នៅពេលនេះ លោក Prayuth Chan-ocha មេដឹកនាំរដ្ឋប្រហារកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតក្នុងអាណត្តិទីពីរដោយសារពួកសមាជិកព្រឹទ្ធសភាទាំងអស់ត្រូវតែងតាំងដោយក្រុមប្រឹក្សាយោធាហើយបានទទួលអំណាចជាលើកដំបូងដោយរដ្ឋធម្មនុញ្ញថ្មីក្នុងការចូលរួមជាមួយរដ្ឋសភាដែលពួកសមាជិកបានជាប់ឆ្នោតក្នុងការបោះឆ្នោតដោយផ្ទាល់ដោយប្រជារាស្ត្រ ដើម្បីបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រីម្នាក់។
នៅពេលនេះដែលពួកគេជាក្រុមប្រឆាំង គណបក្សទាំងនេះដែលជំទាស់នឹងក្រុមប្រឹក្សាយោធាបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញជាអាទិភាពកំពូលរបស់ពួកគេ។
លោក Thanathorn Juangroongruangkit មេដឹកនាំគណបក្ស Future Forward បាននិយាយថា«យើងនិយាយអំពីការធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញនៅទីនេះ។ បើគ្មានវិសោធនកម្មរដ្ឋធម្មនុញ្ញទេ នោះនឹងគ្មានការធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញឡើងវិញទេនៅក្នុងប្រទេសនេះ»។
គណបក្ស Future Forward មានសន្លឹកឆ្នោតគាំទ្រលំដាប់ទីបីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ខែមីនាតាមកម្មវិធីមួយដើម្បីដកលោក Prayuthពីតំណែងនាយករដ្ឋមន្រី។ បន្ទាប់មកគណបក្សនេះបានរួមកម្លាំងជាមួយគណបក្ស៦ទៀតដែលមានទស្សនៈដូចគ្នាដោយសង្ឃឹមថារួបរួមគ្នាឱ្យមានអាសនៈគ្រប់គ្រាន់ក្នុងរដ្ឋសភាដើម្បីបង្កើតជាក្រុមភាគច្រើន។
ក៏ប៉ុន្តែការកែប្រែរូបមន្តនៅក្រោយការបោះឆ្នោតសម្រាប់ការបែងចែកអាសនៈធ្វើឡើងដោយគណៈកម្មការរៀបចំការបោះឆ្នោតបានធ្វើឱ្យប្រាកដប្រជាថាក្រុមគណបក្សនេះមានកៅអីមិនគ្រប់គ្រាន់សម្រាប់បង្កើតក្រុមភាគច្រើនក្នុងរដ្ឋសភាទេ។ ដោយសាររដ្ឋធម្មនុញ្ញថ្មីនេះ ព្រឹទ្ធសភាក៏ធ្វើឱ្យប្រាកដប្រជាដែរថា«រណសិរ្សប្រជាធិបតេយ្យ» គ្មានសំឡេងភាគច្រើនក្នុងសភាទាំងពីរដើម្បីដកលោក Prayuth ចេញពីតំណែងទេ។
នៅក្នុងសេចក្តីសម្ភាសន៍មួយនៅឯទីស្នាក់ការធំរបស់គណបក្សលោកក្នុងក្រុងបាងកក លោក Thanathorn បាននិយាយថារដ្ឋធម្មនុញ្ញរបស់ក្រុមប្រឹក្សាយោធាមានបន្ទាត់ច្រើនដែលធ្វើឱ្យព្រឹទ្ធសភា គណៈកម្មការរៀបចំការបោះឆ្នោតនិងអង្គការឯទៀតៗរបស់រដ្ឋប្រើមធ្យោបាយមិនសុចរិតដើម្បីអនុគ្រោះដល់ពួកវរជនក្នុងទីក្រុង ពួករាជានិយមនិងក្រុមលម្អៀងទៅខាងយោធា។
ជាយូរយាមកហើយ ក្រុមប្រឆាំងចង់ជំនួសរដ្ឋធម្មនុញ្ញនេះទាំងស្រុង។ ក៏ប៉ុន្តែដោយដឹងអំពីការមានកម្រិតរបស់ពួកគេ លោក Thanathorn បានថ្លែងថាគណបក្សទាំងនេះផ្តោតការយកចិត្តទុកដាក់លើមាត្រាតែពីរនៅពេលនេះគឺមាត្រាទី២៧២និងមាត្រាទី២៧៩។
មាត្រាទី២៧២នៃរដ្ឋធម្មនុញ្ញថ្មីនេះផ្តល់ឱ្យព្រឹទ្ធសភាដែលពួកសមាជិកបានត្រូវតែងតាំងនូវអំណាចចូលរួមជាមួយរដ្ឋសភាដែលក្រុមអ្នកតំណាងរាស្ត្របានជាប់ឆ្នោតនូវសិទ្ធិបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រី។ មាត្រាទី២៧៩មិនអនុញ្ញាតឱ្យមានការបំពានលើបទបញ្ជាណាមួយពីលោក Prayuth ក្នុងអាណត្តិទីមួយរបស់លោកឬបទបញ្ជាណាមួយមកពីរដ្ឋាភិបាលដែលក្រុមយោធាបានបង្កើតឡើងនៅក្រោយរដ្ឋប្រហារគឺក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងរបៀបរៀបរយហៅកាត់ថា NCPO។
លោក Thanathorn បាននិយាយថា«ដូច្នេះលោកអ្នកអាចឃើញចំណាត់ការនេះដោយជាក់លាក់គឺថាពួកអ្នកកាន់អំណាចភ័យខ្លាចសំឡេងរបស់ប្រជារាស្ត្រ ពួកគេមិនចង់ឃើញសំឡេងរបស់ប្រជារាស្ត្របានត្រូវឮនៅក្នុងសភាទេ»។ ការកែប្រែតែមាត្រាពីររបស់រដ្ឋធម្មនុញ្ញថ្មីនេះហាក់ដូចជាតិចល្មម។
ការធ្វើវិសោធនកម្មមាត្រានីមួយៗនេះប៉ះពាល់ដោយផ្ទាល់ដល់ការក្តាប់អំណាចតទៅទៀតដោយពួកយោធា។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ការកែប្រែមាត្រានីមួយៗនេះតម្រូវឱ្យមានការគាំទ្រពីយ៉ាងតិចណាស់ចំនួនមួយភាគបីនៃពួកសមាជិកព្រឹទ្ធសភាដែលបានត្រូវតែងតាំងដោយក្រុមប្រឹក្សាយោធាថៃ។
លោក Thanathorn បាននិយាយថាពួកគណបក្សប្រឆាំងនឹងដាក់ស្នើសេចក្តីព្រាងច្បាប់មួយស្តីពីវិសោធនកម្មនេះនៅចុងខែកញ្ញាឬយូរបំផុតនៅចុងឆ្នាំនេះ។លោកដឹងថាមានពិបាកច្រើន។ លោកបានថ្លែងថាទោះណាជាពួកគេគ្មានជោគជ័យក៏ដោយក៏ពួកគេសង្ឃឹមថាការតស៊ូមតិនេះនឹងនាំឱ្យពួកគណបក្សគ្រប់គ្រងប្រទេសមានការសៅហ្មងផងដែរ។
លោក Thanathorn បាននិយាយថា«យើងដឹងថាឱកាស លទ្ធភាពនៃមាត្រាទាំងពីរនេះត្រូវអនុម័តដោយរដ្ឋសភាមានតិចណាស់។ យើងយល់អំពីការណ៍នេះច្បាស់លាស់ណាស់។ ក៏ប៉ុន្តែយើងចង់បង្ហាញដល់ប្រជារាស្ត្រថាតើអង្គការណាខ្លះ គណបក្សណាខ្លះដែលប្រឆាំងនឹងចលនានេះ។ ដូច្នេះយើងក្រឡេកមើលការណ៍នេះដូចជាកម្មវិធីនយោបាយមួយ យើងក្រឡេកមើលវាដូចជាចលនាមួយ ដូចជាយុទ្ធនាការមួយជាជាងជាលទ្ធផលចុងក្រោយ...ដើម្បីឱ្យមានការអនុម័តដល់សំណើនេះ»។
លោក Thanathorn បានថ្លែងថាពួកគណបក្សនៃរណសិរ្សប្រជាធិបតេយ្យបានយល់ស្របគ្នាធ្វើវិសោធនកម្មមាត្រាទាំងនេះជាគោលដៅធំបំផុតរបស់ពួកគេ«ជាគោលការណ៍» ទោះណាជាលោកបាននិយាយបន្ថែមថា «តើត្រូវធ្វើបែបណា? នេះជាសំណួរ»។
មេដឹកនាំរូបនេះនៃគណបក្ស Future Forward មានជំនឿថាសេចក្តីសង្ឃឹមតែមួយគត់របស់ពួកគេគឺធ្វើយ៉ាងណាយកការខឹងសម្បាររបស់ប្រជារាស្ត្រមកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យមានការផ្លាស់ប្តូរការយល់ឃើញខាងនយោបាយដែលអនុគ្រោះដល់ពួកគេហើយនិយាយបញ្ចុះបញ្ចូលពួកសមាជិកព្រឹទ្ធសភាឱ្យបានគ្រប់គ្រាន់ឱ្យរត់ចោលជួរពីក្រុមគណបក្សកាន់អំណាច។
លោក Thanathorn បានថ្លែងថារណសិរ្សរបស់លោកនឹងកសាងការគាំទ្រតាមបណ្តាញ អ៊ិនធឺណិតធ្វើដំណើរនៅទូទាំងប្រទេសដោយផ្សព្វផ្សាយសារនេះហើយ-នៅពេលខ្លះ-ផ្សព្វផ្សាយតាមផ្លូវផងដែរ។
លោកបាននិយាយថា៖
«ជាយថាហេតុ បើលោកអ្នកចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រសិនបើលោកអ្នកនឹងកែប្រែរដ្ឋធម្មនុញ្ញ ជាផ្នែកឬទាំងស្រុង ត្រូវតែមានការប្រជុំ rallies មហាជន»។
លោក Somyot Pruksakasemsuk យល់ស្របជាមួយមតិនេះ។ ក្រុមនៃប្រជារាស្ត្រសាមញ្ញរបស់លោកដែលមានឈ្មោះថាចលនាប្រជាធិបតេយ្យសង្គមកំពុងប្រមូលហត្ថលេខាពីប្រជារាស្ត្រមានសិទ្ធិបោះឆ្នោតដើម្បីដាក់សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ផងខ្លួនផ្ទាល់។ លោកសង្ឃឹមថានឹងមានឈ្មោះអ្នកចុះហត្ថលេខា៥ម៉ឺននាក់ដែលក្រុមនេះត្រូវឱ្យមានដើម្បីដាក់ផែនការរបស់ខ្លួនជូនរដ្ឋសភាមិនហួសពីដំណាច់ឆ្នាំនេះទេ។
លោក Somyot បាននិយាយថា៖
«រដ្ឋធម្មនុញ្ញនេះកើតឡើងពីរដ្ឋប្រហារយោធាវាមិនមែនមកពីប្រជារាស្ត្រទេ វាមិនមែនមកពីលទ្ធិប្រជាធិបតេយ្យទេ។ ដូច្នេះយើងត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដើម្បីឱ្យយើងអាចមានរដ្ឋាភិបាលមួយដែលប្រាកដកើតឡើងពីប្រជារាស្ត្រ មិនមែនរដ្ឋាភិបាលមួយដែលគ្រប់ដណ្តប់ដោយពួកយោធាទេ។
ជនជាតិថៃភាគច្រើនប្រហែលមានយោបល់ដូចក្រុមប្រជាធិបតេយ្យទាំងនេះដែរ។ការស្ទង់មតិថ្មីបំផុតមួយដោយវិទ្យាស្ថានជាតិខាងអភិបាលកិច្ចការអភិវឌ្ឍន៍ដែលភាសាអង់គ្លេសហៅថា National Institute of Development Administration បានរកឃើញថាប្រជារាស្ត្រថៃភាគច្រើនតែបន្តិចមានជំនឿថារដ្ឋធម្មនុញ្ញនេះមិនប្រជាធិបតេយ្យទេហើយពួកគេគាំទ្រការធ្វើវិសោធនកម្មជាពិសេសមាត្រាទី២៧២។ ក៏ប៉ុន្តែមានតែអ្នកត្រូវសួរមតិប្រមាណ១ភាគ៣ប៉ុណ្ណោះដែលនិយាយថាការកែប្រែរដ្ឋធម្មនុញ្ញនេះជាការត្រូវធ្វើជាបន្ទាន់។
ពួកជនដែលជំរុញឱ្យមានវិសោធនកម្មប្រហែលមានសម្ព័ន្ធមិត្តមួយក្នុងរដ្ឋាភិបាលតែម្តង។ គណបក្សប្រជាធិបតេយ្យដែលជាសមាជិកសំខាន់មួយនៅក្នុងក្រុមចម្រុះគ្រប់គ្រងប្រទេសបានទទូចដាក់ការសន្យាមួយអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញទៅក្នុងកញ្ចប់គោលនយោបាយរបស់រដ្ឋាភិបាល ទោះណាជាគណបក្សនេះហាក់ដូចជាយកចិត្តទុកដាក់លើការបន្ធូរបទបញ្ញត្តិស្តីពីការកែប្រែរដ្ឋធម្មនុញ្ញជាជាងការកាត់បន្ថយអំណាចព្រឹទ្ធសភាក៏ដោយ។
គណបក្សប្រជាធិបតេយ្យមិនឆ្លើយតបនឹងសំណើសុំសម្ភាសន៍ទេ។ គណបក្ស Palang Pracharath ដែលជាគណបក្សធំជាងគេនៅក្នុងក្រុមចម្រុះគ្រប់គ្រងប្រទេសក៏មិនបានឆ្លើយតបនឹងសំណើសុំសម្ភាសន៍ច្រើនដងដែរ។
លោក Yutthaporn Issarachai ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់នៅឯសាកលវិទ្យាល័យ Sukhothai Thammathirat។ លោកបាននិយាយថាលោកមិនគិតថារដ្ឋាភិបាលនឹងគាំទ្រវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញណាមួយដែលរិះគន់ដល់ពួកអ្នកកាន់អំណាចទេ។
លោក Issarachai បានថ្លែងថាយុទ្ធនាការនេះរបស់ពួកប្រឆាំងប្រហែលធ្វើឱ្យសៅហ្មងដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលហើយអាចធ្វើឱ្យគណបក្សក្នុងក្រុមចម្រុះគ្រប់គ្រងប្រទេសខាតបង់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតលើកក្រោយ។
លោកមិនរំពឹងថារដ្ឋាភិបាលគាំទ្រដោយពួកយោធានឹងអនុញ្ញាតឱ្យមានការតវ៉ាធំដុំទេ ទោះណាជាការបង្អាក់គំនាបសង្កត់របស់សាធារណជនប្រហែលនាំឱ្យសមាជិកព្រឹទ្ធសភាមួយចំនួនរត់ចោលជួរពីពួកចៅហ្វាយពួកគេក៏ដោយ។
លោក Yutthaporn Issarachai បាននិយាយថា«ខ្ញុំយល់ថាការបោះឆ្នោតរបស់ប្រជារាស្ត្រនៅខាងក្រៅសភាមិនអាចបញ្ចុះបញ្ចូលពួកសមាជិកព្រឹទ្ធសភាឱ្យបោះឆ្នោតកែប្រែមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញបានទេពីព្រោះពួកសមាជិកព្រឹទ្ធសភាមកពីក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងរបៀបរៀបរយហៅកាត់ថា NCPO ហើយពួកគេរួបរួមគ្នាណាស់»៕