អាជ្ញាធរវិមានវ៉ាទីកង់បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលគ្រួសារស៊ីរីមួយមានសមាជិកបួននាក់ឱ្យស្នាក់អាស្រ័យតាមការសន្យារបស់សម្តេចប៉ាប Francis។
គ្រួសារដែលមានឳពុក ម្តាយនិងកូនពីរនាក់ជាសមាជិកនៃព្រះវិហារគ្រិស្តសាសនាកាតូលិក Melkite របស់ប្រទេសក្រិក ដែលជានិកាយគ្រិស្តសាសនាមួយនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា។ ពួកគេបានដាក់ពាក្យសុំសិទ្ធិជ្រកកោនក្នុងប្រទេសអ៊ីតាលីនិងជាភ្ញៀវរបស់វិមានវ៉ាទីកង់ក្នុងរយៈពេលនៃដំណើរការចុះបញ្ជីតាមផ្លូវច្បាប់។
អាជ្ញាធរវិមានវ៉ាទីកង់បានសន្យាថា នឹងផ្តល់កន្លែងជ្រកកោនឱ្យគ្រួសារជនភៀសខ្លួនចំនួនពីរគ្រួសារ។ គ្មានសេចក្តីរាយការណ៍លម្អិតអំពីគ្រួសារទីពីរទេនៅពេលនេះ។
វិមានវ៉ាទីកង់បាននិយាយថា គ្រួសារជនស៊ីរីនេះបានមកដល់ប្រទេសអ៊ីតាលីកាលពីថ្ងៃទី៦ ខែកញ្ញា ជាថ្ងៃដែលសម្តេចប៉ាប Francis បានសុំដល់ពួកជើងព្រះវិហារគ្រិស្តសាសនាកាតុលិក អាវាស ដូនជី និងវត្តគ្រិស្តសាសនា
ប្រមាណ១២០.០០០នាក់ឱ្យទទួលយកគ្រួសារយ៉ាងហោចណាស់មួយពីភូមិភាគមជ្ឈឹមបូព៌ាដែលរត់គេចខ្លួនពីសង្គ្រាមនិងភាពទីទាល់ក្រ។ ការអំពាវនាវរបស់ព្រះអង្គបានទទួលការឆ្លើយតបចម្រុះគ្នា។
សហភាពអឺរ៉ុបដែលមានប្រទេស២៨ជាសមាជិក បានតស៊ូក្នុងឆ្នាំនេះដើម្បីទទួលយកជនចំណាកស្រុកនិងជនភៀសខ្លួនច្រើនបំផុតចូលក្នុងទ្វីបនេះចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕