ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​ភាព​អយុត្តិធម៌​ជាតិសាសន៍​នៅ​សហរដ្ឋអាមេរិក​កាន់តែ​ខ្លាំងក្លា​ឡើង


បាតុករ​ដែល​មាន​កូនៗ​ក្នុង​បន្ទុក​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិសមភាព​ជាតិសាសន៍​ ​ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ​២០២០។

បាតុករ​បាន​នាំ​គ្នា​តវ៉ា​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​តាម​បណ្ដា​ទីក្រុង​ក្នុង​សហរដ្ឋអាមេរិក​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​លើ​ភាព​អយុត្តិធម៌​ជាតិសាសន៍។ ​

បាតុកម្ម​នៅ​ក្នុង​ទីក្រុង Portland រដ្ឋ Oregon បន្ត​ធ្វើ​ឡើង​អស់រយៈ​ពេល​ពីរ​ខែ​មក​ហើយ ចាប់​តាំង​ពី​ការ​ស្លាប់​របស់​លោក George Floyd កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា​មក។ លោក Floyd គឺ​ជា​បុរស​ស្បែក​ខ្មៅ ដែល​បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​ប៉ូលិស ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជូន​កងកម្លាំង​ប៉ូលិស​សហព័ន្ធ​ទៅ​កាន់​ទីក្រុង Portland ដើម្បី​បង្ក្រាប​បាតុករ ដែល​ធ្វើ​ឲ្យ​បាតុកម្ម​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង។ បាតុករ​ឥឡូវ​នេះ​កំពុង​តែ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​កងកម្លាំង​ប៉ូលិស​សហព័ន្ធ​នៅក្នុង​ទីក្រុង​នេះ។

នៅ​ក្នុង​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន ប៉ូលិស​ប្រើ​គ្រាប់បែក​ផ្សែង​និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករ និង​បាន​ចាប់​ខ្លួន​បាតុករ​ចំនួន ៤៥ នាក់ កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​នេះ​ក្លាយ​ទៅ​ជា​ហិង្សា។ ប៉ូលិស​បាន​និយាយ​ថា ប៉ូលិស​ជាង ២០ នាក់​បាន​រងរបួស។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​នេះ​ដែរ នៅ​ក្នុង​ទីក្រុង Austin រដ្ឋ Texas បុរស​ម្នាក់​បាន​ស្លាប់ នៅ​ពេល​ដែល​មាន​ជន​ម្នាក់​បាន​បាញ់​ទៅ​លើ​ក្រុម​បាតុករ​ដែល​តវ៉ា​ក្នុង​បាតុកម្ម «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ»។

គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​ប្រហែល​ជា​បាន​ដើរ​ទៅ​ជិត​រថយន្ត​មួយ​គ្រឿង​ដោយ​មាន​កាំភ្លើង​ក្នុង​ដៃ មុន​ពេល​ដែល​លោក​ត្រូវ​បាន​គេ​បាញ់។

អភិបាល​ក្រុង Austin លោក Steve Adler បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ ពេល​កំពុង​តវ៉ា។ វា​គឺ​ជា​រឿង​ដ៏​រន្ធត់​មួយ»។ លោក​ថ្លែង​ថា លោក«មាន​ការ​តក់ស្លុត និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង»។

នៅ​ទីក្រុង Louisville រដ្ឋ Kentucky បាតុករ​ប្រដាប់​ដោយ​អាវុធ​មួយ​ក្រុម​បាន​ស្នើ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​រក​យុត្តិធម៌​សម្រាប់​អ្នកស្រី Breonna Taylor ដែល​ជា​ស្ត្រី​ស្បែកខ្មៅ​ម្នាក់។

អ្នកស្រី Breonna Taylor បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង​នេះ នៅ​ពេល​ដែល​ប៉ូលិស​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន ដោយ​ប្រើ​ដីកា​ឆែកឆេរ​ដែល​មិន​តម្រូវ​ឲ្យ​គោះទ្វារ​ជាមុន ហើយ​ប៉ូលិស​ក៏​បាន​បាញ់​អ្នកស្រី។ មិត្តប្រុស​របស់​អ្នកស្រី​បាន​បាញ់​ទៅ​លើ​ប៉ូលិស​មុន ដោយ​គិត​ថា ប៉ូលិស​ទាំង​នោះ​គឺជា​អ្នក​លួច​ចូល​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាត។

ប៉ូលិស​ម្នាក់​ត្រូវ​បាន​ដេញ​ចេញ​ពី​តំណែង​នៅ​ក្នុង​ហេតុការណ៍​នោះ ប៉ុន្តែ​នៅ​មិនទាន់​មាន​ការ​ចោទប្រកាន់​អ្វី​លើ​ប៉ូលិស​ផ្សេង​ទៀត​នោះ​ទេ។

មេដឹកនាំ​ក្រុម NFAC ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ​ស្បែក​ខ្មៅ​ប្រដាប់​ដោយ​អាវុធ​ដែល​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​តវ៉ា​ទាំង​នោះ និយាយ​ថា លោក​ចង់​ឲ្យ​ប៉ូលិស​ស៊ើបអង្កេត​ទៅ​លើ​ករណី​ស្លាប់​របស់​អ្នកស្រី Taylor ឲ្យ​មាន​តម្លាភាព​ជាង​នេះ។

ប៉ូលិស​និយាយ​ថា សមាជិក ៣ នាក់នៃ​ក្រុម NFAC បាន​រងរបួស​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​អាវុធ​មួយ​របស់​ក្រុម​នេះ​បាន​រាកៃ​ដោយ​ចៃដន្យ៕

XS
SM
MD
LG