អ្នកស្រី Mercy Philip មិនអាចបំភ្លេចថ្ងៃទី១២ខែមករាឆ្នាំ២០១៧បានទេ។ គាត់និយាយថា នៅថ្ងៃនោះ កូនស្រីអាយុ៨ឆ្នាំរបស់គាត់ មកសួរគាត់ថា តើនាងអាចបោកខោទ្រនាប់របស់នាងបានទេ?
អ្នកស្រី Mercy រៀបរាប់បន្តថា៖ «បន្ទាប់មកខ្ញុំបានសួរនាងវិញថា ហេតុអ្វីបានកូនចង់បោកខោរបស់កូន? ពេលនោះនាងនិយាយថា អ្នកជិតខាងរបស់យើងប្រាប់ឱ្យនាងបោកខោនោះ។ ខ្ញុំឆ្លើយតបវិញ៖ «ថាម៉េច? មានរឿងអ្វីកើតឡើង?»
កូនស្រីរបស់អ្នកស្រី Philip បន្ទាប់មកបានរៀបរាប់ពីហេតុការណ៍ ដោយចោទប្រកាន់ បុរសម្នាក់ (អ្នកជិតខាង)នោះថា បានចាប់រំលោភនាង។ ភ្លាមៗនោះ អ្នកស្រី Philip បានយកកូនស្រីរបស់គាត់ទៅមន្ទីរព្យាបាលឯកជនមួយ។ អ្នកស្រី Philip និង ស្វាមីក៏បានរាយការណ៍ដល់ប៉ូលិសនៅថ្ងៃដដែលនោះផងដែរ។ យោងតាមលទ្ធផលនៃរបាយការណ៍របស់ពេទ្យ ប៉ូលិសបានធ្វើការចាប់ឃុំខ្លួនបុរសជាដែលជាជនសង្ស័យ និងកំពុងរង់ចាំការកាត់ទោស។
ជីវិតគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នកស្រី Philip គឺមិនដូចមុនឡើយ បន្ទាប់ពីមានព្រឹត្តិការណ៍នេះកើតឡើង។ សម្រាប់កូនស្រីរបស់អ្នកស្រី Philip សាលារៀនរបស់នាងក្លាយជាសុបិនអាក្រក់មួយ។
កុមារីរងគ្រោះ ដែលជាកូនស្រី របស់អ្នកស្រី Philip រៀបរាប់ថា៖
«ពួកគេយកដុំថ្មមកគប់ខ្ញុំ។ ពួកគេសើចចំអកឱ្យខ្ញុំ វាយដំខ្ញុំ។ ខ្ញុំយំ»។
ភាពអាម៉ាស់ចំពោះសង្គមដោយសារមានកូនក្នុងគ្រួសារត្រូវគេរំលោភសេពសន្ថវៈ បានរារាំងក្រុមគ្រួសារជាច្រើននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា មិនឱ្យស្វែងរកយុត្តិធម៌តាមតុលាការ។ ជាធម្មតាពួកគេ សម្រេចចិត្តបញ្ចប់រឿងក្ដីដោយទទួលសំណងជាសាច់ប្រាក់។
នៅក្នុងបរិវេណដែលគ្រួសារអ្នកស្រី Philip បានរស់នៅក្បែរជនល្មើសនោះ អ្នកជិតខាងផ្សេងៗទៀតបានចំអកដល់គ្រួសារអ្នកស្រី ហើយការចំអកនេះបានបង្ខំឱ្យអ្នកស្រីនិងគ្រួសារផ្លាស់ប្ដូរទីលំនៅ។
អ្នកស្រី Philip ថ្លែងបន្តថា៖ «ពួកគេនឹងចាប់ផ្ដើមជេរប្រមាថខ្ញុំ ថាខ្ញុំមិនចេះអប់រំកូន ពួកគេមើលងាយយើង ខ្ញុំនិងកូនស្រីខ្ញុំ។ ម្ចាស់ផ្ទះឈ្នួលមិនសប្បាយចិត្តនឹងខ្ញុំទេ។ គាត់និយាយថា ខ្ញុំគួរតែឱ្យជនល្មើសមកជួបសម្រួលស្ងាត់ៗ ហើយយើងមិនគួរនាំយកបញ្ហាទាំងនេះទៅតុលាការនោះទេ ហើយខ្ញុំគួរតែ អនុញ្ញាតឱ្យបុរសជនល្មើសមកសម្រួលរឿងនេះ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Philip មិនស្ដាយក្រោយចំពោះការសម្រេចចិត្តប្តឹងទៅតុលាការឡើយ។
គាត់បាននិយាយថា៖ «ខ្ញុំមិនចង់ឱ្យរឿងដែលកើតឡើងមកលើកូនស្រីខ្ញុំ កើតលើមនុស្សម្នាក់ទៀតឡើយ ហើយខ្ញុំចង់ឱ្យឪពុកម្ដាយផ្សេងទៀតអាចរៀនពីអ្វីដែលកើតឡើងមកលើកូនស្រីរបស់ខ្ញុំ។ ខ្ញុំឃើញក្មេងដទៃទៀតរងគ្រោះដោយសារការរំលោភផ្សេងៗ»។
ទិន្នន័យថ្មីបំផុតដែលទាក់ទងនឹងការរំលោភសេពសន្ថវៈកុមារ គឺមានក្នុងឆ្នាំ២០១៤។ ការសិក្សាស្រាវជ្រាវនេះ ដែលធ្វើឡើងដោយគណៈកម្មការប្រជាភិវឌ្ឍន៍ជាតិរបស់ប្រទេសនីហ្សេរីយ៉ា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬ UNICEF និង មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញថា ក្មេងស្រី ម្នាក់ក្នុងចំណោម ៤ នាក់ ហើយក្មេង ប្រុសម្នាក់ក្នុងចំណោម ១០ នាក់នៅប្រទេសនីហ្សេរីយ៉ា ទទួលរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទ មុនពេលពួកគេមានអាយុ១៨ឆ្នាំ។
វេជ្ជបណ្ឌិត Musa Shuaibu គឺជាពេទ្យខាងជំងឺកុមារនៅមន្ទីរពេទ្យ Barau Dikko Teaching ដែលជាមន្ទីរពេទ្យបង្អែកនៅរដ្ឋធានីរបស់រដ្ឋ Kaduna។ មន្ទីរពេទ្យនេះ ត្រូវបានអនុញ្ញាតឲ្យចុះរបាយការណ៍ពេទ្យលើករណីជាប់សង្ស័យជាមួយការរំលោភសេពសន្ថវៈកុមារ។
វេជ្ជបណ្ឌិត Shuaibu បកស្រាយថា៖ «ខ្ញុំកត់សម្គាល់ជាពិសេសថា ស្ទើរតែជារៀងរាល់ថ្ងៃ តែងតែមានការរំលោភបំពានក្នុងទ្រង់ទ្រាយណាមួយ។ ហើយវាគួរឱ្យភ័យព្រួយណាស់ នៅពេលដឹងថាជាក់ស្តែងការរំលោភបំពាននេះតិចតួចបំផុតត្រូវបានរាយការណ៍ទៅមន្ទីរពេទ្យ។ ហើយបើសិនជាការអាក់ខានរាយការណ៍នេះ កើតឡើងជាប្រចាំថ្ងៃ អ្នកអាចគិតមើលទៅ ថាមានរឿងអ្វីកំពុងកើតឡើងនៅក្នុងសង្គមខាងក្រៅ។ មនុស្សទូទៅមិនចង់រាយការណ៍ពីបញ្ហានេះប៉ុន្មានទេ។ ឥឡូវនេះ របាយការណ៍ ចំនួនពីរបី ដែលចេញពីមន្ទីរពេទ្យនេះ ច្រើនតែជាករណីដែលបង្ហាញច្បាស់ពីស្ថានភាពសុខភាពរាងកាយរបស់កុមារជនរងគ្រោះ ដូច្នេះហើយពួកគេរាយការណ៍តែករណីប្រភេទនេះប៉ុណ្ណោះ។»
សកម្មជនកំពុងធ្វើការបញ្ចុះបញ្ចូលរដ្ឋ Kaduna ឱ្យធ្វើសច្ចានុមតិច្បាប់សហព័ន្ធឆ្នាំ២០០៣ ស្ដីពីសិទ្ធិកុមារ។ ក្នុងចំណោមរដ្ឋទាំង៣៦របស់ប្រទេសនីហ្សេរីយ៉ា មានតែ១១រដ្ឋនៅភាគខាងជើងប្រទេសប៉ុណ្ណោះ ដែលមិនទាន់បានអនុម័តច្បាប់នេះ។ ជំនួសឱ្យវិញ រដ្ឋទាំង១១នេះប្រើប្រាស់តុលាការ Sharia របស់អ៊ីស្លាមនិងច្បាប់ព្រហ្មទណ្ឌសម័យអាណានិគម យកមកកាត់ទោសជនរំលោភសេពសន្ថវៈកុមារ។
អ្នកស្រី Bukola Ajaoជាមេធាវីដែលកំពុងជួយក្រុមគ្រួសាររបស់អ្នកស្រី Phillipក្នុងបទ ឧក្រិដ្ឋកម្មមកលើកូនស្រីរបស់ពួកគេ។ អ្នកស្រី Ajao បានពន្យល់ថា៖
«ជាមួយច្បាប់ព្រហ្មទណ្ឌនេះ អ្នកមានស្ថានភាពមួយ ដែលចៅក្រមមានសេរីភាពសម្រេចចិត្តក្នុងការកាត់ទោស និងផ្ដន្ទាទោស ជាប់ពន្ធនាគារ ពីព្រោះច្បាប់នេះ ផ្តល់ឱកាសឱ្យគាត់ អាចដាក់ទោស១៤ឆ្នាំឬក៏តិចជាងនេះ។ ក៏ប៉ុន្តែច្បាប់ស្តីពីសិទ្ធិកុមារ ដែលយើងកំពុងព្យាយាមជំរុញនៅរដ្ឋ Kaduna តម្រូវឱ្យដាក់ពន្ធនាគារ១៤ឆ្នាំ ដោយមិនមានការបង់ប្រាក់ពិន័យ។ ដូច្នេះហើយ នៅពេលទណ្ឌកម្មមានលក្ខណៈតឹងរ៉ឹង អ្នកនឹងមានមនុស្សញញើតក្នុងការប្រព្រឹត្តល្មើស»។
រដ្ឋមន្ត្រីក្រសួងស្ត្រីនិងការអភិវឌ្ឍន៍សង្គម នៃរដ្ឋ Kaduna គឺអ្នកស្រី Hajia Hafsatu Mohammed Baba បានប្រាប់ VOA ថា រដ្ឋាភិបាលនៃរដ្ឋ Kaduna ប្ដេជ្ញាចិត្តក្នុងការអនុម័តច្បាប់ស្តីពីសិទ្ធិកុមារនោះ។ ក៏ប៉ុន្តែកន្លងមកមានការប្រឆាំងច្រើន។
ក្រុមប្រឹក្សាកំពូល Sharia ថា ច្បាប់ស្តីពីសិទ្ធិកុមារនេះគឺនាំចូលពីលោកខាងលិច ហើយជាការប៉ុនប៉ងបញ្ចុះតម្លៃតុលាការ Sharia ដែលមានដែនសមត្ថកិច្ចយុត្តាធិការក្នុងរដ្ឋ Kaduna ពិតប្រាកដ។
ប៉ុន្តែ គ្រួសារអ្នកស្រី Philip មិនឯកោទេក្នុងការតស៊ូបញ្ហាសេពសន្ថវៈកុមារនេះ។
ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់និយាយថា ខ្លួនកំពុងដើរទៅសាលារៀន នៅពេលដែលអ្នកលក់ផ្លែឈើម្នាក់ បានបន្លំទាក់ទាញខ្លួនគេទៅខាងក្រោយតូបរបស់គាត់។ ការរំលោភកើតឡើងរហូតដល់ក្មេងប្រុសនោះរអ៊ូប្រាក់ឪពុកមា អំពីការឈឺចាប់ក្នុងរាងកាយរបស់គេ។
លោក Anas Abdullahi Umar ដែលជាឪពុកមាក្មេងប្រុសនោះបានទៅប្ដឹងប៉ូលិសបន្ទាប់ពីឮដំណឹងនេះ។
លោក Umar និយាយថា គាត់បានសរសេរសេចក្ដីថ្លែងការណ៍ឲ្យប៉ូលិសនោះ ដោយខ្លួនគាត់ផ្ទាល់។ មិត្តភក្ដិគាត់ចង់ទៅវាយដុំ អ្នកលក់បន្លែដែលជាជនល្មើសនោះ ប៉ុន្តែលោក Umar ប្រាប់ថា លោកមិនចង់យកខ្លួនឯងទៅកាត់ក្ដីជំនួសច្បាប់ទេ។ គាត់បន្តទៀតថាមានអ្នកខ្លះប្រាប់គាត់ឱ្យទម្លាក់សំណុំរឿងនេះ ព្រោះជនសង្ស័យគឺជាមនុស្សចាស់ជរា តែលោក Umar បដិសេធ។ គាត់បញ្ជាក់ថារឿងនេះ វាធ្ងន់ធ្ងរណាស់។
អ្នកលក់ផ្លែឈើត្រូវគេរកឃើញថា បានប្រព្រឹត្តបទល្មើស យោងតាមច្បាប់ដាក់ទោសការរួមភេទដូចគ្នា ដែលបង្កើតឡើងក្នុងសម័យអាណានិគម។ ជនសង្ស័យមិនមានលទ្ធភាពបង់ប្រាក់ពិន័យសរុប ៨០,០០០ naira ឬប្រមាណ $២០០ ហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។
ឪពុកមាក្មេងប្រុសនោះនិយាយថា ការកាត់ក្ដីនេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែគាត់អរគុណ ដែលយ៉ាងហោចណាស់មានការកាត់ក្ដីមួយកើតឡើង៕
ប្រែសម្រួលដោយ ចាប ចិត្រា។