ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ថ្មី​ឡើង​សោយរាជ្យ​ក្នុង​ប្រទេស​ថៃ​សម្រាប់​សករាជ​ថ្មី


ព្រះ​មហាក្សត្រ​ថៃ មហា វេជ្ជរាឡុង​កន និង​មហា​ក្សត្រីយានី ចូល​រួម​ក្នុង​ពី​ឡើង​សោយ​រាជ្យ​នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ២០១៩។

ប្រទេស​ថៃបាន​បញ្ចប់​ពិធី​យ៉ាង​អ៊ឹក​ធឹក​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​កាល​ពីថ្ងៃ​ចន្ទ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​មហាក្សត្រ​ថ្មី​ដែល​បាន​ឡើង​សោយរាជ្យ។

អ្នក​ជូន​ពរ​សព្ទសា​ធុការ​រាប់​ពាន់​នាក់​ដែលស្លៀក​សម្លៀក​បំពាក់​ឯកសណ្ឋាន​អាវ​យឺត​ពណ៌​លឿង​បាន​ឈរ​តម្រង់​ជួរ​នៅ​តាម​ផ្លូវ​នានា​នៅ​សង្កាត់​ចាស់​ក្នុង​ក្រុង​បាងកកកាល​ពី​សៀល​ថ្ងៃ​អាទិត្យ​ដើម្បី​មើល​ក្បួន​ដង្ហែ​ជុំវិញ​របស់​ព្រះ​មហាក្សត្រ​ មហា វេជ្ជរាឡុង​កន​ ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ចាប់​តាំង​ពី​ព្រះ​បរមរាជ​វាំង​រហូត​ដល់វត្ត​ព្រះពុទ្ធ​សាសនា​ ដែល​ល្បីល្បាញ​ទាំង​៣​ដែល​នៅ​ទី​នោះ​ព្រះ​មហា​ក្សត្រ​ចូល​ទៅ​បន់ស្រន់។ ពួក​អ្នក​ហែហម​រាជវង្សា​នុវង្ស​រាប់រយ​នាក់​ដែល​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ឆើត​ឆាយ​ដើរ​ជា​ក្បួនតាម​ផ្លូវ​នៅ​ពេល​ដែល​ព្រះ​មហា​ក្សត្រជិះស្នែង​ក្រោម​ការប្រគុំ​ភ្លេង។

ពិធី​ឡើងសោយរាជ្យ​ដ៏​សំខាន់​នេះ​ដែលគេ​ប៉ាន់​ស្មាន​ថា ចំណាយ​អាច​ដល់​៣០​លានដុល្លារ ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​បានទទួល​ការ​ប្រស់​ព្រហ្ម​ទឹក​មក​ពី​ទូទាំង​ប្រទេស​មុន​ទ្រង់​គ្រឿង​ប្រដាប់​សម្រាប់​រាជ ព្រះខ័ណ្ឌ ដំបង​រាជ្យ​ និង​ម្កុដ​ដាំ​គ្រាប់​ពេជ្យ។ ពិធី​ប្រពៃណី​តាម​បែប​ពុទ្ធសាសនា​និង​ព្រហ្មញ្ញ​សាសនា ​នេះ​មាន​ន័យ​ថា ធ្វើ​ឲ្យ​ព្រះ​មហាក្សត្រ​ក្លាយ​ជាអាទិ​ទេព។

កាល​ពី​ថ្ងៃ​ចន្ទ ​ព្រះ​មហាក្សត្រ ​បាន​ស្វាគមន៍ប្រជានុរាស្រ្តពី​រានហាល​នៃ​ព្រះបរម្យ​រាជ​វាំង​ហើយ​បាន​ធ្វើ​សវនការ​ជាមួយ​ឥស្សរជន​បរទេស។

រូប​ថត​កាត់​ពី​វីដេអូ​បង្ហាញ​ទិដ្ឋភាព​លើ​ក្រុម​មនុស្ស​ដែល​ទស្សនា​ពិធី​គ្រង​រាជ្យ​ព្រះ​មហាក្សត្រ​ថៃ។
រូប​ថត​កាត់​ពី​វីដេអូ​បង្ហាញ​ទិដ្ឋភាព​លើ​ក្រុម​មនុស្ស​ដែល​ទស្សនា​ពិធី​គ្រង​រាជ្យ​ព្រះ​មហាក្សត្រ​ថៃ។

ពិធី​ឡើង​សោយរាជ្យ​នេះ គឺ​ជាលើក​ទី​១​សម្រាប់​ប្រទេស​ថៃក្នុង​រយៈ​ពេល​៦៩ឆ្នាំ​ហើយ​នឹង​ឧទ្ទិស​ដល់​ការ​សោយរាជ្យ​របស់​ព្រះ​មហាក្សត្រ​ថ្មី​ដែល​គេហៅ​ថា រ៉ាម៉ា​ទី១០ ​ដែលបានឡើង​សោយរាជ្យ​នៅ​ចុង​ឆ្នាំ​២០១៦​ បន្ទាប់​ពីការ​ចូល​ទី​វង្គត​របស់​ព្រះ​មហា​ក្សត្រ​ភូមីបុល ​អាដុល​យ៉ាដេត ​ដែល​ជា​ព្រះ​បិតារបស់​ព្រះ​អង្គ​មានការ​គោរ​ព​យ៉ាង​ខ្លាំង។

អ្នកស្រី ​Wannaruch Sookmuang ​បានចូលរួម​ពិធីដង្ហែ​ក្បួន​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បីជូន​សព្ទសាធុការពរ​ដល់​ព្រះ​មហាក្សត្រ​ឲ្យ​មាន​ព្រះជន្ម​យូរយា ​ពីព្រោះ​តែ ពិធី​ដង្ហែ​ក្បួន​នេះ ​ទំនង​ជាពិធី​មួយ​គត់​ដែល​អ្នកស្រី​អាច​ចូលរួម​ក្នុង​មួយ​ជីវិត​របស់អ្នកស្រី។

អ្នកស្រី​បាន​និយាយថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ​ព្រះ​មហាក្សត្រ ​ភូមីបុល ជា​ក្សត្រល្អ​ហើយ​ចិត្ត​ល្អណាស់។ ​ខ្ញុំ​គិតថា ​ព្រះ​មហាក្សត្រ ​រ៉ាម៉ា ទី១០ ក៏​មាន​សណ្តាន​ចិត្ត​ល្អ​ដូច​ព្រះមហា​ក្សត្រ​រ៉ាម៉ា​ទី៩​ដែរ។ ប្រសិន​បើ ​ព្រះ​មហាក្សត្រ ​អាច​មាន​ភាព​អត់​ធ្មត់ ​ព្រះ​អង្គ​អាច​មើល​ថែទាំប្រជា​រាស្រ្ត​របស់​ថៃ»។

អ្នកស្រី ​Aan Tan​ បាន​និយាយ​ទៀត​ថា ​អ្នកស្រី​សង្ឃឹម​ថា ព្រះ​មហាក្សត្រ ​នឹង​ជួយ​សម្រុះ​សម្រួល​ការ​បែក​បាក់​ខាង​នយោបាយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដែល​បាន​ធ្វើ​ឲ្យ​កម្លាំង​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រឆាំង​នឹង​ពួក​យោធា​និង​វរជនជំនួញដែល​បាន​គាំទ្រ​រាជវង្សា​នុវង្ស។ ​នៅ​ចុង​សប្តាហ៍​នេះ ​លទ្ធផល​ផ្លូវការ​មក​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៤ ​ខែ​មិនា ​នឹង​សម្រេច​ថា​ តើ​គណបក្ស​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិប​តេយ្យ ​មាន​អសនៈ​សភា​គ្រប់​គ្រាន់​ដើម្បី​ជំរុញ​ពួក​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​ចេញ​ពី​អំណាច​ដែរ​ឬ​ទេ។

អ្នកស្រី​ Aan​ និយាយ​ថា៖ «នៅ​ពេល​ដែល​ពួក​គេ ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ​ព្រះ​មហា​ក្សត្រ​នឹង​ជួយ ​ពីព្រោះ​តែ ​ពួក​គេក៏​គោរព​ព្រះមហាក្សត្រ​ដែរ ​ដូច្នេះ ​ពួកគេ​នឹង​ស្តាប់​ព្រះ​អង្គ ​ពីព្រោះ​តែ​ពួកគេ​ត្រូវ​បម្រើ​ប្រជា​រាស្រ្ត ​មិនមែនបំរើ​ខ្លួន​ឯងទេ»។

ថ្វីបើ ​របបរាជា​និយម​មាន​ន័យ​ថា ព្រះមហាក្សត្រ​ទ្រង់​មិន​ធ្វើ​នយោ​បាយ​ក៏​ដោយ​ របបរាជា​ធិប​តេយ្យ​កម្រ​មាន​បញ្ហាណាស់។ ហើយ​ ខណៈ​ដែល​ច្បាប់ប្រមាថ​ព្រះ​មហា​ក្សត្រ​រឹត​បន្តឹង​លើ​អ្វី​ដែលត្រូវ​បាន​និយាយ​ថា​អំពី​ព្រះ​មហាក្សត្រក្នុង​ប្រទេស​ថៃ ការ​គោរព​ក្រុម​គ្រួសារ​រាជ​វង្សា​នុវង្ស ​មាន​ភាព​ភាព​ធំធេង​ណាស់។

​ភាព​វឹកវរ​ជា​ច្រើន​ទសវត្សរ៍ ​ព្រះ​មហាក្សត្រ​ ភូមី​បុល ​បាន​ត្រូវគេ​មើល​ឃើញ​ថាជា​កម្លាំង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ដែល​បាន​ជួយ​មើល​ខុសត្រូវ​ការធ្វើ​កំណែទ​ម្រង់​សេដ្ឋ​កិច្ច​របស់​ប្រទេស​នោះ ឥឡូវនេះ ​ថៃ​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំ​ទី២​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ដំរី​ពី​ក្រុង​អយុធ្យា​ក្រាប​ក្នុង​ពេល​ក្បួន​ដង្ហែ​នៅ​ជិត​បរម​រាជ្យវាំង​ដើម្បី​អបអរ​ដល់​ពិធី​ឡើង​សោយ​រាជ្យ​របស់​ព្រះ​មហាក្សត្រ ​ មហា វេជ្ជរាឡុង​កន។
ដំរី​ពី​ក្រុង​អយុធ្យា​ក្រាប​ក្នុង​ពេល​ក្បួន​ដង្ហែ​នៅ​ជិត​បរម​រាជ្យវាំង​ដើម្បី​អបអរ​ដល់​ពិធី​ឡើង​សោយ​រាជ្យ​របស់​ព្រះ​មហាក្សត្រ ​ មហា វេជ្ជរាឡុង​កន។

ក៏ប៉ុន្តែ ​លោក​ Thitinan Pongsudhirak​ ជា​អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​នៅឯ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ក្នុង​ក្រុង​បាងកក​ និយាយ​ថា ​ព្រះ​មហាក្សត្រ​ វេជ្ជរា​ឡុងកន ​បានឡើង​សោយរាជ​ក្នុង​សម័យ​ផ្សេង។

លោក​និយាយ​ថា៖ «ព្រះ​មហាក្សត្រ ​ឡើង​សោយរាជ​ក្នុង​កាលៈ​ទេសៈ​ខុស​គ្នា​ស្រ​ឡះ​ពីព្រះ​រាជបតា​របស់​ព្រះអង្គ​ដែល​ការ​ឡើង​សោយរាជ្យ​របស់​ព្រះ​បិតា​ព្រះ​អង្គ​ជួន​គ្នា​នឹង​សង្គ្រាម​ត្រជាក់អស់​រាប់​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​ថៃ ​ហើយ​ចាំបាច់​ដើម្បី​ទប់​ស្កាត់​របប​កុម្មុយនិស្ត​និង​ស្ថាបនា​ប្រទេស​ថៃ។ ការសោយ​រាជ្យ​នេះ ​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​របស់​ថៃ​ក្នុង​សតវត្សរ៍​ទី​២១ ​ជា​ពិសេស ​ក្នុងជម្លោះ​នយោ​បាយ​របស់​ប្រទេសនោះ។

លោកនិយាយ​ថា៖ «ព្រះបិតា​របស់​ព្រះអង្គ ក៏​បាន​ស្ថាបនា​របប​រាជានិយម​ឡើង​វិញ ​ដែល​ព្រះ​ករុណា ​បានកាន់​តំណែង​ជាព្រះរាជា​ដ៏​ខ្លាំងមួយ​អង្គ»។

ព្រះ​មហាក្សត្រ​ វេជ្ជរា​ឡុងកន ដែល​មាន​ព្រះជន្ម​៦៦​ព្រះ​វស្សា បាន​ចាត់​វិធានការ​ក្លាហាន​ដើម្បីពង្រឹង​កម្លាំង​និង​ការគ្រប់​គ្រង​របស់​ព្រះ​អង្គនិង​ពង្រឹង​ការត្រួត​ត្រាកិច្ច​ការរាជ​វង្សានុវង្ស។

ព្រះអង្គ​បាន​ទប់​មិន​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ក្រុម​ប្រឹក្សា​យោធា រហូត​ទាល់​តែ​ពួកគេ ​បាន​យល់​ព្រម​ផ្តល់​សម្បទានឲ្យ​ព្រះ​អង្គត្រួត​ត្រា​ការិយាល័យ​ទ្រព្យសម្បត្តិ​របស់​រាជ​វាំង ​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ក៏​៣០​ពាន់​លាន​ដុល្លារ។ ក្រុម​ប្រឹក្សា​យោ​ធា ​ក៏​អនុញ្ញាត​ឲ្យ​ព្រះមហាក្សត្រ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​ច្រើន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ​ដែល​នៅ​ទី​នោះ​ព្រះ​អង្គមាន​ដំណាក់ ​ធ្វើ​ដំណើរ​ទៅ​បរទេស​ដោយ​មិន​ចាំបាច់​មាន​ការ​តែង​តាំងអ្នក​គ្រប់​គ្រង​ប្រទេស​ជំនួស។

​ក្រុម​ប្រឹក្សា​យោធា ​ក៏​បាន​អនុញ្ញាត​ឲ្យ​ព្រះ​មហាក្សត្រ​មាន​អំណាច​តែងតាំង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​គណៈ​សង្ឃ ​ដែល​ជា​អង្គ​គ្រប់​គ្រង​ព្រះពុទ្ធសាសនា​ថៃ ​និង​ប្រធាន​គណៈ សង្ឃ​ថ្មី ដែល​ព្រះ​អង្គ​បាន​ប្រើ​អំណាច​នៅ​ពេល​ថ្មីៗ​នេះ។

លោក​ Paul Chambers​ ជា​អ្នក​វិភាគ​នយោបាយ​និង​ជា​សាស្រ្តាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ Naresuan University​ ភាគ​ខាង​ជើង​ប្រទេស​ថៃ ​បាន​និយាយ​ថា៖ «ព្រះ​អង្គ ​បាន​បង្ហាញ​ថា ​ព្រះ​អង្គ​ជា​មេដឹកនាំ​សកម្ម​ជាង​ព្រះ​បិតា​របស់​ព្រះ​អង្គ។ លោក​និយាយ​សំដៅ​ដល់​ការ​ផ្ទេរ​អង្គភាព​យោ​ធា​ខ្លះ ​រួមទាំង​កងពលថ្មើរជើង​ទី១​នៃ​ឆ្មាំ​ការ​ពារ​របស់​ព្រះ​មហាក្សត្រ​នៅ​ក្រោម​ការ​ត្រួត​ត្រា​ផ្ទាល់​របស់​ព្រះ​បរម្យ​រាជ​វាំង​នៅ​ខែ​មេសា ​ឆ្នាំ​២០១៧។

លោក​ Chambers ​បាន​និយាយ​ទៀត​ថា ​អតីត​ឧត្តមសេនីយ៍​ដែល​ព្រះ​មហាក្សត្រ ​បាន​តែង​តាំង​នៅ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ទទួលការ​សរសើរ​មក​ពីភាគី​យោធា​ដែល​ជា​ប្រពៃណី​បាន​ជំទាស់​ប្រឆាំងក្រុម​ប្រឹក្សា​ផ្តល់​យោបល់​នោះ​ដែលមាន​ពួក​យោ​ធា​ភាគ​ច្រើន ​ហើយ​ការណ៍​នេះ ​ព្រះ​អង្គ ​ហាក់​ដូចជា​បន្ត​តែង​តាំង​សមាជិក​ដែល​ស្មោះ​ត្រង់​ព្រះ​អង្គ​ច្រើន​ជាង​ក្រុម​ប្រឹក្សា​យោធា​ឬ​ព្រះ​បិតា​របស់​ព្រះ​អង្គ។

​លោក ​Chambers ​និយាយថា៖ «លោក ​អ្នក​នឹង​ឃើញ​មនុស្ស​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ផ្តល់​យោ​បល់​ដែល​មាន​ភាព​ស្មោះ​ត្រង់​កាន់​តែ​ច្រើន​ឡើង​ដល់​ព្រះ​មហាក្សត្រ​ថ្មី។ ​ហើយ​ ​មនុស្ស​ដដែល​ទាំង​នោះ ​នឹង​មិន​ជិត​ស្និទ្ធ​នឹង​ក្រុម​ប្រឹក្សា​យោ​ធា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ។​ ព្រះមហាក្សត្រ​ថ្មី​នេះកំពុង​ព្យាយាម​ធ្វើ​មិន​ឲ្យ​ពួក​យោធា​មាន​កម្លាំង​នយោបាយ​ឡើង​វិញក្នុង​ប្រទេស​ថៃ​ក្នុងរបៀប​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ផល​ប្រយោជន៍​ផ្ទាល់និងប្រជារាស្រ្ត​ផ្ទាល់​របស់​ព្រះ​អង្គ។​ ការ​ផ្លាស់​ប្តូរ​កាន់​តែ​ច្រើន​ឡើង ​នឹង​កើត​មាន​ឡើង៕

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន

XS
SM
MD
LG