ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​នីហ្សេរីយ៉ា​ទទួល​ពានរង្វាន់​កិត្តិយស​សម្រាប់​ការ​ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ Boko Haram

  • Lisa Schlein

រូបភាពឯកសារ៖ ស្រ្តី​មួយ​ក្រុម​ដែល​ត្រូវ​ដោះលែង​ពី​ក្រុម​ជីហាដ​ Boko Haram បន្ទាប់ពី​ត្រូវ​បាន​គេចាប់ជម្រិត​កាលពី​ឆ្នាំ២០១៤ភាគ​ខាងជើង​ទីក្រុង​ Chibok​ ប្រទេស​នីហ្សេរីយ៉ាកំពុងអង្គុយ​នៅ​ក្នុង​សាល​ខណ​ដែល​ពួកគេ​ត្រូវ​បាន​ប៉ូលិស​ស្វាគមន៍នៅ ក្នុង​ទីក្រុង​ Abuja ប្រទេស​នីហ្សេរីយ៉ាកាលពី​ថ្ងៃទី​០៧ ឧសភា ២០១៧។

សកម្មជន​នីហ្សេរីយ៉ា​ម្នាក់ គឺ​លោកស្រី​ Rebecca Dali បាន​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​អង្គការ​មូលនិធិ​មនុស្សធម៌ Sergio Vieira de Mello Foundation សម្រាប់​ការងារ​របស់​លោកស្រី ដែល​បាន​ជួយ​ក្រុម​ស្ត្រី និង​កុមារ​កំព្រា​ជា​ច្រើន​នាក់ ​ធ្វើ​សមាហរណកម្ម​ចូល​សហគមន៍​វិញ ក្រោយ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ Boko Haram។

ការ​ប្រគល់​ពាន​រង្វាន់​បានធ្វើ​ឡើង​ក្នុង​ពិធី​អបអរ​ទិវា​មនុស្សធម៌​ពិភពលោក​កាលពី​ថ្ងៃ​ច័ន្ទ​ទី១៩​ ខែ​សីហា​កន្លង​ទៅ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ។

ពាន​រង្វាន់​នេះ​ គឺ​ធ្វើ​ឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ​ដើម្បី​រំឭក​ដល់​លោក Sergio Vieira de Mello ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​ កាល​ពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ២០០៣ ក្នុង​ទីក្រុង​បាកដាដ​ (Bagdad)​ ដែល​មនុស្ស​២១​នាក់​ផ្សេង​ទៀត​បាន​ស្លាប់។ ពានរង្វាន់​នេះ​មាន​គោល​បំណង​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ ឲ្យ​ក្រឡេក​មើល​ការងារ​មនុស្ស​ធម៌​របស់​ក្រុម​មនុស្ស និង​អង្គការ​នានា​នៅក្នុង​តំបន់​មាន​ជម្លោះ ដែល​ពោរពេញ​ដោយ​ភាព​ក្លាហាន តែ​មិន​សូវ​ទទួល​បាន​ការ​កត់​សម្គាល់។

លោកស្រី​ Rebecca Dali បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ ដែល​មាន​ឈ្មោះ​ថា «មជ្ឈមណ្ឌលសម្រាប់​ការ​ពង្រឹង​ភាព​អង់អាច​ និង​ការ​ផ្តួចផ្តើម​សន្តិភាព‍» (Center for Caring Empowerment and Peace Initiative) នៅ​ភាគ​ខាងជើង​ប្រទេស​នីហ្សេរីយ៉ា​ កាល​ពី​ឆ្នាំ​១៩៨៩ ដើម្បី​ជួយ​ស្ត្រី​មេម៉ាយ​និង​កុមារ​កំព្រា​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៩​ នៅ​ពេល​ដែល​ក្រុម​បះបោរBoko Haram បាន​ចាប់​ផ្តើម​ លោកស្រី​បាន​ធ្វើការ​ស្តារ​នីតិសម្បទារបស់​ស្រ្តី​ និង​កុមារ ​ដែល​ត្រូវ​បាន​ក្រុម​សកម្ម​ប្រយុទ្ធ Boko Haram ចាប់​ពង្រត់។ លោកស្រី Dali បាន​ប្រាប់​ VOA ថា ​អ្នក​ដែល​រត់គេច​ខ្លួន​បាន​សម្រេច ​ត្រូវ​បាន​សហគមន៍​របស់​ពួកគេ​ចាត់ទុក​ថា​ជា​ជន​វណ្ណៈទាប។
អ្នកស្រី​បាន​និយាយ​ថា៖ «ពួកគេ​ត្រូវ​បាន​គេ​ស្អប់​ខ្ពើម។ មនុស្ស​ម្នា​មិន​ទទួល​ស្គាល់​ពួកគេ​ឡើយ។ ប្តី​របស់​ពួកគេ​មិន​ទទួល​ស្គាល់​ពួកគេ។ សង្គម​មិន​ទទួល​ស្គាល់​ពួកគេ។ ឪពុកម្តាយ​របស់​ពួកគេ​ពេល​ខ្លះ​ ក៏​មិន​ទទួល​ស្គាល់​ពួកគេ​ដែរ»។

លោកស្រី​ Dali និយាយ​ថា​ អង្គការ​របស់​លោកស្រី ​ផ្តល់​អាហារ​និង​ទីជម្រក​ដល់​ជន​រងគ្រោះ​ និង​បង់​ថ្លៃ​សិក្សា​របស់​កុមារ។​ លោកស្រី​បន្ត​ថា​ ស្រ្តី​និង​ក្មេង​ស្រី​ទទួល​បាន​ការ​ថែទាំ​ពី​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​និយាយ​ពី​រឿង​ដ៏​ឈឺចាប់​របស់​ពួកគេ។

អ្នកស្រី​បាន​និយាយ​ថា៖ «បន្ទាប់​មក​យើង​ទៅ​បញ្ចុះ​បញ្ចូល​មនុស្ស​ក្នុង​សង្គម​ ក្នុង​ចំណោម​ប្រជាជន​ក្នុង​ស្រុក​ ដើម្បី​ឲ្យ​ពួកគេ​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​ទាំង​នោះ​ចូល​ក្នុង​សង្គម​វិញ។ ពួកគេ​នឹង​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គម​ម្តងទៀត»។
លោកស្រី​ Dali ចាត់ទុក​ពានរង្វាន់នេះ​ ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ​ជា​ម្ចាស់។ លោកស្រី​និយាយ​ថា ​វា​នឹង​លើក​ទឹកចិត្ត​ឲ្យ​លោកស្រី​កាន់តែ​ខំប្រឹង​បន្ថែម​ទៀត​ ដើម្បី​ស្រ្តី​មេម៉ាយ​ និង​កុមារ​កំព្រា​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ លោកស្រី​សង្ឃឹម​ថា​ ពានរង្វាន់​នេះ​នឹង​ទាក់ទាញ​ការ​គាំទ្រ​ពី​អន្តរជាតិ​ខ្លាំង​ជាង​មុន ​ដើម្បី​អាច​ឲ្យ​លោក​ស្រី​ធ្វើ​ការងារ​ដ៏​សំខាន់​មួយ​នេះ៕

ប្រែសម្រួលដោយ ទុំ ម្លិះ

XS
SM
MD
LG