ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​គាំទ្រ «ពួក​ភេរវជន» ក្នុង​ប្រទេស​អ៊ីរ៉ាក់


រូបឯកសារ៖ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​អ្នក​យកព័ត៌មាន​ នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ ​

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ចោទ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ថា​បាន​គាំទ្រ​ក្រុម​ភេរវជន។

ការ​លើកឡើង​របស់​លោក Erdogan នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​តួកគី​បាន​ចោទ​ក្រុម​ឧទ្ទាម​នៃ​គណបក្ស​ពលករ​ឃឺដ (PKK) ថា​បាន​សម្លាប់​ជនជាតិ​តួកគី ១៣ នាក់ នៅ ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។

ជនជាតិ​តួកគី​ដែល​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ទាំង​នោះ ភាគ​ច្រើន​គឺជា​មន្ត្រី​យោធា​និង​ប៉ូលិស។ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​តួកគី ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​រូង​ក្រោម​ដី​មួយ​កន្លែង​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

គណបក្ស PKK បាន​ធ្វើ​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួកគី​តាំងពី​ឆ្នាំ ១៩៨៤ មក។ ការ​បះបោរ​នេះ​កន្លង​មក​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់​បាត់បង់​ជីវិត។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​នានា​របស់​ប្រទេស​តួកគី បាន​ទទួល​ស្គាល់​ថា គណបក្ស PKK គឺជា​ក្រុម​ភេរវកម្ម។

ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​គាំទ្រ​ក្រុម​សកម្ម​ប្រយុទ្ធ​ឃឺដ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ត្រូវ​បាន​តួកគី​មើល​ឃើញ​ថា​ជា​សាខា​នៃ​គណបក្ស PKK។

លោក Erdogan បាន​បញ្ជាក់​អំពី​ហេតុការណ៍​នៃ​ការ​សម្លាប់​ជនជាតិ​តួកគី​ទាំង ១៣ នាក់​នោះ​ថា៖ «ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​គឺជា​រឿង​កំប្លែង​លេង​សើច»។

លោក Erdogan បាន​បន្ថែម​ថា៖ «អ្នក​បាន​និយាយ​ថា អ្នក​មិន​បាន​គាំទ្រ​ពួក​ភេរវជន ប៉ុន្តែ​តាម​ការ​ពិត អ្នក​គាំទ្រ​ពួកគេ​ពី​ក្រោយ»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន «សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​ជនជាតិ​តួកគី [ទាំង ១៣ នាក់]»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​សេចក្ដី​រាយការណ៍​ដែល​ថា ការ​ស្លាប់​របស់​ជនជាតិ​តួកគី​ទាំង​នេះ​នៅ​ក្រោម​ដៃ​របស់​គណបក្ស PKK ដែល​ជា​ក្រុម​ភេរវកម្ម​នោះ ជា​ការ​ពិត សហរដ្ឋ​អាមេរិក​នឹង​ថ្កោលទោស​ខ្លាំងក្លា​លើ​ទង្វើ​នេះ»។

គណបក្ស PKK ថា ជនជាតិ​តួកគី​ទាំង ១៣ នាក់​នោះ​បាន​ស្លាប់ នៅ​ពេល​ដែល​កង​កម្លាំង​តួកគី​បាន​ផ្លោង​គ្រាប់​បែក​ដាក់​រូង​ក្រោម​ដី​ដែល​ជា​កន្លែង​ឃុំឃាំង​ជនជាតិ​តួកគី​ទាំង​នោះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG