អ្នកវិភាគបានប្រាប់ VOA ដែលជាវិទ្យុផ្សាយព័ត៌មានឈានមុខគេរបស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានថា ប្រទេសកាន់សាសនាឥស្លាម ជាពិសេសប្រទេសសម្បូរប្រេង និងប្រទេសចិនគួរតែចូលរួមឲ្យបានច្រើនជាងនេះក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួនស៊ីរីដែលកំពុងកើតឡើងជាបន្តបន្ទាប់។
លោក Alam Payind នាយកមជ្ឈមណ្ឌលសិក្សាអំពីមជ្ឈឹមបូព៌ាប្រទេសនៅសាកលវិទ្យាល័យ Ohio និយាយថា ភាពខុសគ្នាផ្នែកនយោបាយ ផ្នែកជាតិពន្ធ និងផ្នែកនិកាយសាសនា ដើរតួយ៉ាងសំខាន់ក្នុងការជះឥទ្ធិពលលើការគិតរបស់ថ្នាក់ដឹកនាំនៅក្នុងប្រទេសកាន់សាសនាឥស្លាមជាច្រើន នៅពេលនិយាយពីការទទួលជនភៀសខ្លួន ហើយថ្នាក់ដឹកនាំក្នុងប្រទេសសម្បូរប្រេងទាំងនោះព្យាយាមមិនទទួលយកជនភៀសខ្លួនទាំងឡាយណាដែលមានភាពខុសប្លែកពីអ្វីដែលប្រទេសពួកគេមាន។
ជនភៀសខ្លួនស៊ីរីបានចាកចេញពីប្រទេសរបស់ពួកគេក្នុងចំនួនយ៉ាងច្រើន ដោយភាគច្រើនបានជ្រើសរើសយកវិធីដ៏គ្រោះថ្នាក់ ហើយបានបង្ខំចិត្តធ្វើដំណើរតាមផ្លូវទឹក និងផ្លូវសមុទ្រដ៏គ្រោះថ្នាក់ទៅអឺរ៉ុប។ ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបក៏បានជួបនូវវិបត្តិនេះផងដែរ ខណៈដែលរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាការហូរចូលនៃចំនួនមនុស្សដ៏ច្រើននេះ ដោយប្រទេសខ្លះបានបិទព្រំដែនរបស់ខ្លួន។ ជាឧទាហរណ៍ ប្រទេសហុងគ្រីបានដាក់រនាំងលួសបន្លានៅព្រំដែនរបស់ខ្លួន។
លោក Payrind ក៏បាននិយាយដែរថា ប្រទេសចិនគួរតែដើរតួឲ្យមានន័យជាងនេះចំពោះវិបត្តិជនភៀសខ្លួនដែលកើតឡើងជាបន្តបន្ទាប់នេះ។ លោកបាននិយាយថា៖ «ដោយសារតែប្រជាជនចិនមានចំនួនច្រើនលើសលប់ទៅហើយ ចិនពិតជាមានការស្ទាក់ស្ទើរក្នុងការទទួលមនុស្សថែមទៀត។ ប៉ុន្តែចិន និងរុស្ស៊ីអាចប្រើឥទ្ធិពលនយោបាយដើម្បីដោះស្រាយវិបត្តិនៅស៊ីរីបាន ហើយការធ្វើបែបនេះអាចនឹងជួយទប់ស្កាត់ប្រជាជនទាំងនោះមិនឲ្យចាកចេញពីប្រទេសរបស់ពួកគេ»។
អ្នកវិភាគមួយចំនួនកំពុងរិះគន់ប្រទេសមូស្លីមអ្នកមាន ដូចជាអារ៉ាប៊ីសាអូឌីត (Saudi Arabia) កូវ៉ែត (Kuwait) កាតា (Qatar) និងបារ៉ែន (Bahrain) ចំពោះការមិនទទួលយកជនភៀសខ្លួនស៊ីរី។ លោក Yahaya Lawal នាយកផ្នែកកិច្ចការនយោបាយនៅអង្គការ Islamic Conference ទទួលស្គាល់ថា បណ្តាប្រទេសអារ៉ាប់អ្នកមានអាចចូលរួមបានច្រើនជាងនេះដើម្បីជួយដល់ជនភៀសខ្លួនទាំងនោះ ប៉ុន្តែលោកបានបន្ថែមថា អង្គការសហប្រជាជាតិគួរតែដើរតួក្នុងលក្ខណៈស្ថាបនាជាងនេះ ក្នុងនាមជាអង្គការអន្តរជាតិ។ លោកនិយាយថា៖ «អង្គការសហប្រជាជាតិត្រូវតែបង្កើតបរិយាកាសមួយដែលមនុស្សអាចរស់នៅក្នុងប្រទេសរបស់គេបាន ហើយការចាកចេញរបស់មនុស្សក្នុងចំនួនច្រើនបែបនេះអាចនឹងត្រូវបញ្ឈប់»។
តួនាទីរបស់សហរដ្ឋអាមេរិក
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានប្រកាសកាលពីថ្ងៃអាទិត្យអំពីការកើនឡើងនៃចំនួនជនភៀសខ្លួនរហូតដល់១០០.០០០នាក់ ដែលអាមេរិកនឹងទទួលយកនៅត្រឹមឆ្នាំ២០១៧។ លោកមិនបាននិយាយពីចំនួនជនភៀសខ្លួនមកពីស៊ីរីនោះទេ។ ប៉ុន្តែ លោក John Dalhuisen នាយកអង្គការលើកលែងទោសអន្តរជាតិ Amnesty International ប្រចាំតំបន់អឺរ៉ុបបានអំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធប្រទេសអ្នកមានរបស់ខ្លួនឲ្យទទួលយកជនភៀសខ្លួនឲ្យបានច្រើនជាងនេះ។
លោកនិយាយថា៖ «ប្រាកដណាស់ វិបត្តិជនភៀសខ្លួនត្រូវការដំណោះស្រាយជាសាកល និងត្រូវការសាមគ្គីភាពនៅក្នុងតំបន់។ ប្រទេសនៅតំបន់ឈូងសមុទ្រ ប្រទេសអូស្រ្តាលី កាណាដា និងប្រទេសនៅទ្វីបអាមេរិកខាងត្បូង គួរចូលតុចរចា ហើយចាប់ផ្តើមពិភាក្សាលើដំណោះស្រាយដែលល្អជាងនេះ»។
ប៉ុន្តែលោក Payind និយាយថា គេមិនគួររំពឹងថាសហរដ្ឋអាមេរិកនឹងទទួលយកជនភៀសខ្លួនច្រើននោះទេ។ លោកនិយាយថា៖ «អាមេរិកត្រូវបានគេរិះគន់ថា មិនបានទទួលយកជនភៀសខ្លួនឲ្យបានច្រើនសមស្រមតាមអំណាចសេដ្ឋកិច្ចរបស់ខ្លួន ក៏ប៉ុន្តែការគិតដូច្នេះ មិនយុត្តិធម៌នោះទេ។ អាមេរិកបានទទួលយកជនទេសន្តរប្រវេសន៍ជាច្រើនជុំវិញពិភពលោករួចទៅហើយ រួមមានមកពីតំបន់មានជម្លោះ ដូចជាប្រទេសសូម៉ាលី អាហ្វហ្គានីស្ថាន និងលីប៊ីជាដើម»។
សហរដ្ឋអាមេរិកបានទទួលជនភៀសខ្លួនចំនួន៧០.០០០នាក់កាលពីឆ្នាំមុន ដោយបានចំណាយប្រាក់អស់១.១០០លានដុល្លារសម្រាប់រដ្ឋាភិបាលសហព័ន្ធ ដែលបានចំណាយទៅលើថ្លៃពិនិត្យពិច័យផ្សេងៗ និងការផ្តល់សេវាតាំងទីលំនៅរយៈពេលរហូតដល់ទៅ៥ឆ្នាំ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ