ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រឆាំង​ដើម្បី​បញ្ចប់​អាពាហ៍​ពិពាហ៍​កុមារ​នៅ​ប្រទេស​នីហ្សេរីយ៉ា​ភាគ​ខាងជើង​នៅតែ​មាន​ជាបន្ត


ស្រ្តី​ក្នុង​ភូមិ​ក្រៅ​ទីក្រុង​ Kaduna ដើម្បី​អបអរ​អាពាហ៍ពិពាហ៍របស់កុមារី​ Basira Bello អាយុ​១៤ឆ្នាំ​ ជាមួយ​នឹង​បុរស​អាយុ​៣០ឆ្នាំ Salihu Amiru។
ស្រ្តី​ក្នុង​ភូមិ​ក្រៅ​ទីក្រុង​ Kaduna ដើម្បី​អបអរ​អាពាហ៍ពិពាហ៍របស់កុមារី​ Basira Bello អាយុ​១៤ឆ្នាំ​ ជាមួយ​នឹង​បុរស​អាយុ​៣០ឆ្នាំ Salihu Amiru។

«ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការ​​ដែល​រៀប​ចំ​រួចជា​ស្រេច​មួយ។ នេះ​ជា​មូលហេតុ​​ដែល​ខ្ញុំ​​រត់​គេច​ខ្លួន។ ខ្ញុំ​មិន​បាន​ស្រឡាញ់​បុរស​នោះ​ទេ ហើយ​ខ្ញុំ​មិន​ស្គាល់​គាត់​ឡើយ។ ខ្ញុំ​ថែម​ទាំង​មិន​ដែល​ឃើញ​គាត់​ពី​មុន​មក​ទេ។ ថ្ងៃ​អាពាហ៍​ពិពាហ៍​ត្រូវ​បាន​កំណត់​ ហើយ​នៅ​យប់​មុនថ្ងៃ​អាពាហ៍​ពិពាហ៍​​ ខ្ញុំ​បាន​រត់​គេច​ខ្លួន​តែ​ម្តង»។​​

ប្រទេស​នីហ្សេរីយ៉ា​ជា​ប្រទេស​ដែល​មាន​កូន​ក្រមុំ​ជា​អនីតិជន​ច្រើន​បំផុត​ក្នុង​ទ្វីប​អាហ្រ្វិក។ ទម្លាប់​មួយ​នេះ​ពេញ​និយម​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើងនៃ​ប្រទេស​នេះ ដែល​មាន​ជនមូស្លីម​ច្រើន​លើស​លប់ និង​ជា​ទី​ដែល​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​អភិរក្ស​និយម​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​ប្រឹង​ប្រែង​ដាក់អាពាហ៍​ពិពាហ៍​កុមារ​ជា​អំពើ​ឧក្រិដ្ឋ។

កុមារី ​Rahmatu​ និង​ កុមារី ​Naja'atu ​មិន​បាន​ស្គាល់​គ្នា​ពី​មុន​មកទេ​កាល​ពី​ប៉ុន្មាន​ខែ​មុន។ ប៉ុន្តែ​កាលៈទេសៈ​ស្រដៀង​គ្នា​បាន​នាំ​ឲ្យ​ពួកគេ​ជួប​គ្នា។ កុមារី​ទាំង​ពីរ​នាក់​មាន​អាយុ​១៤​ឆ្នាំ​ ដូច​គ្នា។ កុមារី ​Rahmatu ​បាន​និយាយ​ថា៖

«ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការដែល​រៀប​ចំ​រួចជា​ស្រេច​មួយ។ នេះ​ជា​មូលហេតុដែល​ខ្ញុំរត់​គេច​ខ្លួន។ ខ្ញុំ​មិន​បាន​ស្រឡាញ់​បុរស​នោះ​ទេ ហើយ​ខ្ញុំ​មិន​ស្គាល់​គាត់​ឡើយ។ ខ្ញុំ​ថែម​ទាំង​មិន​ដែល​ឃើញ​គាត់​ពី​មុន​មក​ទេ។ ថ្ងៃ​អាពាហ៍​ពិពាហ៍​ត្រូវ​បាន​កំណត់​ ហើយ​នៅ​យប់​មុនថ្ងៃ​អាពាហ៍​ពិពាហ៍ ខ្ញុំ​បាន​រត់​គេច​ខ្លួន​តែ​ម្តង»។

កុមារី ​Rahmatu និង​កុមារី ​Naja'atu ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​សម្រាប់​កុមារ​នៅ​ទីក្រុង​ Kaduna។ ពួកគេ​មិន​ចង់​ត្រឡប់​ទៅ​ភូមិ​របស់​ពួកគេ ដែល​នៅ​ភាគ​ខាង​ជើង​វិញ​ទេ។​

ក្នុង​ភូមិ​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ Kaduna នេះ ជាធម្មតា​ កុមារី​ត្រូវ​បាន​ឲ្យ​រៀបការ មិន​ថា​ពួកគេ​ចង់ឬ មិន​ចង់​នោះ​ទេ។ កុមារី​ Aisha Ahmed អាយុ​១៥​ឆ្នាំ និង​ជា​ភរិយា​ម្នាក់​បាន​និយាយ​ថា៖

«បើសិន​ជា​ខ្ញុំ​មាន​ជម្រើស​ ពួក​គេ​គួរ​តែ​ឲ្យ​ពេល​ខ្ញុំ​មួយ​ឆ្នាំ​ដើម្បី​បញ្ចប់​ការ​សិក្សា​ ប៉ុន្តែ​ដោយសារ​នេះ​ជា​អ្វី​ដែល​ឪពុក​ម្តាយ​ចង់​បាន​ ខ្ញុំ​មិន​មាន​ជម្រើស​នោះ​ទេ»។

កុមារី​ម្នាក់​ទៀត​គឺ​នាង Sahura Misbahu ជា​ភរិយា​ម្នាក់​មាន​អាយុ​១៥​ឆ្នាំនិយាយ​ថា៖

«ចា៎! ពិត​ណាស់​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​រន្ធត់​និង​ ​ភ័យខ្លាច។ អ្នក​យំ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​គេហដ្ឋាន​ថ្មី​ដោយសារ​អ្នក​កំពុង​ចាក​ចេញពី​ឪពុក​ម្តាយ​របស់​អ្នក ហើយ​អ្នក​មិន​ដឹង​ថា​ គេនឹង​យក​អ្នក​ទៅ​ទី​ណា​ទេ»។

ចំណែក​កុមារី​ Fadilah Bello ជា ភរិយា​អាយុ​១៦​ឆ្នាំ​ម្នាក់ទៀត​បាន​និយាយ​ថា៖

«ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​រឿង​នេះ​ទេ កាល​នោះ។ ខ្ញុំ​ខ្វល់​តែ​រឿង​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​គិត​ដល់​រឿង​អាពាហ៍​ពិពាហ៍​នោះ​ទេ ​រហូត​ដល់​ពេល​ព្រះ​ជាម្ចាស់តម្រូវ​ថា វា​ដល់​ពេល​ហើយ»។

កុមារី​ Basira Bello ​អាយុ​១៤​ឆ្នាំ នឹង​រៀប​ការ​នា​ពេល​ឆាប់ៗ​នេះ​ជាមួយបុរស​ឈ្មោះ​ Salihu ដែល​មាន​អាយុ​ច្រើន​ជាង​នាង​២០​ឆ្នាំ។ នាង​មាន​ក្តី​រំភើប។ ឪពុក​របស់​នាង​រំពឹង​ថា ​នាង​នឹង​គោរព​តាម​ប្រពៃណី​របស់​ប្រទេស​នីហ្សេរីយ៉ា។ លោក​ Abubakar Bello ដែល​ជា​ឪពុក​របស់​នាង​ Basira បាន​និយាយ​ថា៖

«យើង​បាន​ប្រាប់​នាងគ្រប់​រឿង​ដែល​នាង​គួរ​តែ​ដឹង​ទាំងអស់ ពី​ព្រោះ​ប្រសិន​បើ​នាង​មិន​គោរព​តាម​ប្តី​របស់​នាង នាង​ធ្វើ​អ្វី​មិន​កើត​ទេ»។

នៅក្នុង​កម្រិត​សហព័ន្ធ​ ប្រទេស​នីហ្សេរីយ៉ា​បានដាក់​អាពាហ៍​ពិពាហ៍​កុមារ ថា​ជា​អំពើ​ខុស​ច្បាប់។ ច្បាប់​សិទ្ធិ​កុមារ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០០៣ ​បាន​ចែង​ថា​ ភាគី​ទាំង​សងខាង​ត្រូវ​តែ​មាន​អាយុ​យ៉ាង​ហោច​ណាស់​១៨​ឆ្នាំ​ មុន​នឹង​រៀប​អាពាហ៍​ពិពាហ៍។​

ប៉ុន្តែ​ច្បាប់​នោះ​ត្រូវ​បាន​គេ​ទុក​ឲ្យ​រដ្ឋ​នានា​អនុម័ត​យល់​ព្រម ហើយ​រដ្ឋ​នៅ​ភាគ​ខាង​ជើង​ភាគ​ច្រើន​មិន​បាន​អនុម័ត​ឡើយ។

មេធាវី​ម្នាក់​និយាយ​ថា​ ការត្រៀម​ខ្លួន​រួចរាល់​របស់​ក្មេងស្រី​ម្នាក់​សម្រាប់​អាពាហ៍​ពិពាហ៍មិន​ត្រូវ​បាន​កំណត់​ដោយ​អាយុ​របស់​នាង​ឡើយ។​

លោក Awwal Tesleem Shittu មក​ពី​សមាគម​មេធាវីមូស្លីម​នៃ​ប្រទេស​នីហ្សេរីយ៉ា​បាន​និយាយ​ថា៖

«បើសិនជា​ក្មេងស្រី​អាយុ​១៣ឆ្នាំ​ម្នាក់ មាន​រាងកាយ​មិន​ល្អ ប្រហែល​នាង​ជា​មិន​មាន​ស្មារតីប្រក្រតី នាង​មិន​អាចធ្វើការ​ស្វែង​យល់ នាង​មិន​អាច​បែង​ចែក​រឿង​ខុស​និង​ត្រូវ ​គឺ​នាង​មិន​សាកសម​នឹង​រៀប​ការ​ទេ។ នាង​មិន​ទាន់​មាន​វ័យ​ចាស់​ទុំ​សម​ល្មម​ក្នុងការ​រៀប​ការ​ទេ។ បើ​ក្មេងស្រី​អាយុ​៩ឆ្នាំ​ម្នាក់ មាន​កាយសម្បទា​ល្អ ស្មារតី​ល្អ នាង​អាច​រៀបការ​បាន​ដោយសារ​តែ​សាសនា​ឥស្លាម មិន​បាន​ហាម​ឃាត់​នោះ​ទេ»។

សម្រាប់​កុមារី Rahmatu និង​កុមារី Naja'atu ​ពួក​គេ​ចង់​បន្ត​រស់នៅ​ក្នុង​ទីក្រុង ​Kaduna ​ដើម្បី​បាន​សិក្សា​រៀនសូត្រ។ ពួក​គេ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ គ្រួសារ​របស់​ពួកគេ​នឹង​ត្រូវ​បានលើកលែង​ទោស​ឲ្យពួកគេ ក្នុងការ​ដែល​ពួកគេ បាន​រត់គេច​មិន​ព្រម​រៀបការ​នោះ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG