ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Biden ស្វះស្វែង​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​គ្មាន​​ពួក​រដ្ឋ​ឥស្លាម


រូបឯកសារ៖ កងកម្លាំងយោធាអ៊ីរ៉ាក់កំពុងយាមល្បាតនៅទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ កងកម្លាំងយោធាអ៊ីរ៉ាក់កំពុងយាមល្បាតនៅទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃទី ១៦ ខែ​កុម្ភៈ រដ្ឋបាល​លោក Biden បាន​បង្ហាញ​អាទិភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ដោយ​និយាយ​ថា ​អាមេរិក​ចង់​ឱ្យ​មាន​ភាព​ដៃ​គូយុទ្ធសាស្ត្រជាមួយប្រទេសមួយ​នេះ ​ដែល​មានស្ថិរភាពនិង​កាន់លទ្ធិប្រជាធិបតេយ្យ​ ព្រមទាំង​បញ្ចៀស​កុំ​ឱ្យ​ពួក​ភេវជន​រដ្ឋ​ឥស្លាមកើតឡើង​វិញ​បាននៅទី​នោះ។

លោក Richard Mills ឯកអគ្គរដ្ឋទូតរងរបស់​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​និយាយប្រាប់​ការ​ប្រជុំ​តាម​វីដេអូ​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ប្រទេស​អ៊ីរ៉ាក់​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​នៅតែ​ជា​ដៃគូមិន​ងាករេ​និងគួរ​ឱ្យ​ទុកចិត្ត​បាន សម្រាប់ប្រទេស​អ៊ីរ៉ាក់​និង​ប្រជារាស្ត្រ​អ៊ីរ៉ាក់នៅ​ថ្ងៃ​នេះ​និង​នៅ​ពេល​អនាគត»។

លោក Mills បាន​ថ្លែង​ថែមទៀត​ថា៖ «សហរដ្ឋ​អាមេរិក​នឹងជួយ​ប្រទេស​អ៊ីរ៉ាក់​ការពារអធិបតេយ្យភាព​ខ្លួន នៅ​ចំពោះមុខពួកសត្រូវក្នុងប្រទេសនិង​ក្រៅ​ប្រទេស​ ដោយ​រារាំង​កុំឱ្យពួក​ ISIS មាន​ឡើងវិញ​និង​ធ្វើ​កិច្ចការឆ្ពោះ​ទៅ​កាន់ស្ថិរភាព​នៃ​ប្រទេស​អ៊ីរ៉ាក់​»។

លោក Mills បាន​ពោល​ថា រដ្ឋបាលថ្មី​នឹង​គាំទ្រ​កិច្ច​ប្រឹងប្រែងរបស់​អ៊ីរ៉ាក់ប្រឆាំងនឹង​អំពើ​ពុក​រលួយ​និងកិច្ចប្រឹងប្រែង​ធ្វើកំណែទម្រង់សេដ្ឋកិច្ច​ និង​បន្ត​ផ្តល់ជំនួយ​មនុស្សធម៌​ផង​ដែរ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​គាំទ្រផង​ដែរ​ដល់កិច្ចប្រឹងប្រែង​គ្រប់គ្រង​ពួក​ជីវពលនិង​សកម្មភាព​របស់​អ៊ីរ៉ង់ ក្នុងការ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ហើយណែនាំ​និងជួយ​កង​កម្លាំង​ប្រឆាំង​នឹង​ភេរវកម្មរបស់​រដ្ឋាភិបាល​អ៊ីរ៉ាក់។

លោក Mills បាននិយាយ​ថា​ ស្ថិរភាព​តម្រូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ទូទាំង​ប្រទេស ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បានដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ខែតុលា។

លោក Mills បាន​ថ្លែងថា៖ «ការ​បោះឆ្នោត​ដែល​គ្រោងធ្វើទាំង​នេះ​នឹងមាន​សារៈសំខាន់ក្នុង​ការ​បង្កើតរដ្ឋាភិបាលមួយ ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​និង​តំណាង​ឱ្យ​ភាគី​ផ្សេងៗ»។

សភាអ៊ីរ៉ាក់បាន​អនុម័តសេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បីផ្តល់ប្រាក់​ដល់ការ​បោះឆ្នោត ហើយ​ការ​ចុះ​ឈ្មោះ​បេក្ខជន​និង​អ្នក​បោះឆ្នោត​បានចាប់ផ្តើម​ហើយ។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​សភា​បញ្ចប់​ច្បាប់​ស្តី​ពីតុលាការកំពូលសហព័ន្ធ ពី​ព្រោះ​តុលាការនេះនឹង​ត្រូវ​បញ្ជាក់​លទ្ធផល​ឆ្នោត។

រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ស្នើ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា UNAMI ឱ្យ​ផ្តល់អ្នក​អង្កេតការណ៍សម្រាប់ការ​បោះឆ្នោត​របស់​ខ្លួន ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។ សំណើ​នេះនឹង​ត្រូវ​ពិភាក្សា​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ ហើយសមាជិក​ទាំង ​១៥ ​នៃ​ក្រុម​ប្រឹក្សា​នេះ​ជា​អ្នក​សម្រេច​ចំពោះសំណើ​នេះ។

លោក Mills បាន​និយាយ​ថា៖ «យើងគាំទ្រការ​អង្កេតការណ៍​អន្តរជាតិ​នៃ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា​ ការ​បោះឆ្នោត​នេះធ្វើ​ឡើង​ដោយ​សេរី​យុតិ្តធម៌​ និង​យក​ជា​ការ​បាន។ យើង​ទន្ទឹង​រង់​ចាំ​ធ្វើការ​ជាមួយអ៊ីរ៉ាក់ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ប្រទេសជាសមាជិកនិង​អង្គកា​សហប្រជាជាតិ​ ដើម្បី​ស្វែងរក​វិធី​សម្រាប់​អនុវត្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែងបែប​នេះ»។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់ប្រាក់​ ៩ លាន​ ៧​ សែន​ដុល្លារ​ ឱ្យបេសកកម្ម​អង្គការ​សហប្រជាជាតិ​សម្រាប់​រៀប​ចំ​ការបោះឆ្នោតក្នុងប្រទេស​អ៊ីរ៉ាក់។

លោក​ឯកអគ្គរដ្ឋទូតរង Mills បានមានប្រសាសន៍​ជា​ថ្មី​ទៀតអំពីការ​ថ្កោលទោស​របស់សហរដ្ឋ​អាមេរិក​លើ​ការ​វាយ​ប្រហារកាល​ពី​ថ្ងៃ​ចន្ទ ទី១៥ ខែ​កុម្ភៈ លើ​ក្រុង​ Irbil ក្នុងតំបន់​Kurdistan នា​ប៉ែក​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ដែល​បាន​បណ្តាល​ឱ្យជន​ស៊ីវិល​ជាប់​កុង​ត្រាយ៉ាង​តិច​ណាស់​ម្នាក់​ស្លាប់ ​និង​បានធ្វើឱ្យ​មនុស្ស​មួយ​ចំនួន​ទៀត​របួស។

លោក Mills បានកត់​សម្គាល់​ថា៖ «ឧបសគ្គ​មួយក្នុង​បណ្តា​ឧបសគ្គ​ធំៗ ​ដែល​រារាំងដល់​បរិយាកាសសមស្រប​សម្រាប់​ការបោះឆ្នោត​នេះ គឺ​វត្តមាន​ពួកជីវពលប្រដាប់​អាវុធ ពួកជ្រុលនិយម​ហិង្សា​និងពួក​អ្នក​អុកឡុក»។

លោក​បាន​អំពាវនាវដល់អាជ្ញាធរ​អ៊ីរ៉ាក់​ឱ្យ​រៀបចំ​កិច្ចការពារ​សន្តិសុខយ៉ាង​តឹង​រ៉ឹង​ សម្រាប់​ការបោះឆ្នោត៕​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG