អភិបាលក្រុងសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិកចំនួន ១៥ នាក់ បានអំពាវនាវឲ្យរដ្ឋាភិបាលសហព័ន្ធដកកងកម្លាំងសហព័ន្ធចេញជាបន្ទាន់ និងបាន «ឯកភាពគ្នាមិនឲ្យមានការពង្រាយកងកម្លាំងសហព័ន្ធជាឯកតោភាគីតទៅទៀតនៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក»។
នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr និងរដ្ឋមន្ត្រីស្ដីទីក្រសួងសន្តិសុខមាតុភូមិលោក Chad Wolf ក្រុមអភិបាលក្រុងទាំងនេះបានបញ្ជាក់ថា ការសម្រេចដោយឯកតោភាគីរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងការបញ្ជូនកងកម្លាំងសហព័ន្ធទៅកាន់ទីក្រុងនានា «គឺជារឿងមិនធ្លាប់មានពីមុនមក និងជាការរំលោភលើការការពារដោយរដ្ឋធម្មនុញ្ញជាមូលដ្ឋាន»។
អ្នកចុះហត្ថលេខានៅក្នុងលខិតនោះមានដូចជា អភិបាលរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រី Muriel Bowser អភិបាលក្រុង Los Angeles លោក Eric Garcetti អភិបាលក្រុង Atlanta អ្នកស្រី Keisha Lance Bottoms អភិបាលក្រុង Chicago អ្នកស្រី Lori Lightfoot និងអភិបាលក្រុង Portland លោក Ted Wheeler ជាដើម។
ទីក្រុង Portland រដ្ឋ Oregon គឺជាចំណុចស្នូលនៃរឿងនេះ តាំងពីពេលដែលកងកម្លាំងសហព័ន្ធត្រូវបានដាក់ពង្រាយនៅទីនោះកាលពីដើមខែកក្កដាមក។ តាំងពីពេលនោះមក អ្វីដែលធ្លាប់ជាការតវ៉ាទ្រង់ទ្រាយតូចជាបន្តប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស និងភាពអយុត្តិធម៌ផ្នែកជាតិសាសន៍ បានរីកកាន់តែតានតឹងឡើង ដោយមានការប្រឈមមុខដាក់គ្នារវាងអ្នកតវ៉ា និងកងកម្លាំងសហព័ន្ធ និងការចោទប្រកាន់ថា កងកម្លាំងសហព័ន្ធបានចាប់មនុស្សយកទៅដោយគ្មានមូលហេតុ ដោយប្រើរថយន្តដែលគ្មានសញ្ញាសំគាល់ច្បាស់លាស់៕