ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​ទប់​ស្កាត់​អំណាច​នៅ​ក្នុង​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​ថ្មី


រូបឯកសារ៖ ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​កំពុង​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​ពេល​រង់​ចាំ​ឡាន​ក្រុង​ នៅ​ចំណត​ឡាន​ក្រុង​មួយ​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​ខែ​មករា ២០១៩។
រូបឯកសារ៖ ស្ត្រី​ម្នាក់​ពាក់​ម៉ាស់​កំពុង​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​ពេល​រង់​ចាំ​ឡាន​ក្រុង​ នៅ​ចំណត​ឡាន​ក្រុង​មួយ​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​ខែ​មករា ២០១៩។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​តស៊ូ​មតិ​មក​ពី​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា​កំពុង​អំពាវនាវ​ដល់​សមាជិក​សភា​ថៃ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​ថ្មី មួយ​ ដែល​ពួក​គេ​និយាយ​ថា​ បាន​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ឲ្យ​ត្រួត​ពិនិត្យ​ទិន្នន័យ​នៅ​លើ​បណ្តាញ​អ៊ិនធឺណិត។

ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឆ្លង​សភា​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​គ្មាន​ការ​ជំទាស់ ​កាល​ពីខែ​កុម្ភៈ ​គឺ​នៅ​ពេល​ដែល​រដ្ឋប្រហារ​យោធា​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត កាល​ពី​ឆ្នាំ២០១៤។ ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​ឧសភា​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​មីនា​ ដែល​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​រដ្ឋ​ប្រហារ​ឡើង​កាន់​អំណាច​ដោយ​ស្រប​ច្បាប់។

បើ​ទោះ​បីជា​ប្រទេស​ថៃ​បាន​ត្រឡប់​ទៅ​រក​ការ​គ្រប់​គ្រង​បែប​ស៊ីវិល​វិញ​ក៏​ដោយ​ ក៏ពួក​សកម្មជន​ប្រឆាំង​ដែល​លាក់​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​តែ​បន្ត​បាត់​ខ្លួន​ ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ក្រុម​សមាជិក​សភា​ខាង​គណបក្ស​ប្រឆាំង​នៅ​បន្ត​រង​សម្ពាធ​ផ្លូវ​ច្បាប់​ ហើយ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​នៅ​ទទួល​រង​អំពើ​ហិង្សា​ និង​មិន​អាច​ដោះ​សា្រយការ​វាយ​ប្រហារ​ដោយ​ពួក​ជន​អន្ធពាល​ប្រដាប់​អាវុធ​បាន។

អ្នកស្រី ​Emilie Pradichit​ នាយក​ក្រុម​សិទ្ធិ​មនុស្ស​មូលដ្ឋាន ​Manushya​ បាន​និយាយ​ថា៖ «នៅ​ពេល​យើង​បាន​អាន​ពី​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​នេះ​ វា​ធ្វើ​ឲ្យ​យើង​ដឹង​ថា​ច្បាប់​នោះ​គឺ​ជា​ឧបករណ៍​មួយ​ទៀត​ដែល​រដ្ឋាភិបាល​នឹង​យក​ទៅ​ប្រើ​ប្រាស់​ធ្វើ​ជា​លេស​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​បំបិទ​សំឡេង​ពួក​សកម្មជន‍»។

ច្បាប់​ថ្មី​នេះ​បាន​បែង​ចែក​ការ​គំរាម​កំហែង​តាម​អ៊ិនធឺណិត​ជា​បី​កម្រិត​ ផ្អែក​លើ​កម្រិត​នៃ​គ្រោះថ្នាក់​ឬ​មាន​ភាព​ធ្ងន់ធ្ងរ​កម្រិត​ណា ​ដូចជា​កម្រិត​មិន​សូវ​ធ្ងន់​ធ្ងរ​ ធ្ងន់​ធ្ងរ​និង​កម្រិត​វិបត្តិ។ ​ច្បាប់​នេះ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​ដើម្បី​ចាត់​វិធានការ​ទៅ​លើ​ការ​គំរាម​កំហែង​ដែល​ស្ថិត​ក្នុង​កម្រិត​វិបត្តិ​ដោយ​មិន​ចាំបាច់​មាន​បទបញ្ជា​ពី​តុលាការ​ ហើយ​និង​មាន​អំណាច​បដិសេធ​មិន​ឲ្យ​បុគ្គល​ណា​ដែល​ជា​គោលដៅ​របស់​ច្បាប់​ប្តឹង​ឧទ្ធរណ៍​ បើ​ទោះ​បី​ជា​វា​ស្ថិត​ក្នុង​កម្រិត​គំរាម​កំហែង​ធ្ងន់ធ្ងរ ​ឬ​កម្រិត​វិបត្តិ​ក៏​ដោយ។ ក្រុម​អ្នក​រិះ​គន់​ក៏​បាន​ត្អូញត្អែរ​ថា​ ច្បាប់​នេះ​មិន​បាន​ចែង​ច្បាស់​លាស់​អំពី​កម្រិត​នៃ​ការ​គំរាម​កំហែង​ ឬ​អំពី​កម្រិត​ណា​ដែល​ចាត់ទុក​ថា​ ជា​បញ្ហា​សន្តិ​សុខ​ជាតិ​ទេ​ ដោយ​ទុក​ឲ្យ​នៅ​មាន​ចន្លោះ​ប្រហោង​ដើម្បី​អាច​បំពាន​បាន។

កាល​ពី​ខែ​មេសា​ អង្គការ​សិទ្ធិ​មនុស្ស ​Manushya​ បាន​ដឹកនាំ​ក្រុម​សិទ្ធិ​មនុស្ស​ ក្រុមអ្នក​តស៊ូ​មតិ​មក​ពី​ឧស្សាហកម្ម​បច្ចេកវិទ្យា​ និង​ក្រុម​អ្នក​ជំនាញ​បណ្តាញ​អ៊ិនធឺណិត​ ដើម្បី​បង្កើត​បញ្ជី​សំណើ​វិសោធនកម្ម​ច្បាប់​មួយ​ ដែល​ប្រហែល​ជា​អាច​ជួយ​ដល់​ការ​ត្រួត​ពិនិត្យ​និន្នាការ​អាក្រក់ៗ​បំផុត​របស់​រដ្ឋាភិបាល​ និង​ការ​ការពារ​ឯកជន​ភាព​នៅ​លើអ៊ិនធឺណិត​។ ក្នុង​ចំណោម​អ្នក​ចូល​រួម​ទាំង​នោះ ​មាន​សម្ព័ន្ធ​អ៊ិនធឺណិត​អាស៊ី ​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ Google ​ក្រុមហ៊ុន​ Facebook​ និង​ថ្នាក់​ដឹកនាំ​មក​ពី​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។

រូបឯកសារ៖ គេហទំព័រ​ដែល​ត្រូវ​បាន​បិទ​ បង្ហាញ​កំណត់​ត្រា​ពី​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម​របស់​ថៃ ដែល​សរសេរ​ថា៖ «គេហទំព័រ​នេះ​មាន​មាន​ខ្លឹមសារ​និង​ព័ត៌មាន​ដែល​ហាក់​ដូច​ជា​មិន​សម​រម្យ។
រូបឯកសារ៖ គេហទំព័រ​ដែល​ត្រូវ​បាន​បិទ​ បង្ហាញ​កំណត់​ត្រា​ពី​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម​របស់​ថៃ ដែល​សរសេរ​ថា៖ «គេហទំព័រ​នេះ​មាន​មាន​ខ្លឹមសារ​និង​ព័ត៌មាន​ដែល​ហាក់​ដូច​ជា​មិន​សម​រម្យ។

របាយការណ៍​របស់​ពួក​គេ​ដែល​ត្រូវ​បា​នផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ​នៅ​ក្នុង​ទីក្រុង​បាងកក​ បាន​ណែនាំ​ឲ្យ​ផ្លាស់​ប្តូរ​ចំណុច​ជាច្រើន។ ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​ដាក់​បញ្ជូល​បទ​បញ្ជា​របស់​តុលាការ ​បើ​ទោះ​បី​ជា​ករណី​នោះ​ជា​ករណី​កម្រិត​វិបត្តិ​ក៏ដោយ​ ត្រូវផ្តល់​សិទ្ធិ​ដ​ល់​បុគ្គល​ដែល​ជា​គោល​ដៅ​របស់​ច្បាប់​អាច​ប្តឹង​ឧទ្ធរណ៍​បាន​ និង​បង្កើត​ស្ថាប័ន​ត្រួត​ពិនិត្យ​ឯករាជ្យ​និង​ចម្រុះ​មួយ​ ដើម្បី​តាម​ដាន​ការងារ​របស់​រដ្ឋាភិបាល។

សំណើ​ឲ្យ​ផ្លាស់​ប្តូរ​នេះ​ក៏​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ភស្តុតាង​ពី​ការ​គំរាម​កំហែង​ មុន​នឹង​ខ្លួន​អាច​ចាត់វិធានការ។ អ្នកស្រី ​Pradichit​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «ការ​មិន​ចែង​ឲ្យ​បាន​ច្បាស់​ និង​គ្មាន​ការ​ត្រួតពិនិត្យ​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នោះ​ រដ្ឋាភិបាល​អាច​រឹបអូស​យក​កុំព្យូទ័រ​ និង​អាច​ចាត់​ទុក​ករណី​កំរាមកំហែង​ណា​ក៏​ដោយ​ថាជា​ករណី​កម្រិត​វិបត្តិ‍​»។

លោកBhume Bhumiratana​ ជា​អ្នក​ផ្តល់​ការប្រឹក្សា​ដល់​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​សរសើរ​ក្រុមមន្រ្តី​ដែល​បាន​បង្កើត​ច្បាប់​នេះ​ជា​លើកដំបូង​នៅក្នុង​ប្រទេសថៃ​ដើម្បី​ព្យាយាម​បំបែ​កអំណាច។

លោក​បាន​និយាយ​ទៀត​ថា​ ច្បាប់​នេះ​បង្កើត​គណកម្មាធិការ​ចំនួន​បី​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ ដែល​កម្មាធិការ​នីមួយៗ​មាន​តួនាទី​ផ្សេងៗគ្នា។ លោក ​Bhume​ បាន​ទទួល​ស្គាល់​ថា​លទ្ធផល​ចុងក្រោយ​នឹង​ត្រូវ​មាន​ការ​សម្រប​សម្រួល​តាម​ការ​ពិត​ជាក់​ស្តែង​ដែល​ថា​ គណកម្មាធិការ​នីមួយៗ​មាន​សមាជិក​រួមគ្នា​មួយ​ចំនួន​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​វា​គឺ​ជា​ទស្សនៈ​ល្អ​មួយ‍»។​

លោក​ក៏​ហៅ​ច្បាប់​នេះ​ថា​ជា​ឧបករណ៍​រិចរិល​មួយ​ដែល​ត្រូវសំលៀង​ឲ្យ​មុត​ ប៉ុន្តែនៅ​តែ​អាច​យក​ទៅ​ប្រើ​បាន។

លោក​ Arthit Suriyawongkul​ សហស្ថាបនិក​នៃ​បណ្តាញ ​Thai Netizens​ មិន​យល់​ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​ទេ។

លោក​បាន​និយាយ​ថា​ គណកម្មាធិការ​ត្រួត​ស៊ី​គ្នា​ទាំង​បី​ ដែល​បាន​សន្យា​ថា​នឹង​បែង​ចែក​អំណាច​នោះ​ គឺ​មិន​អាច​អនុវត្ត​បាន​ទេ​ ហើយ​លោក​បាន​និយាយ​ទៀត​ថា​
ចំណុច​លើក​លែង​នៅ​ក្នុង​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​ដែល​ដក​ស្រង់​ចេញ​ពី​ច្បាប់​ថ្មី​មួយ​ទៀត​ គឺ​ច្បាប់​ការពារ​ឯកជនភាព​នោះ​ បាន​បន្ថែម​ចំណុច​តែ​មួយ​គត់​ទៅ​លើ​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន។

លោក​ Arthit Suriyawongkul​ បាន​ថ្លែង​ថា៖ «នៅ​ចុង​បញ្ចប់​ ច្បាប់​ការពារ​សន្តិសុខ​ដែល​យើង​ជឿ​ថា​នឹង​បង្កើត​ឡើង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នោះ​ តាម​ពិត​គឺ​គ្មាន​នោះ​ទេ។ យើង​មាន​ហេតុផល​ស្រប​ច្បាប់​ដើម្បី​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​យើង‍»។​

ប្រទេស​ថៃ​គឺ​ប្រទេស​ចុង​ក្រោយ​ក្នុង​ចំណោម​ប្រទេសនានា​នៅ​ក្នុង​តំបន់​ ដែល​ដាក់​ចេញ​ច្បាប់​ថ្មី​នេះ​ដើម្បី ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ពីការ​វាយ​ប្រហារ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត។ ភាគ​ច្រើន​នៃ​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​គេ​រិះគន់​ថា​ងាក​ចេញ​ឆ្ងាយ​ពី​ច្បាប់​នេះ ​ដូចជា​ប្រទេស​បង់ក្លាដេស​ និង​វៀតណាម​ជាដើម។

លោក​ Kees Rade​ ឯកអគ្គរដ្ឋទូត​ប្រទេស​ហូឡង់​ប្រចាំ​ប្រទេស​ថៃ​ ដែល​បាន​រៀបចំ​កិច្ច​ប្រជុំមួយ​ស្តី​ពី​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​នៅ​ប្រទេស​ថៃ​ កាល​ពី​ខែ​មេសា​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​មាន​សិទ្ធិ​និង​ហេតុផល​គ្រប់​យ៉ាង​ដើម្បី​បំពាក់​អំណាច​លើ​ខ្លួន​ឯង​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ទាំងនោះ។​

លោក​ Kees​ បាន​ថ្លែង​បន្ត​ទៀត​ថា៖ «អ្វី​ដែល​គួរ​តែ​ផ្តោត​មុន​គេ​គឺ ​ឯកជនភាព​របស់​ប្រជា​ពលរដ្ឋ​ និង​ការ​បើក​ចំហរ​នយោបាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ការ​បញ្ចេញ​មតិ‍»។

លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ​ជា​អកុសល ​អ្វី​ដែល​យើង​មើល​ឃើញ​នា​ពេល​ថ្មីៗ​នេះ​គឺ​ថា​ ប្រទេស​មួយ​ចំនួន​កំពុង​យក​ច្បាប់​នេះ​ទៅ​ប្រើ​ប្រាស់​ដើម្បី​ត្រួត​ពិនិត្យ​តាម​ដាន​លើ​ការ​ប្រើ​អ៊ិនអឺណិត​ក្នុង​គោល​បំណង​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ទៅ​វិញ‍»។

លោក​ Raman Jit Singh Chima​ នាយក​គោលនយោបាយ​អាស៊ី​នៃ​អង្គការ​ Access Now​ ដែល​ជាក្រុម​សិទ្ធិមនុស្ស​លើ​ប្រព័ន្ធ​ឌីជីថល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​នៅ​ទូទាំង​ពិភព​លោក​អាច​ឈរ​លើ​គោលការណ៍​ដើម្បី​កែ​លម្អ ​ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ល្អ​បំផុត​របស់​ច្បាប់​នេះ​គឺ​យ៉ាង​ហោច​ណាស់​មាន​ចំណុច​រួម​គ្នា​មួយ‍»។

លោក​ Raman​ បានថ្លែង​ទៀត​ថា៖ «ប្រទេស​ដែល​មាន​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​ល្អ​ គឺ​ជា​ប្រទេស​ដែល​មាន​ការ​ទុក​ចិត្ត​គ្នា​រវាង​រដ្ឋាភិបាល​ មន្រ្តី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ សង្គម​ស៊ីវិល​ និង​រួមទាំង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ផងដែរ​ ដែល​ច្បាប់​នោះ​បាន​ទទួល​ការគាំទ្រ​ពី​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ និង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ហើយ​ប្រទេស​ដែល​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ មានន័យ​ថាប្រទេស​នោះ​មាន​បញ្ហា​ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ‍»។

ប្រទេស​ថៃ​ហាក់​ដូចជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បញ្ហា​ទាំង​នេះ។
អ្នកស្រី ​Pradichit​ បាន​ប្រាប់ ​VOA ​ថា​មន្រ្តី​រដ្ឋាភិបាល​ត្រូវបាន​អញ្ជើញ​ឲ្យចូលរួម​កិច្ចប្រជុំ​កាល​ពី​ខែ​មេសា​ ប៉ុន្តែ​គ្មាន​មន្រ្តី​រូបណា​បាន​ចូល​រួម​ឡើយ។ ដោយ​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការខក​ខានរបស់​រដ្ឋាភិបាល​ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នេះ អ្នកស្រី ​Pradichit​ បាន​ថ្លែងថា ​ការ​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​នេះ​ នឹង​អាច​កើត​ឡើង​បាន​តាម​រយៈ​គណបក្ស​ប្រឆាំង​នៅ​រដ្ឋសភា។

សមាជិក​រដ្ឋសភា​ម្នាក់​មក​ពី​គណបក្ស​ប្រឆាំង​ Future Forward​ បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា​ គណបក្ស​សង្ឃឹម​ថា​នឹង​ដាក់​សំណើ​វិសោធនកម្ម​នេះ​ និង​សំណើ​ច្បាប់​ផ្សេងៗ​ទៀត​នៅ​សម័យ​ប្រជុំ​សភា​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។

ការ​ទទួល​បាន​ការអនុម័ត​សំណើ​ច្បាប់​ទាំងនេះ​អាច​ជា​ការ​លំបាក។ គណបក្ស​ប្រឆាំង​គ្រប់គ្រង​អាសនៈ​តិច​ជាង​ពាក់​កណ្តាល​នៅក្នុង​សភា​តំណាងរាស្រ្ត។ ​រាល់​បទប្បញ្ញត្តិ​ណា​ដែល​អាច​ក្លាយ​ទៅ​ជា​ច្បាប់​ បាន​លុះត្រា​តែ​បាន​ទទួល​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​ ដែល​ត្រូវ​បាន​តែងតាំង​ទាំងស្រុង​ដោយ​រដ្ឋប្រហារ​យោធា​មុន​ពេល​ចុះ​ចេញ​ពី​តំណែង។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​អ្នកស្រី ​Narumon Pinyosinwat​ មិន​អាច​ទាក់ទង​សុំ​អត្ថា​ធិប្បាយ​លើ​បញ្ហានេះ​បាន​ទេ។​ ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម ដែល​ដឹកនាំ​ច្បាប់​សន្តិសុខ​អ៊ិនធឺណិត​នេះ​ មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើរ​សុំ​អត្ថាធិប្បាយ​បាន​ទេ​ ដោយ​ទូរស័ព្ទរោទ៍​តែ​គ្មាន​អ្នក​ទទួល៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG