ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​បើក​ចំហ​ការ​ចុះ​ល្បាត​ព្រៃឈើ​របស់​សហគមន៍​មូលដ្ឋាន​


ក្រុម​សង្គម​ស៊ីវិល ដាក់​ញត្តិនៅ​ក្រសួង​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ចំហ​ការ​ចុះ​ល្បាត​ព្រៃឈើ​នៅ​តាម​មូលដ្ឋាន​និង​ជំរុញ​ឲ្យ​ពង្រឹង​ការ​ការពារ​ព្រៃ​ឈើ​បន្ថែម​ទៀត។​

នៅ​ខាង​មុខ​ក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្រុម​មន្រ្តី​និង​យុវជន​ប្រមាណ​២០​នាក់​ដែល​មក​ពី​សមាគម​ សហគមន៍​ និង​អង្គការ​នានា​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ​បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​សាមី​ទាំង​២​ដែល​មាន​សមត្ថកិច្ច​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​ ជា​ពិសេស​ការ​បើក​លម្ហ​សេរីភាព​ដល់​ប្រជា​សហគមន៍​និង​ពលរដ្ឋ​ឱ្យ​ចូល​ល្បាត​ព្រៃ​ដោយ​មិន​មាន​ការ​រឹតត្បិត។​

ពួកគេ​អះអាង​ថា​ដោយ​សារ​ការ​កាប់​បំផ្លាញ​និង​ការ​បាត់បង់ព្រៃឈើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​តែ​បន្ត​បាត់​បង់​គួរ​ឱ្យ​ព្រួយ​បារម្ភ។​

បើ​តាម​ញត្តិ​ដែល​វីអូអេ​ទទួល​បាន​ ពួកគេ​ជំរុញ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក ​វេង សាខុន​ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ​ សំអាល់ ឲ្យ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ការពារ​និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ឱ្យ​ដូច​ការ​ដាក់​ចេញ​ទិស​ដៅ​បង្កើត​គម្រប​ព្រៃ​ឈើ​ឡើង​វិញ​ឱ្យ​បាន​៦០%​នៃ​ផ្ទៃ​ដី​សរុប​របស់​កម្ពុជា​ត្រឹម​ឆ្នាំ​២០២៩​បន្ទាប់​ពី​ពួក​គេ​កត់​សម្គាល់​ថា​ព្រៃឈើ​នៅ​តែ​បាត់​បង់​ជា​បន្ត​បន្ទាប់​គួរ​ឱ្យ​ព្រួយ​បារម្ភ។​ ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​ទាំង​២​តាម​ដាន​ការ​អនុវត្ត​កិច្ច​សន្យា​និង​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​ ស៊ើប​អង្កេត​និង​ផ្សព្វ​ផ្សាយ​ជា​ចំហ​នូវ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចំនួន​២១១​តោន​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​អាជ្ញាធរ​គយ​ហុងកុង​កាល​ពី​កន្លង​ទៅ។​

ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)
ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)

ពួក​គេ​ក៏​ស្នើ​ឲ្យ​បើក​ទូលាយ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​និង​ករណីកិច្ច​នានា​ចំពោះ​សហគមន៍​មូលដ្ឋាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ សមាគម​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជា​ពលរដ្ឋ។​ ញត្តិ​ដដែល​បញ្ជាក់​ថា​សហគមន៍​ព្រៃ​ឈើ​បន្ត​រង​ការ​គំរាម​កំហែង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​ការ​កាប់​រាន​ទន្ទ្រាន​យក​ដីព្រៃ​ខុស​ច្បាប់​ដូច​ជា​សហគមន៍​ព្រៃ​សេះ​ សហគមន៍​ព្រៃឈើ​ភ្នំ​បាក់​ សហគមន៍​ព្រៃ​ឈើ​ថ្ម​ទន្លេ​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ស្ថិត​ក្នុង​ស្រុក​សៀមបូក​ខេត្ត​ស្ទឹងត្រែង​ជា​ដើម​និង​បាន​កត់​សម្គាល់​ពី​ស្ថានភាព​គម្រប​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា​ដោយ​ថា​ក្នុង​ឆ្នាំ​២០០២​ គម្រប​ព្រៃឈើ​មាន​ចំនួន​៦១,១៥%​ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៤៦,៨៦%​តែ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៨។​

លោក​ ស្រី ថី​ អ្នក​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​ដែល​បាន​ចូលរួម​ដាក់​ញត្តិដោយ​ផ្ទាល់​ទៅ​ក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ដល់​បច្ចុប្បន្ន​គំហុក​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មាន​លើស​ពេល​ណាៗ​ទាំង​អស់។​ លោក​បន្ត​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក មន្ត្រី​មាន​សមត្ថកិច្ច​បាន​រឹត​ត្បិត​និង​ហាម​ឃាត់​មិន​ឱ្យ​ប្រជា​សហគមន៍​ព្រៃ​ឡង់​ចូល​ទៅ​ល្បាត​ព្រៃ​ឈើ​ដូច​មុន​ឆ្នាំ​២០១៩​នោះ​ទេ។​

លោក​ក៏​បាន​ឱ្យ​ដឹង​ថាការ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​តែ​កើត​មាន​ក្នុង​តំបន់​នោះ​គឺ​មាន​ទាំង​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​និង​ខ្លះ​ចំណាក​ស្រុក​ពី​ខេត្ត​ផ្សេង​ មេ​ឈ្មួញ​ឈើ​ក្នុង​តំបន់​នោះ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​ដី​របស់​សហគមន៍​ព្រៃឡង់​និង​បាន​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​នោះ។​

លោក​ស្នើ​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ចាប់​ជន​ល្មើស​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​និង​ដាក់​ទោស​ទណ្ឌតាម​ច្បាប់និង​ត្រូវ​ដាំដើម​ឈើ​ឡើង​វិញ​នៅ​កន្លែង​ដែល​បាន​បំផ្លាញ។​ លោក​ជំរុញ​រដ្ឋាភិបាល​ត្រូវ​តែ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​នេះ​ឱ្យ​ដូច​ការ​ទប់​ស្កាត់​ព្រៃ​លិច​ទឹក​និង​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប​ដូច​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ដែរ​ដើម្បី​ការពារ​និង​បង្កើន​ព្រៃឈើ​ឡើង​វិញ។​

លោក​បញ្ជាក់​ថា៖​«ជាពិសេស​ខ្ញុំ​ចង់​ឱ្យ​សម្តេច​តេជោ ​ហ៊ុន សែន​ ​ដែល​គាត់​មាន​ថ្វី​មាត់​ខ្លាំងដាក់​គំនាប​ខ្លាំង​លើ​មន្ត្រី​ដែល​មិន​អនុវត្ត​ច្បាប់។​ទាល់​តែ​គិត​ពិចារណា​ឡើង​វិញ។​ បើ​យើង​នៅ​តែ​ឱ្យ​អ្នក​ខាង​ក្រោម​ធ្វើៗ​ទៅ។​ការ​រាយ​ការណ៍​ភូត​កុហក​ថ្នាក់​លើ​វា​អត់​ល្អ​មើល​ទេ!​ ខ្ញុំ​ចង់​ឱ្យ​គាត់​ចាត់​កម្លាំង​ណា​មួយ​ឱ្យ​ជាក់​លាក់​មួយ​ធ្វើ​ទៅ​លើ​ព្រៃ​ឡង់​ឱ្យ​ពិត​ប្រាកដ»។​

លោក​បន្ត​ថា ​កាល​ពី​ខែ​មុន​ លោក​ក៏​បាន​មក​ដាក់​ញត្តិ​នៅ​ក្រសួង​បរិស្ថាន​ដែរ​ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ព្រៃឈើ​ក្នុង​សហគមន៍​ព្រៃឡង់​ ប៉ុន្តែ​សហគមន៍​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ខាង​ក្រសួង​បរិស្ថាន​អំពី​វិធានការ​និង​ចំណាត់ការ​ណា​មួយ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​នៅ​ឡើយ​ទេ។​

មន្ត្រី​របស់​ក្រសួង​បរិស្ថាន​ចេញ​មក​ជួប និង​ទទួល​ញត្តិពី​តំណាង​ក្រុម​សង្គម​ស៊ីវិល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
មន្ត្រី​របស់​ក្រសួង​បរិស្ថាន​ចេញ​មក​ជួប និង​ទទួល​ញត្តិពី​តំណាង​ក្រុម​សង្គម​ស៊ីវិល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ការ​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃអង្គារ​នៅ​ក្រសួង​ទាំង​២​នេះ​ គេ​ឃើញ​មាន​ការ​តាម​ដាន​និង​ការ​ឃ្លាំមើល​ពី​ជន​ស្លៀក​ពាក់​ស៊ីវិល​ដែល​មាន​អាយកូម​ឬ​ហៅ​ថា​វិទ្យុទាក់​ទង​នៅ​ចង្កេះ​និង​ក្រុម​សន្តិសុខ​ខណ្ឌ​ចំការមន​ជាង​១០​នាក់​មក​ឃ្លាំ​មើល​និង​ថត​រូប​ទាក់​ទង​នឹង​សកម្មភាព​របស់​ពួក​គេ​ផង​ដែរ។​

មន្រ្តី​ក្រសួង​បរិស្ថាន​និង​ក្រសួង​កសិកម្ម​បាន​ចេញ​មក​ទទួល​ញត្តិ​ដើម្បី​យក​ទៅ​ពិនិត្យ​និង​ចុះ​ហត្ថលេខា​ទទួល​លើ​ញត្តិ​ផង​ដែរ។​

បន្ទាប់​ពី​ការ​ដាក់​ញត្តិ​នៅមុខ​ទីស្តីការ​ក្រសួង​បរិស្ថានលោក ​ហេង គឹមហុង ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ បាន​បញ្ជាក់​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ថា​ការ​ដាក់​ញត្តិ​នេះ​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​និង​ការ​ទន្ទ្រាន​ព្រៃ​ឈើ​ជា​បន្ត​បន្ទាប់​នេះ។

លោក​ជឿ​ថា​ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​សហការ​ជាមួយ​ប្រជា​ពលរដ្ឋ​ឬ​ប្រជា​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ការពារ​ព្រៃឈើ​ ​នោះ​នឹង​អាច​ការ​ពារ​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តភាព។​លោក​ចង់​ឱ្យ​ក្រសួង​បរិស្ថាន​និង​ក្រសួង​ពាក់​ព័ន្ធ​គួរ​តែ​ទទួល​យក​នូវ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ឬ​បណ្តាញ​សហគមន៍​ព្រៃឈើ​ឬ​របាយ​ការណ៍​របស់​បុគ្គល​ផ្សេង​ទៀត​យក​មក​សិក្សា​ស្រាវជ្រាវ​ជា​ជាង​ការ​បដិសេធ​ឬ​ច្រាន​ចោល​នូវ​របាយ​ការណ៍​ពី​ការ​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ​ដែល​បាន​កើត​ឡើង។​

លោក​ថ្លែង​ថា៖​ «មនុស្ស​យើង​មិន​អាច​មាន​សមត្ថភាព​ឯ​ណា​ គ្រាន់តែ​ឮ​ស្តាប់​ហើយ​ទ្រង់​ញាណ​ទៅ​ដឹង​ថា​របាយ​ការណ៍​ហ្នឹង​សុក្រឹត​ឬ​មិន​សុក្រឹត​ទេ។​ អ៊ីចឹង​មាន​តែ​ការ​សិក្សា​ហើយ​ប្រៀប​ធៀប​ប្រសិន​បើ​របាយ​ការណ៍​នោះ​ពិត​ឬ​មិន​ពិត​គួរ​តែ​មាន​ការ​ប្រៀប​ធៀប​ជាក់​លាក់​មាន​ការ​ធ្វើ​របាយការណ៍​ត្រឡប់​ទៅ​វិញ​ បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​ មិន​មែន​ធ្វើ​ការ​បដិសេធ​ភ្លាមៗ​ដែល​យើង​ពេល​ខ្លះ​និយាយ​ដោយ​ស្មោះ​ត្រង់​ យើង​ឃើញ​គល់​ឈើ​ជាក់​ស្តែង។​ ដូច​បណ្តាញ​សហគមន៍​អ៊ីចឹង​ពេល​ដែល​គាត់​ចុះ​ទៅ​ល្បាត​ គាត់​ឃើញ​គល់​ឈើ​ជាក់​ស្តែង​ហើយ​ថា​របាយការណ៍​កុហក​ម៉េច​របាយ​ការណ៍​នយោបាយ​យ៉ាង​ម៉េច​ព្រោះអី​គល់​ឈើ​មាន»។​

លោក​ នេត្រ ភក្ត្រា​ រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ចាត់​ទុក​ថា​សកម្មភាព​របស់​ក្រុម​យុវជន​បរិស្ថាន​មួយ​ចំនួន​ជ្រក​ក្រោម​ស្លាក​បរិស្ថាន​និង​ធ្វើ​ទង្វើ​ទុច្ចរិត​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ និង​បាន​ត្រឹមតែឈរ​មើល​តែ​ប៉ុណ្ណោះ។លោក​បន្ថែម​ថា​ទង្វើ​បែប​នេះ​មិន​មែន​ជា​ការ​ស្រឡាញ់​និង​ការ​ចូលរួម​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដោយ​ស្មោះ​ត្រង់​ឡើយ។​

លោក​បន្ត​ថា​ការ​ការពារ​ធនធាន​ធម្មជាតិ​នេះ​គឺ​ត្រូវ​តែ​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ដោយ​ភាព​សុចរិត​និង​ការ​សហការ​និង​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​ប្រាប់​វីអូអេ​ថា៖​ «យើង​សង្កេត​ឃើញ​ថា​ក្រុម​សកម្មជន​មួយ​ចំនួន​ដែល​ជា​សកម្មជន​នយោបាយ​ជ្រក​ក្រោម​ស្លាក​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ហ្នឹង​ គឺ​តែង​តែ​ធ្វើ​សកម្ម​ភាព​នានា​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍។​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ស្នើ​សុំ​គួរ​តែ​ពួក​គេ ប្រែ​ក្លាយ​ពី​ការ​គ្រាន់​តែ​និយាយ​ឱ្យតែ​ពីរោះ​ត្រចៀក​ខ្លួន​ឯង​ហ្នឹង​មក​ធ្វើ​សកម្មភាព​ជាក់​ស្តែង​ក្នុង​ការ​ចូលរួម​ស្តារ​ព្រៃឈើ​ឡើង​វិញ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ការ​ផ្លាស់​ប្តូរ​ជីវភាព​ក៏​ដូច​ជា​ការ​ផ្តល់​ជម្រើស​ថ្មី​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដូច​ដែល​ក្រសួង​បរិស្ថាន​បាន​កំពុង​តែ​ធ្វើ​ដើម្បី​បង្កើត​ជីវភាព​របស់​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​អភិរក្ស​កុំ​ឱ្យ​ពួក​គាត់​បន្ត​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​ទាំង​ស្រុង»។​

មន្ត្រី​របស់​ក្រសួង​កសិកម្ម​ចេញ​មក​ជួប និង​ទទួល​ញត្តិ​ពី​តំណាង​ក្រុម​សង្គម​ស៊ីវិល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
មន្ត្រី​របស់​ក្រសួង​កសិកម្ម​ចេញ​មក​ជួប និង​ទទួល​ញត្តិ​ពី​តំណាង​ក្រុម​សង្គម​ស៊ីវិល ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​លោក​ វេង សាខុន​ និងអ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​លោក​ស្រី​វុឌ្ឍី​បាន​នៅ​ឡើយ​ទេ។

លោក​ ហេង គឹមហុង​ ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ​និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ដែល​ចោទ​ថាសកម្មភាព​របស់​យុវជន​បរិស្ថាន​ជា​ការ​ធ្វើ​ដោយ​គ្មាន​ឆន្ទៈ​និង​ក្រោម​ស្លាក​នយោបាយ​នោះ​ថា​លោក​មិន​យល់​ថា​តើ​អ្វី​ទៅ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​សាធារណៈ​ជា​ពិសេស​មន្ត្រី​ដែល​មាន​សមត្ថកិច្ច។​ លោក​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​គួរ​តែ​យក​ការ​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​ទៅ​ពិចារណា​និង​រក​វិធី​សាស្រ្ត​បំពេញ​ការងារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។​ លោក​ថា​ក្រសួង​គួរ​តែ​ឆ្លើយ​តប​វិជ្ជមាន​ជាង​នេះ ហើយការ​ឆ្លើយ​តប​របស់​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង​បែប​នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្រសួង​កំពុង​តែ​ខ្វះ​ឆន្ទៈ​ទៅ​វិញ​ទេ​ក្នុង​ការ​បើក​ទូលាយ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណ​ជន។​

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មីនា​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ចេញ​បញ្ជា​ជា​ថ្មី​ឲ្យ​បង្កើន​ការ​បង្រ្កាប​បទ​ល្មើស​នេសាទ​និង​ព្រៃឈើ​ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដោយ​លោក​ថា​ការ​បង្រ្កាប​បទ​ល្មើស​កាល​ពី​កន្លង​ទៅ​គឺ​ជា​បទ​ល្មើស​តូច​តាច​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG