ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ជាង​១០០​អំពាវ​នាវ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អ្នក​ការពារ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី


រូបឯកសារ៖ ព្រៃឈើត្រូវបានកាប់ដើម្បីធ្វើដីសម្បទាននៅក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
រូបឯកសារ៖ ព្រៃឈើត្រូវបានកាប់ដើម្បីធ្វើដីសម្បទាននៅក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ក្នុង​ស្រុក​ជាង​១០០​បាន​ស្នើ​រួម​គ្នា​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​លោក​ ឆន ផល្លា​ នៅ​ខេត្ត​រតនគិរី​បន្ទាប់ពី​សកម្ម​ជន​រូប​នោះ​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​កាល​ពី​ចុង​ឆ្នាំ​២០២១។​

លោក​ឆន​ ផល្លា ​អាយុ​៤៣​ឆ្នាំ​រស់​នៅ​ក្នុង​ឃុំ​សេដា​ស្រុក​លំផាត់​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​ផ្តន្ទា​ទោស​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​ប្តូរ​បទ​ចោទ​ប្រឆាំង​រូប​លោក​ពី​បទ​«កាប់​គាស់​រុក​រាន​ឆ្ការ​ដុត​និង​ឈូសឆាយ​ដីព្រៃ​មក​ធ្វើ​កម្ម​សិទិ្ធ»​មក​«បទ​កាប់​រាន​ដី​ព្រៃ​ឈូសឆាយ​និង​ហ៊ុមព័ទ្ធ​កាន់​កាប់​ដីព្រៃ»​ ដោយ​យោង​តាម​ច្បាប់​ស្តីពី​ព្រៃ​ឈើ។​គិត​ត្រឹម​ថ្ងៃទី​១១​ខែកុម្ភៈ​នេះ​លោក​ឆន ផល្លា​បាន​ជាប់​ពន្ធនាគារ​ប្រមាណ​បួន​ខែ​មក​ហើយ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូលោក​អំ សំអាត​ ចាត់​ទុក​ ថា ​ការ​ផ្តន្ទា​ទោស​លោក ​ឆន ផល្លា​ជា​ចេតនា​បំបាក់​ស្មារតី​របស់​សកម្ម​ជន​ការពារ​ព្រៃឈើ​ដែល​ហ៊ាន​តតាំង​នឹង​បុគ្គល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា៖​«ជា​រឿង​មួយ​ដែល​បំបាក់​ស្មារតី​ជា​រឿង​គំរាម​កំហែង​ជារឿង​បំភិត​បំភ័យ​ទៅលើ​សកម្ម​ជន​ព្រៃ​ឈើ​និង​សកម្ម​ជន​បរិស្ថាន​ទៅ​វិញ។​អ៊ីចឹង​ហើយ​យើង​នៅ​តែ​ធ្វើ​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ឆន ផល្លា​ហើយ​រួម​គ្នា​ដើម្បី​ការពារ​និង​លើក​កម្ពស់​ទៅ​លើ​សកម្ម​ជន​ព្រៃ​ឈើ​ដែល​គាត់​ធ្វើ​ការ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ជាតិ​ផល​ប្រយោជន៍​របស់​សហគមន៍​និង​ផល​ប្រយោជន៍​រួម​របស់​ប្រជា​ពលរដ្ឋ»។​

បើ​តាម​លោក​អំ​ សំអាត​ លោក​ឆន ផល្លា​មាន​ភាព​សកម្ម​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​និង​ធ្លាប់​ចេញ​មុខ​ប្តឹង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​និង​ជំទាស់​នឹង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ដែល​ខកខាន​មិន​បាន​បំពេញ​តួនាទី​ការពារ​សម្បតិ្ត​ព្រៃ​ឈើ។​ លោក​បន្ថែម​ថា​តុលាការ​ខេត្ត​រតនគិរី​បាន​មើល​រំលង​បណ្តឹង​នានា​របស់​លោក​ឆន ផល្លា​ និង​សកម្ម​ជន​ព្រៃ​ឈើ​ផ្សេង​ទៀត​ តែ​បែរជា​ចាត់​ការ​លើ​បណ្តឹង​ប្រឆាំង​នឹង​លោក​ឆន​ផល្លា​ទៅ​វិញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ដែល​ភាគ​ច្រើន​រង​គ្រោះ​ដោយ​ជម្លោះ​ដីធ្លី​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ ឆន ផល្លា​ជា​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិ​ជាង​១០​ឆ្នាំ​មក​ហើយ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សង្គម​ស៊ីវិលលោក​ឆន ផល្លា​ធ្លាប់​រង​អំពើ​ហិង្សា​ពី​ក្រុម​មនុស្ស​ដែល​ស្និទ្ធ​នឹង​អាជ្ញាធរ​អំឡុង​ខែ​កក្កដា​ឆ្នាំ​២០២០​ចំពោះ​ភាព​សកម្ម​ក្នុង​ការ​រារាំង​បទ​ល្មើស​ព្រៃឈើ។​ លោក​ឆន ផល្លា​បាន​ប្តឹង​តុលាការ​ខេត្ត​ឲ្យ​រក​ជន​សង្ស័យ​ដែល​ប្រើ​ហិង្សា​លើ​រូប​លោក​ប៉ុន្តែ​តុលាការ​មិន​ចាត់​ការ​ទេ។​

អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ដី​ធ្លី​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​ «យើង​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​ឆន ផល្លា​និង​ដោះ​លែង​លោក​ឲ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខ​ខណ្ឌ» ។​ ពួក​គេ​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ចងចាំ​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​ការ​ពារ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ។​

លោក​ឆន ផល្លា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០២១​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខណៈ​លោក​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​សេដា​ស្រុក​លំផាត់​ ខេត្ត​រតនគិរី។​ នេះ​បើ​តាម​អង្គការ​សង្គម​ស៊ីវិល។​

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​និង​តស៊ូ​មតិ​របស់​បណ្តាញ​យុវជន​កម្ពុជា​លោក​ ហេង គឹមហុង​យល់​ថា​សកម្ម​ជន​ការពារ​បរិស្ថាន​ក៏​ដូចជា​សកម្មជន​ការពារ​ព្រៃ​ឈើ​ជា​ញឹក​ញាប់​បាន​រង​ការ​គំរាម​កំហែង​ចំពោះ​ភាព​សកម្ម​របស់​ពួក​គេ​ក្នុង​ការ​អភិរក្ស​សម្បត្តិ​ធម្មជាតិ​ក្នុង​នោះ​គឺ​ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ។​

«ក្នុង​នាម​ខ្ញុំ​ជា​បុគ្គលិក​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ ខ្ញុំ​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​និង​ឲ្យ​ដោះលែង​សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ​ឲ្យ​ទទួល​បាន​សិទ្ធិ​សេរីភាព​វិញ​ ពីព្រោះ​អី​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ​ បរិស្ថាន​មិន​មែន​ជា​អំពើ​ឧក្រិដ្ឋ​ទេ។​ ហើយ​ផ្ទុយ​ទៅវិញ​គឺ​ជា​សកម្ម​ភាព​ដែល​ការពារ​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ការពារ​ប្រយោជន៍ ​និង​ធនធាន​ជាតិ»។​

ប៉ុន្តែ​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរីលោក​កែវ ពិសុទ្ធ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​តុលាការ​មិន​អាច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ដោយ​គ្មាន​ទឡ្ហីករណ៍​ច្បាប់​ច្បាស់​លាស់​និង​ភស្តុតាង​នោះ​ទេ។ ​លោក​បន្ថែម​ថា​ សកម្ម​ជន​ការពារ​ព្រៃ​ឈើ​លោក ​ឆន ផល្លា​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត។​

«គាត់​មាន​សិទ្ធិ​ទៅ​លើ​ទៀត​ព្រោះ​ថាតុលាការ​ជាន់​ក្រោម​គាត់​មិន​រក​យុត្តិធម៌​ឲ្យ​គាត់​បាន​ពេញ​លេញ​ទេ​មិន​សម​នឹង​គោល​គំនិត​របស់​គាត់​ឬ​មួយ​ចិត្ត​របស់​គាត់​ចង់​បាន​ គាត់​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់​ខ្ពស់»។​

ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​ថា​តុលាការ​ខេត្ត​រតនគិរី​មិន​ចាត់​ការ​បណ្តឹង​របស់​លោក​ឆន ផល្លា ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ មន្រ្តី​តុលាការ​រូប​នោះ​ពន្យល់​ថា​លោក​ ផល្លា​ មិន​បាន​ផ្តល់​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​ពាក្យ​បណ្តឹង​របស់​គាត់​ទេ។

បើ​តាម​សង្គម​ស៊ីវិល​ កាល​ពី​កន្លង​ទៅ​ក៏​មាន​ករណី​ហិង្សា​ដែល​ត្រូវ​គេ​សង្ស័យ​ថា​បង្ក​ឡើង​ដោយ​ក្រុម​មនុស្ស​ដែល​ស្និទ្ធ​នឹង​អាជ្ញាធរ​មក​លើ​លោក​ឆន ផល្លា ​ខណៈ​សកម្ម​ជន​ព្រៃ​ឈើ​រូប​នោះ​បាន​ចូល​រួម​បញ្ចេញ​មតិ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​នៅ​សាលា​ឃុំ​សេដា​ស្រុក​លំផាត់​ ខេត្ត​រតនគិរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG