ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ចំនួន ១១ សុំ​ជំនួយ​ពី​ទាហាន​បម្រុង​ថ្នាក់​ជាតិ ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd


ឆ្មាំ​ជាតិ​ម្នាក់​ឈរ​នៅ​កន្លែង​ដែល​ការ​តវ៉ា​ប្រឆាំង​អំពី​ករណី​ស្លាប់​របស់​លោក George Floyd ​ទើប​តែ​ធ្វើ​ឡើង​រួច ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota កាល​ពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០។

អភិបាល​រដ្ឋ Minnesota និង​អភិបាល​រដ្ឋ ១១ ផ្សេង​ទៀត​បាន​កោះ​ហៅ​ជំនួយ​ពី​កង​ទ័ព​បម្រុង​ថ្នាក់​ជាតិ ខណៈពេល​ដែល​ពួកគេ​ប្រឈម​នឹង​ការ​តវ៉ា​ហិង្សា​មួយ​យប់​ទៀត ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ស្លាប់​របស់​លោក George Floyd អាយុ ៤៦ ឆ្នាំ ដែល​ជា​ជាតិ​សាសន៍​ស្បែក​ខ្មៅ ដោយ​បាន​ស្លាប់​ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។

៤ យប់​កន្លង​មក​ហើយ ការ​តវ៉ា​ដែល​ផ្ដើម​ឡើង​ដោយ​អហិង្សា​បាន​ប្រែក្លាយ​ជា​ការ​លួច​ប្លន់ ដុត​កម្ទេច និង​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង Minneapolis និង​ទីក្រុង St. Paul ដែល​នៅ​ក្បែរ​នោះ ក៏​ដូច​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

លោក Tim Walz អភិបាល​រដ្ឋ Minnesota បាន​និយាយ​ថា៖ «យើង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ» ហើយ​លោក​បាន​សន្យា​ថា​នឹង​ប្រើ «កម្លាំង​ទាំងអស់» ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើង​វិញ។

អភិបាល​រដ្ឋ​ចំនួន ១១ ផ្សេង​ទៀត​ដូចជា​រដ្ឋ Georgia រដ្ឋ Kentucky រដ្ឋ Ohio រដ្ឋ Wisconsin រដ្ឋ Colorado រដ្ឋ Utah រដ្ឋ Washington រដ្ឋ California រដ្ឋ Tennessee រដ្ឋ Missouri និង​រដ្ឋ Texas ក៏​បាន​កោះ​ហៅ​កងទ័ព​បម្រុង​ថ្នាក់​ជាតិ ដើម្បី​ជួយ​បង្ក្រាប​ការ​តវ៉ា​ដែល​នៅ​តាម​តំបន់​ជា​ច្រើន​បាន​ក្លាយ​ជា​អំពើ​ហិង្សា។

យើង​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press រាប់​ត្រឹម​ថ្ងៃ​សោរ៍​កន្លង​ទៅ​នេះ មាន​មនុស្ស​ជិត ១៤០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ ចំនួន​នៃ​ការ​ចាប់​ខ្លួន​នេះ​អាច​កើន​ឡើង​ខ្ពស់​ជាង​នេះ ដោយ​សារ​ការ​តវ៉ា​នៅ​តែ​បន្ត​ពេញ​មួយ​យប់។

អភិបាល​ក្រុង​មួយ​ចំនួន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បម្រាម​គោចរ​នៅ​ពេល​យប់ បន្ទាប់​ពី​អំពើ​ហិង្សា​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​របស់​ពួកគេ​ដូចជា​ទីក្រុង Los Angeles ទីក្រុង Seattle ទីក្រុង Atlanta ទីក្រុង Denver ទីក្រុង Philadelphia ទីក្រុង Portland នៃ​រដ្ឋ Oregon និង​ទីក្រុង Columbiaនៃ​រដ្ឋ South Carolina។

រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ​២០២០ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ​២០២០ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​អំពី​ភាព​វឹកវរ​នេះ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​នៅ​ឯ​មជ្ឈមណ្ឌល​អវកា Kennedy ដែល​ជា​កន្លែង​ដែល​លោក​មើល​ការ​បង្ហាះ​យានអវកាស​របស់​ក្រុមហ៊ុន SpaceX ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ។

លោក​បាន​និយាយ​ថា៖ «ការ​ស្លាប់​របស់​លោក George Floyd នៅ​ក្នុង​ទីក្រុង Minneapolis គឺ​ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ។ វា​មិន​គួរ​កើត​ឡើង​ទេ។ វា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស​តក់ស្លុត ខឹង​សម្បារ និង​ព្រួយ​បារម្ភ»។​

លោក Trump បន្ត​ថា៖ «ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​ក្នុង​នាម​ជា​មិត្ត និង​ជា​សម្ព័ន្ធមិត្ត​ជាមួយ​គ្រប់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ ដែល​ចង់​ស្វែង​រក​យុត្តិធម៌ និង​សន្តិភាព។ ហើយខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ដើម្បី​ប្រឆាំង​ដាច់​ខាត​នឹង​ជន​ណា​ដែល​កេង​ប្រវ័ញ្ច​ពី​សោកនាដកម្ម​នេះ ដើម្បី​លួច​ប្លន់ វាយ​ប្រហារ និង​គំរាម​កំហែង​។ ការ​ព្យាបាល​របួស​ផ្លូវ​ចិត្ត និង​យុត្តិធម៌ គឺ​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​មែន​ជា​ការ​ស្អប់​គុំកួន និង​ភាព​ចលាចល​នោះ​ទេ»។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ទីក្រុង Minneapolis មិន​អាច​អនុញ្ញាត​ឲ្យ​ភាព​វឹកវរ​នេះ​គ្រប់​គ្រង​ស្ថានការ​ដូច​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ទេ នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​បាន​បោះ​បង់​ចោល​ស្ថានីយ​ប៉ូលិស និង​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​ក្រុម​បាតុករ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង។ នៅ​ទី​បំផុត ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​អ្នក​តវ៉ា។

លោកប្រធាធិបតី​បាន​បន្ទោស​ថា ភាគ​ច្រើន​នៃ​អំពើ​ហិង្សា​នេះ​គឺ​បណ្ដាល​មក​ពី​ក្រុម «Antifa និង​ក្រុម​ឆ្វេង​និយម​ជ្រុល ​ផ្សេង​ទៀត» និង​បាន​ផ្ដល់​ជំនួយ​កងទ័ព​សហព័ន្ធ​ដល់​ទីក្រុង Minneapolis។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក លោក William Barr បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «កំហឹង​របស់​សហគមន៍​ជាតិ​យើង​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​លើ​លោក George Floyd នៅ​ក្នុង​ទីក្រុង Minneapolis គឺ​ពិត និង​ស្រប​ច្បាប់»។

លោក​បាន​ថ្លែង​ថា៖ «ត្រូវ​តែ​ផ្ដល់​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd ហើយ​យុត្តិធម៌​នេះ កំពុង​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ដំណើរការ​ធម្មតា​របស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​របស់​យើង ទាំង​ក្នុង​កម្រិត​ថ្នាក់​រដ្ឋ និង​កម្រិត​សហព័ន្ធ។ ប្រព័ន្ធ [យុត្តិធម៌] នេះ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន។ ការ​ចោទ​ប្រកាន់​ជំហាន​ដំបូង​ត្រូវ​បាន​ធ្វើ​រួច​រាល់​ហើយ។ ដំណើរ​ការ​កំពុង​បន្ត​ទៅ​មុខ​ទៀត។ យុត្តិធម៌​នឹង​ត្រូវ​បាន​ផ្ដល់​ជូន [ជន​រង​គ្រោះ] ជា​មិន​ខាន។

លើស​ពី​នេះ លោក Barr បាន​បន្ថែម​ថា៖ «យើង​ត្រូវ​តែ​មាន​ច្បាប់​ និង​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​សហគមន៍​របស់​យើង ហើយ​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​រដ្ឋ Minnesota និង​ថ្នាក់​ដឹកនាំ​មូលដ្ឋាន ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នេះ។ ក្រសួង​យុត្តិធម៌ (រួម​ទាំង​ទីភ្នាក់ងារ FBI ទីភ្នាក់ងារ Marshals ទីភ្នាក់ងារ ATF និង​ទីភ្នាក់ងារ DEA) និង​មេធាវី​ទាំង ៩៣ រូប​នៅ​ទូទាំង​ប្រទេស នឹង​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ទាំង​នេះ​ក្នុង​មូលដ្ឋាន និង​ចាត់​រាល់​វិធាន​ការ​ចាំ​បាច់​នានា​ដើម្បី​អនុវត្ត​ច្បាប់​សហព័ន្ធ»។

កងទ័ព​បម្រុង​ថ្នាក់​ជាតិ គឺ​ជា​កម្លាំង​ទ័ព​បម្រុង​ដែល​មាន​អង្គភាព​នៅ​គ្រប់​រដ្ឋ​ទាំង ៥០ ដែល​សមាជិក​ភាគ​ច្រើន​ធ្វើ​ការ​ក្រៅ​ម៉ោង។ អង្គភាព​នេះ​អាច​ត្រូវ​បាន​អភិបាល​រដ្ឋ​នានា​ប្រើ​នៅ​ក្នុង​គ្រា​អាសន្ន ដើម្បី​ជួយ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឬ​ក៏​ភាព​វឹកវរ​ស៊ីវិល​ជា​ដើម។

លោក Derek Chauvin អតីត​ប៉ូលិស​ដែល​ត្រូវ​គេ​ឃើញ​នៅ​ក្នុង​វីដេអូ​ឃ្លីប​ថា​បាន​យក​ជង្គង់​សង្កត់​ក​លោក Floyd ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​នាយកដ្ឋាន​ប៉ូលិស​ប្រចាំ​ទីក្រុង Minneapolisកាល​ពី​ថ្ងៃ​អង្គារ។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សុក្រ​ពី​បទ​ឃាតកម្ម​កម្រិត​ទី ៣ និង​មនុស្ស​ឃាត​កម្រិត​ទី ២។ ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ត្រូវ​បាន​កំណត់​ចំនួន ៥ សែន​ដុល្លារ​អាមេរិក។

ក្រុម​គ្រួសារ​របស់​លោក Floyd បាន​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ ដោយ​ទាមទារ​ឲ្យ​ដាក់​ទោស​ធ្ងន់ធ្ងរ។

អ្នកនាំ​ពាក្យ​របស់​គ្រួសារ​លោក Floyd បាន​និយាយ​ថា៖ «យើង​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី ១។ ហើយ​យើង​ចង់​ឃើញ​ប៉ូលិស​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ។ យើង​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​កែ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ពិរុទ្ធភាព​ពិត​ប្រាកដ​របស់​ប៉ូលិស​រូប​នេះ»។

លោក Derrick Johnson ដែល​ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​ពលរដ្ឋ NAACP បាន​ប្រាប់ VOA ថា ការ​ស្លាប់​របស់​លោក Floyd បង្ហាញ​ថា «នៅ​ក្នុង​ប្រទេស​នេះ យើង​មិន​ទាន់​បាន​ដោះ​ស្រាយ​បញ្ហា​ពូជសាសន៍ និង​តម្លៃ​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដែល​រស់នៅ​ក្នុង​ទីក្រុង Minneapolis នៅ​ឡើយ​ទេ»។

លោក​បាន​និយាយ​ថា បាតុកម្ម​ដោយ​សន្តិវិធី​គឺ «ជា​វិធី​ដែល​ពលរដ្ឋ​នៃប្រទេស​នេះ​បង្ហាញ​នូវ​ការ​ឈឺចាប់​នៃ​អំពើ​អយុត្តិធម៌»។ លោក​បាន​បន្ថែម​ថា អង្គការ NAACP «ប្រឆាំង​ដាច់ខាត​នឹង​ការ​ធ្វើ​កុប្បកម្ម ដែល​ជា​អំពើ​មិន​អាច​ដោះ​ស្រាយ​អ្វី​បាន​ទាំង​អស់»៕

ប្រែ​សម្រួល​ដោយលោក សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG