ប្រធានបទអំពីប្រទេសអ៊ីរ៉ង់បានគ្របដណ្ដប់កិច្ចប្រជុំនៅការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក ឬ Oval Office កាលពីថ្ងៃចន្ទរវាងលោកប្រធានាធិបតី Joe Biden និងសមភាគីអ៊ីស្រាអែលរបស់លោក។
លោក Biden ប្រាប់លោក Reuven Rivlin ប្រធានាធិបតីអ៊ីស្រាអែលជិតចេញពីតំណែងថា៖ «អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរទេក្រោមការឃ្លាំមើលរបស់ខ្ញុំ»។
លោក Biden ថ្លែងដូច្នេះមួយថ្ងៃបន្ទាប់ពីលោកបានបញ្ជាការវាយប្រហារតាមអាកាសប្រឆាំងនឹងអ្វីដែលមន្រ្តីយោធាសហរដ្ឋអាមេរិកពិពណ៌នាថាជាកន្លែងប្រតិបត្តិការនិងឃ្លាំងផ្ទុកអាវុធរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ការវាយប្រហារនោះបានកើតឡើងចំពេលមានកិច្ចចរចាក្នុងប្រទេសអូទ្រីសរវាងប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាចចំនួន៦រួមមានសហរដ្ឋអាមេរិកផងដែរដើម្បីពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ក្នុងអំឡុងជំនួបជាមួយលោក Rivlin លោក Biden បានការពារបទបញ្ជារបស់លោកដែលឆ្លើយតបខាងយោធា។
លោកបាននិយាយថា៖ «ខ្ញុំដឹកនាំការវាយប្រហារតាមអាកាសកាលពីយប់មិញលើទីតាំងប្រើប្រាស់ដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ដែលទទួលខុសត្រូវការវាយប្រហារថ្មីៗនេះទៅលើបុគ្គលិកអាមេរិកនៅអ៊ីរ៉ាក់»។
លោកបន្ថែមថាលោកមានសិទ្ធិតាមមាត្រា២នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទទួលស្គាល់ដោយសមាជិកសភានៅវិមានសភា។
ទោះយ៉ាងណាសមាជិកសភាខ្លះនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោកBidenមិនសប្បាយចិត្តនឹងការបកស្រាយរដ្ឋធម្មនុញ្ញបែបទូលំទូលាយអំពីអំណាចធ្វើសង្គ្រាមហើយនឹងការអនុញ្ញាតនៅដើមសតវត្សរ៍ទី២១ឲ្យប្រធានាធិបតីប្រើកម្លាំងយោធានោះទេ។រដ្ឋបាលលោក Bidenបានធ្វើការវាយប្រហារតាមអាកាសស្រដៀងគ្នានេះកាលពីខែកុម្ភៈ។
សមាជិកគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាគឺលោក Chris Murphy បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃចន្ទថាការប្រយុទ្ធគ្នារវាងកងយោធាអាមេរិកនិងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់កំពុងចាប់ផ្តើមអ្វីដែលស្រដៀងទៅនឹង«សង្គ្រាមកម្រិតទាប»។
លោក Rivlin នឹងបញ្ចប់តំណែងរបស់លោកនៅខែក្រោយបន្ទាប់ពីធ្វើជាប្រធានាធិបតីអ៊ីស្រាអែល៧ឆ្នាំ។លោកនិយាយថាការប្រកាសរបស់លោក Biden អំពីការប្តេជ្ញាចិត្តគាំទ្រការការពារខ្លួនរបស់អ៊ីស្រាអែលនោះធ្វើឱ្យប្រជាជនអ៊ីស្រាអែលយល់ថា «យើងមានមិត្តដ៏អស្ចារ្យនៅឯសេតវិមាន»។
រដ្ឋាភិបាលទាំងពីរកំពុងកែសម្រួលទំនាក់ទំនងចំណាស់៧៣ឆ្នាំរវាងប្រទេសទាំងពីរបន្ទាប់ពីមានការផ្លាស់ប្តូរថ្មីៗនៃមេដឹកនាំនយោបាយរៀងៗខ្លួន។
លោក Biden បាននិយាយថាលោកទន្ទឹងរង់ចាំទទួលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្មីគឺលោក Naftali Bennett នៅសេតវិមានក្នុងពេលឆាប់ៗនេះ។ឆ្លើយតបនឹងសំណួររបស់ VOA ពេលណាលោកនឹងទៅប្រទេសអ៊ីស្រាអែល លោកឆ្លើយថា«ខ្ញុំមិនមានកាលបរិច្ឆេទទេប៉ុន្តែខ្ញុំនឹងទៅ»៕