគ​ខាង​ជើងប្រទេស​អ៊ីរ៉ាក់​ និង​នៅតាមច្រក​របៀងព្រំដែន​ជា​មួយ​ប្រទេស​ស៊ីរី​ជា​ដើម។

ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ក្រុម​នេះ​ បាន​ធ្វើសកម្ម​ភាពវាយ​ប្រហារ​ដ៏​ប្រល័យជាង​២៥​លើក​ដែល​មន្ត្រី​អ៊ីរ៉ាក់​ថា ជា​ស្នាដៃ​របស់សកម្មជន​រដ្ឋ​អ៊ីស្លាម​នេះ។ កាល​ពី​ខែ​មករា​កន្លង​ទៅ​ ក្រុម​នេះ​ បាន​ដាក់​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទី​ផ្សារ​ដែល​មាន​មនុស្ស​កកកុញ​មួយ​កន្លែង​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដោយ​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​ប្រមាណ​ជាង​៣០​នាក់​នៅ​ពេល​នោះ៕

XS
SM
MD
LG