ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បង្កើន​ជំនួយ​ទៅ​ឲ្យ​ប្រទេស​៤​នៅ​ទ្វីប​អាហ្វ្រិក


ប្រធានាធិបតី​​ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ការងារ​អាហារ​ថ្ងៃ​ត្រង់ ជាមួយ​មេដឹកនាំ​ទ្វីប​អាហ្រ្វិក​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​​​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​២០​ កញ្ញា ២០១៧។
ប្រធានាធិបតី​​ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ការងារ​អាហារ​ថ្ងៃ​ត្រង់ ជាមួយ​មេដឹកនាំ​ទ្វីប​អាហ្រ្វិក​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​​​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​២០​ កញ្ញា ២០១៧។

សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​ជំនួយ​មនុស្ស​ធម៌​ទៅ​ឲ្យ​ប្រទេស​យ៉េម៉ែន ​ស៊ូដង់​ខាង​ត្បូង ​នីហ្សេរីយ៉ា​និង​ប្រទេស​សូម៉ាលី​ដើម្បី​ជួយ​មនុស្ស​រាប់​លាននាក់​ដែល​រង​ផល​ប៉ះពាល់​ដោយអសន្តិសុខ​ម្ហូបអាហារ​និង​អំពើ​ហិង្សា។

ប្រាក់​បន្ថែម​៥រយ៧៥លាន​ដុល្លារ​នៅ​ក្នុង​ជំនួយ​មនុស្ស​ធម៌​នឹង​ត្រូវ​ផ្តល់​ឲ្យ​ប្រ​ទេស៤នេះ​តាម​ការ​ប្រកាស​របស់​លោក Mark Green រដ្ឋបាល​របស់​ទីភ្នាក់​ងារអភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​នៅឯមហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ។

ទីភ្នាក់ងារ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ដោយ​មាន​ថវិកា​ថ្មី​នេះ ​សហរដ្ឋ​អាមេរិកនឹង​ផ្តល់​ជំនួយ​គ្រា​អាសន្ន​និង​ជំនួយ​ជា​ម្ហូបអាហារ គ្រឿង​បរិក្ខា​ពេទ្យ​ជួយ​សង្គ្រោះ​ជី​វិត ​ការ​ធ្វើ​ប្រសើរ​ឡើង​នូវអនាម័យ ​កន្លែង​ស្នាក់​នៅក្នុង​គ្រា​អាសន្ន​ហើយ​នឹង​ការពារ​ក្រុម​ដែលងាយ​ទទួល​រង្គ្រោះ​ដែល​បាន​រងផល​ប៉ះពាល់​ដោយសារ​សង្គ្រាម‍»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា «សហរដ្ឋ​អាមេរិក​ក៏នឹង​ផ្តល់​ទឹក​ស្អាត​ហើយ​នឹងផ្តល់​កម្មវិធីសុខភាព​និង​អនាម័យ​ដើម្បី​ព្យាបាល​និង​ការពារ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ ​រួមមាន​ជំងឺ​អាសន្ន​រោគ​ដែល​បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​ប្រ​ទេស​ទាំង​៤នោះ។

យោងតាម​ទី​ភ្នាក់​ងារ​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មនុស្ស​រាប់​លាន​នាក់​ត្រូវការ​ជំនួយ​ទាំង​នោះ​នៅ​ក្នុង​ប្រទេសទាំង​៤​នោះ​ដោយ​សារ​វិបត្តិ​ដែល​មនុស្ស​បង្កើត​ឡើង។​ថវិកា​ថ្មី​ៗ​បំផុត​នេះ​នឹង​ធ្វើ​ឲ្យ​ជំនួយ​មនុស្ស​ធម៌​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ប្រ​ទេស​ដែល​មាន​វិបត្តិ​ទាំង​៤​នោះ​មាន​ចំនួន​ទាំងអស់​ជិត​២ពាន់​៥រយ​លាន​ដុល្លារ​ចាប់​តាំង​ពី​ចាប់​ផ្តើម​ឆ្នាំ​សារពើពន្ធ​២០១៧​នេះមក៕

XS
SM
MD
LG