ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប្រកាស​ភ្លាមៗ​ថា ការតវ៉ា​នៅ​អគារ​សហជីព​ប៉ូលិស​ក្នុង​ទីក្រុង Portland គឺ​ជា​កុបកម្ម


រូបឯកសារ៖ ក្រុមបាតុករ បាន​ប្រមូលផ្ដុំគ្នា​នៅ​ឧទ្យាន Floyd Light City នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ នៅ​ទីក្រុង Portland រដ្ឋ Oregon។

ចាប់​តាំង​ពី​លោក George Floyd បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​ប៉ូលិស​នៅ​ទីក្រុង Minneapolis ​រដ្ឋ Minnesota មក មាន​ការ​តវ៉ា​រាល់​យប់​នៅ​ក្នុង​ទីក្រុង​នេះ​អស់​រយៈពេល​ជាង ៧០ ថ្ងៃ​មក​ហើយ។

អាជ្ញាធរ​បាន​ប្រកាស​ជា​ថ្មី​ទៀត​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា ​ការ​តវ៉ា​នៅ​ទីក្រុង Portland រដ្ឋ ​Oregon សហរដ្ឋអាមេរិក គឺ​ជា​កុបកម្ម​មួយ​ នៅ​ពេល​ដែល​ក្រុម​បាតុករ​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​អគារ​សហជីព​មួយ​របស់​ប៉ូលិស រួច​បិទ​ផ្លូវ និង​បាន​ដុត​ធុង​សំរាម​មួយ​ចំនួន ខណៈ​ដែល​ប៉ូលិស​ព្យាយាម​បញ្ឈប់​ភាព​ចលាចល​ដែល​កើត​ឡើង​រាល់​យប់​ក្នុង​ទីក្រុង​នេះ។

ការ​តវ៉ា​នេះ​ ត្រូវ​បាន​បំបែក​ស្ទើរ​តែ​ភ្លាមៗ នៅ​ពេល​ដែល​បាតុករ​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​អគារ​សមាគម​ប៉ូលិស​ក្នុង​ទីក្រុង Portland។ អគារ​នេះ ​គឺ​ជា​អគារ​ដដែល​ ដែលក្រុម​បាតុករ​ត្រូវ​បាន​បំបែក បន្ទាប់​ពី​មាន​អគ្គីភ័យ​មួយ​កើតឡើង​នៅ​ខាង​ក្នុង​ការិយាល័យ​សហជីព​កាល​ពី​មួយ​យប់​មុន។

ក្រុម​បាតុករ​បាន​នាំ​គ្នា​ដើរ​ដង្ហែក្បួន​ទៅ​កាន់​អគារ​នេះ​ ពី​ឧទ្យាន​មួយ​ដែល​នៅ​ជិតខាង​នោះ។ ផ្លូវ​ទៅ​កាន់​អគារ​ប៉ូលិស​នោះ​ត្រូវ​បាន​បិទ​ដោយ​ដាក់​របង ហើយ​គេ​ឃើញ​ធុង​សំរាម​ឆេះ​នៅ​កណ្ដាល​ផ្លូវ​នោះ។

ប៉ូលិស​ បាន​ចាប់​ផ្ដើម​បង្ខំ​ឲ្យ​ហ្វូង​បាតុករដែល​មាន​គ្នា​រាប់​រយនាក់​ចេញ​ឆ្ងាយ​ពី​អគារ​ប៉ូលិស​នោះ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ហ្វូង​បាតុករ​ត្រូវ​បាន​អាជ្ញាធរ​បំបែក មាន​ការ​គប់​កាំជ្រួច​ដាក់​ប៉ូលិស ដែល​ធ្វើ​ឲ្យ​ប៉ូលិស​ ២ នាក់​រង​របួស។ ស្នងការ​ប៉ូលិស​បាន​បញ្ចេញ​រូប​ថត​ដែល​ប៉ូលិស​រងរបួស ដោយ​រួម​មាន​ទាំង​រូបថត​មួយ​ប៉ុស្តិ៍​ដែល​បង្ហាញ​ របាំង​មុខ​មួយ​ដែល​រលាយ​មួយ​ផ្នែក​ដោយសារ​ភ្លើង​កាំជ្រួច​នោះ។ ប៉ូលិស​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ព្យាបាល​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

បាតុករ​មួយ​ចំនួន​បាន​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​អគារ​សហជីព​នោះ​វិញ បន្ទាប់​ពី​ប៉ូលិស​បាន​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ឡើង​វិញ​រួច​ហើយ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ណា​មួយ​ភ្លាមៗ​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​លោក George Floyd បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​ប៉ូលិស​នៅ​ទីក្រុង Minneapolis ​រដ្ឋ Minnesota មក មាន​ការ​តវ៉ា​រាល់​យប់​នៅ​ក្នុង​ទីក្រុង​នេះ​អស់​រយៈពេល​ជាង ៧០ ថ្ងៃ​មក​ហើយ៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG