រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយសម្ដេចប៉ាប Francis និងមន្ត្រីផ្សេងៗទៀតនៅបុរីវ៉ាទីកង់ដើម្បីពិភាក្សាអំពីបញ្ហាអាកាសធាតុសិទ្ធិមនុស្ស ការជួញដូរមនុស្សនិងបញ្ហាផ្សេងៗជាច្រើនទៀត។
ដំណើរទស្សនកិច្ចនេះកើតឡើងមុនជំនួបនៅខែតុលារវាងសម្ដេចប៉ាបនិងលោកប្រធានាធិបតីJoe Bidenដែលជាអ្នកកាន់សាសនាកាតូលិកទីពីរដែលបានដឹកនាំសហរដ្ឋអាមេរិក។
នៅថ្ងៃចន្ទដែរ លោក Blinken និងរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Daio សហប្រធាននៃកិច្ចប្រជុំស្ដីពីសម្ព័ន្ធសកលដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាម (ISIS) ដែលមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថារដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាអំពីការរក្សាសម្ពាធលើក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីខណៈធ្វើការដើម្បីប្រឆាំងនឹងសាខាផ្សេងទៀតរបស់ក្រុមនេះនៅលើពិភពលោក។
លោក Partrick Worman នាយកស្ដីទីនៃការិយាល័យតំណាងពិសេសសហរដ្ឋអាមេរិកដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាមបានប្រាប់អ្នកសារព័ត៌មានថាការផ្ដោតពិសេសមួយនៃកិច្ចប្រជុំនេះគឺ«បញ្ហាដែលពួករដ្ឋឥស្លាមបង្កឡើងក្នុងទ្វីបអាហ្រ្វិក»ជាពិសេសនៅអាហ្វ្រិកខាងលិចនិងតំបន់ Sahel។
សហរដ្ឋអាមេរិកបានចាប់ផ្ដើមកិច្ចប្រឹងប្រែងចម្រុះមានគោលដៅកម្ចាត់ក្រុមភេរវកម្មរដ្ឋឥស្លាមនៅក្នុងឆ្នាំ២០១៤បន្ទាប់ពីក្រុមនេះបានដណ្ដើមកាន់កាប់មួយផ្នែកធំនៃភាគខាងជើងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយកាលពីឆ្នាំ២០១៩ បានប្រកាសថា ក្រុមភេរវកម្មនេះត្រូវបានបណ្ដេញចេញពីតំបន់ដែលពួកនេះកាន់កាប់ចុងក្រោយ។
លោក Worman បានប្រាប់អ្នកសារព័ត៌មានថា៖ «ក្រុមរដ្ឋឥស្លាមនៅតែជាសត្រូវដ៏គួរព្រួយបារម្ភ។ មានកិច្ចការជាច្រើនត្រូវធ្វើនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីកន្លែងដែលក្រុមរដ្ឋឥស្លាមបន្តវាយប្រហារនិងសាបព្រោះការភ័យខ្លាចដល់ប្រជាជនក្នុងស្រុក»។
លោក Worman បាននិយាយថាក្រុមសម្ព័ន្ធមិត្តកំពុងធ្វើការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីកម្ចាត់ទីតាំងនិងជម្រករបស់ក្រុមរដ្ឋឥស្លាមកាត់ផ្ដាច់ប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុ និងបណ្ដាញ។
លោក Blinken កំពុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបដែលថ្ងៃនៅអង្គារលោកនឹងទៅដល់ទីក្រុង Matera ប្រទេសអ៊ីតាលីសម្រាប់ជំនួបកំពូលរដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេសG20។របៀបវារ:សម្រាប់ការពិភាក្សានោះរួមមានការរាតត្បាតនៃជំងឺកូវីដ១៩វិបត្តិនៃការប្រែប្រួលអាកាសធាតុនិងការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយសមធម៌៕