ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ថៃ​ចាប់​ផ្តើម​ពិភាក្សា​ឡើង​នូវ​សំណើ​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា


សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចូលរួម​ទិវា​អន្តរជាតិ​ប្រឆាំង​ការ​អើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

រដ្ឋាភិបាល​ថៃ​ថ្មីបាន​ចាប់ផ្តើម​ជជែក​ដេញ​ដោល​ឡើង​វិញ​នូវ​​សេចក្តី​ព្រាង​ច្បាប់មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មុន​ដំបូង​គេ​នៅ​​អាស៊ី​អាគ្នេយ៍​ដែល​ធ្វើ​ឲ្យ​ស្រប​ច្បាប់​​ដល់​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ខ្វែង​គំនិត​គ្នា​ក្នុង​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា។

គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ដែលកាល​ពី​ពេល​នោះ​ដឹកនាំ​ដោយ​ពួក​យោធា​នៃ​ប្រទេសថៃ ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​កាល​ពី​ខែ​ធ្នូឆ្នាំ​ទៅ ​មុនពេល​សំណើ​នោះ ​បាន​ត្រូវជាប់​គាំង​មុន​ការ​បោះឆ្នោត​នៅ​ខែ​មីនា​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យោធា​វិល​ទៅ​កាន់​អំណាច​វិញ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Somsak Thepsutin បាន​និយាយ​នៅ​ឯ​វេទិកា​មួយ​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វាសនា​របស់​សំណើ​ច្បាប់​នេះ​នឹង​ត្រូវ «សម្រេច​ដោយ​មតិ​សាធារណជន‍»។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ថៃ។ មតិ​សាធារណជន​ហាក់​ដូចជា​មាន​ការ​គាំទ្រ​ចំពោះ​សំណើ​ច្បាប់​នេះ។

ការស្ទង់​មតិ​តាម​អ៊ីនធឺណិត​លើ​មនុស្ស​ជាង១ពាន់​នាក់ តាម​រយៈ​ក្រុមហ៊ុន YouGov ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​រក​ឃើញ​ថា​មាន​ការ​គាំទ្រ​ខ្លាំង ក្លា​លើ​ការ​រៀបការ​ស្រប​ច្បាប់​រវាង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ។ ក្នុង​នោះ មនុស្ស​ចំនួន៦៣ភាគរយ​គាំទ្រ​ចំពោះ​គំនិត​នេះ មនុស្សចំនួន១១ភាគរយ​ប្រឆាំង​នឹង​គំនិត​នេះ ហើយ​ក្រៅ​ពី​នេះ​សម្រេច​មិន​បញ្ចេញ​មតិ​អ្វី​នោះ​ឡើយ។

បន្ទាប់​មក​នៅ​ក្នុង​ខែ​មីនា ពលរដ្ឋ​ថៃ​បាន​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ដោយ​បើក​ចំហ​ចំនួន ៤ នាក់ នៅ​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ដែល​ជា​គណបក្ស​គាំទ្រ​នយោបាយ​កែ​ទម្រង់។

លោក Tunyawaj Kamolwongwat ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ម្នាក់​ក្នុង​ចំណោម​នោះ បាន​លើក​ឡើង​ថា ការ​កើន​ឡើង​នូវ​ការ​ផ្សព្វផ្សាយ​អំពី​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​បញ្ហា​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​ថៃ​ផ្លាស់ប្ដូរ​ការ​គិត​របស់​ពួកគេ។

លោក Tunyawaj ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ បាន​និយាយ​ថា៖ «មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​សង្គម​របស់​យើង​និយាយ​អំពី​រឿង​នេះ ដូច្នេះ​ពួកគេ​ត្រូវ​គិត​អំពី​រឿង​នេះ។ មុន​នឹង​មាន​ការ​ផ្សព្វ​ផ្សាយអំពី​រឿង​នេះ ពួកគេ​ជឿ​តែ​លើ​តួនាទី​ទ្វេ​ភាគ គឺ​បុរស និង​ស្ត្រី ឬ​ក៏​ត្រូវ និង​ខុស​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត​និយាយ​អំពី​រឿង​នេះ ដូច្នេះ ខ្ញុំ​ជឿ​ថា ពួកគេ​នឹង​ផ្លាស់ប្ដូរ​គំនិត​នេះ‍»។

លោក​បាន​និយាយ​ថា មិត្តភ័ក្ដិ​របស់​លោក​ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​ឪពុក​ម្ដាយ និង​អ្នក​ព្យាបាល​ពួកគេ​ធ្លាប់​ព្យាយាម​ដាក់​សម្ពាធ​លើ​ពួកគេ​ឲ្យ​ធ្វើ​ជា​មនុស្ស «ធម្មតា‍» បាន​យល់ និង​ព្រម​ទទួល​យក​អ្វី​ដែល​ជា​លក្ខណៈ​របស់​ពួកគេ។ លោក​បាន​បញ្ជាក់​ថា៖ «រឿង​នេះ​មិន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​បញ្ហា​បន្ត​ទៀត​នោះ​ទេ‍»។

ប៉ុន្តែ លោក និង​អ្នក​តស៊ូ​មតិ​ដទៃ​ទៀត​និយាយ​ថា ការ​ទទួល​យក​បាន​របស់​អ្នក​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​គេ​ហៅ​ថា​ជា «ទឹកដី​នៃ​ស្នាម​ញញឹម‍» នេះ គឺ​មាន​លក្ខណៈ​សើៗ​នៅ​ឡើយ។

លោក Pongphorn Chanlearn ដែល​ជា​បុរស​ស្រលាញ់​ភេទ​ដូច​គ្នាម្នាក់ បាន​និយាយ​ថា៖ «គេ​និយាយ​ថា ប្រទេស​ថៃ​គឺ​ដូចជា​ឋានសួគ៌​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​អញ្ចឹង។ ប៉ុន្តែ សម្រាប់​ខ្ញុំ ខ្ញុំ​ឆ្ងល់​ថា​តើ​វា​ជា​ឋានសួគ៌​ឬ​ក៏​ជា​ឋាន​នរក? យើង​ប្រឈម​នឹង​ការ​មាក់ងាយ និង​ការ​រើសអើង​ជា​ច្រើន​នៅ​ក្នុង​សង្គម​ថៃ ប៉ុន្តែ​មិន​មែន​ធ្វើ​ឡើង​នៅ​ក្នុង​កន្លែង​សាធារណៈ​នោះ​ទេ‍»។

ទាំង​លោក Tunyawaj ជា​អ្នកផលិតខ្សែភាពយន្ត​និង​លោក Pongphorn អតីត​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ ​បាន​ជឿ​ជាក់​ថា អត្តសញ្ញាណខាងផ្លូវភេទ​របស់​អ្នកទាំង​២​បាន​ធ្វើឲ្យ​ពួកគេ​បាត់​បង់​ការងារ​និងការ​ដំឡើងឋានៈ។

សេចក្តី​ព្រាង​ច្បាប់​នោះ ​នឹង​អនុញ្ញាត​ឲ្យគូ​ស្រករ​ស្រឡាញ់​ភេទ​ដូចគ្នាកាន់​កាប់​ទ្រព្យ​សម្បត្តិនិង​បំណុលរួមគ្នា​ហើយនិង​ផ្តល់​និងទទួល​កេរ្តិ៍មរតក។ ​សេចក្តី​ព្រាង​ច្បាប់​នោះ ក៏​នឹងអនុញ្ញាត​ឲ្យ​ដៃគូនានា​ធ្វើ​ជា​អាណា​ព្យាបាល​ស្រប​ច្បាប់បានដែរ ​ប្រសិន​បើ ​នរណា​ម្នាក់​ត្រូវបាន​គេ​សន្មត​ថា អសមត្ថភាព។

ក៏ប៉ុន្តែ ​លោក Tunyawaj ​និង​សកម្មជន​ផ្សេង​ទៀត ​ជំទាស់​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នោះ ​ពី​ព្រោះ​តែ​អ្វី​ដែល​សេចក្តី​ព្រាងច្បាប់​នោះ ​មិន​បាន​ផ្តល់​ឲ្យ គឺ ​សិទ្ធិ​រៀប​ការ​ពេញ​លេញ ​រួមមាន​សិទ្ធិ​យក​កូន​ចិញ្ចឹម​រួម​គ្នា។

លោក Pongphorn ជា​នាយក​នៃ​ក្រុម​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​របស់​អង្គ​ការ Mplus និយាយថា «ប្រសិនបើ ​យើង ​រំឮក​ឡើង​វិញ​ពីសំណើ​ច្បាប់​នៅ​ពេល​បច្ចុប្បន្ន​នេះ ​វា​មិន​បាន​ធ្វើ​ឲ្យ​យើង​ជឿនលឿន​ទេ។​ សេចក្តី​ព្រាង​ច្បាប់​នោះ ​ព្យាយាម​ត្រួតត្រា​និង​ចាត់​ចែងមនុស្ស​ស្រឡាញ់​ភេទ​គ្នា​ជា​ជាង​បើកចំហ​សេរី​ភាព​នៃការ​រៀប​ការ»។

លោក ​និយាយ​ទៀត​ថា «សេចក្តី​ព្រាង​ច្បាប់​ចុងក្រោយ បំបែក​យើង​ចេញ​ពី​និន្នាការ​នេះ​ហើយ​មិនគាំទ្រ​យើង​ឲ្យមាន​ភាព​ស្មើ​គ្នា​នោះ​ទេ»។

ផ្ទុយទៅ​វិញ ពួកគេ​ចង់​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​របស់​ថៃ ​ដែល​សេចក្តី​ព្រាង​ច្បាប់​ភាព​ជា​ដៃ​គូ​ក្នុង​ជីវិត មិន​បាន​ទទួល​ស្គាល់​ការ​រៀបការ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ​គឺ​ទទួល​ស្គាល់​តែការ​រៀបការ​រវាង​បុរស​និង​ស្ត្រី​តែ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG