លោក Grzegorz Schetyna រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសប៉ូឡូញបាននិយាយថា ទ្វីបអឺរ៉ុបត្រូវការឱ្យមានផែនការរួមគ្នាមួយ ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួនដែលកំពុងតែមាន។ ក៏ប៉ុន្តែគឺមិនមែនជាផែនការមួយ ដែលដាក់ចំនួនកម្រិតសម្រាប់ឱ្យប្រទេសនីមួយៗចែងថា ពួកគេគួរទទួលយកមនុស្សប៉ុន្មាននាក់នោះទេ។
នៅក្នុងអត្ថបទបញ្ចេញមតិមួយបោះពុម្ពផ្សាយនៅថ្ងៃចន្ទនេះក្នុងកាសែត Politico Europe លោក Schetyna បាននិយាយថាអាទិភាពទីមួយសម្រាប់សហភាពអឺរ៉ុបគឺបិទព្រំដែនរបស់ផងខ្លួន ហើយថាប្លុកនេះគួរបង្កើតមជ្ឈមណ្ឌលទទួលជនភៀសខ្លួន ដើម្បីឱ្យដឹងថាតើនរណាជាជនភៀសខ្លួននិងថាតើនរណាជាក្រុមជនចំណាកស្រុកដែលមានបញ្ហាសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីការបរទេសប៉ូឡូញបានសរសេរថា «យើងមិនអាចឱ្យបញ្ហាជនភៀសខ្លួន ធ្វើឱ្យមានការបែកបាក់គ្នានិងប្រឆាំងគ្នានៅក្នុងទ្វីបអឺរ៉ុបទេ។ ព្រោះតែហេតុនេះហើយ បានជាយើងគិតគូរអំពីបញ្ហាប្រឈមនៅចំពោះមុខ មិនមែនក្នុងន័យនៃការដាក់កំហិតឱ្យមានចំនួនកម្រិត ដែលប្រហែលជាវិធីហួសសម័យនិងមិនគ្រប់គ្រាន់ទេនៅពេលនេះ ក៏ប៉ុន្តែគិតពីបញ្ហានេះក្នុងន័យនៃសាមគ្គីភាពវិញ។»
លោក Schetyna បានថ្លែងថាប្រទេសប៉ូឡូញមិនជំទាស់នឹងការទទួលយកជនភៀសខ្លួននោះទេ ក៏ប៉ុន្តែថាសំណើដែលឱ្យប្រទេសជាតិជាសមាជិកនៃសហភាពអឺរ៉ុប ដើម្បីទទួលចំណែកនៃជនភៀសខ្លួន១២០.០០០នាក់ មិនបានដោះស្រាយបញ្ហានេះឱ្យបានពេញលេញទេ៕