ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល​បន្ត​ទារ​សំណង​ ក្រោម​សម្ពាធ​តុលាការ


ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ- CJ News)

ពលរដ្ឋ​ដែល​រង​បណ្តឹង​របស់​តុលាការ​ខេត្ត​កណ្តាល​ពីបទ​ «ហិង្សា​ដោយ​ចេត​នា បទ​ញុះញង់ និង​បទប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ»​ ដោយ​សារបញ្ហា​វិវាទ​ដីធ្លីជាមួយ​ក្រុមហ៊ុន​ OCIC​ របស់​ឧកញ៉ា ពុង ឃាវសែ ​បានស្នើ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទលើ​ពួកគេ និង​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទដីធ្លីនេះ​ឱ្យ​បាន​ឆាប់។

ក្រុមហ៊ុន​ OCIC កំពុង​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែល​គេស្គាល់​ឈ្មោះ មួយផ្សេង​ទៀតថា​ «អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ក្រុង​តា​ខ្មៅ» មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ ១.៥០០ លាន​ដុល្លារ​អាមេរិក ​ក្នុង​ស្រុក​កណ្តាលស្ទឹង ​ខេត្ត​កណ្តាល។

កាល​ពី​ថ្ងៃទី​ ២០​ ខែ​កញ្ញា​ ឆ្នាំ​ ២០២២ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​ បាន​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ ៩​ នាក់ ​រស់​នៅ​ក្នុង​ឃុំ​បឹងខ្យាង​ និង​ឃុំកណ្តោក​ ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្តាល​ និង​ឃុំពត់សរ​ ស្រុកបាទី ​ខេត្តតាកែវ​ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃទី ៦ ​ខែ​តុលា​ ឆ្នាំ​ ២០២២​ ពាក់​ព័ន្ធ​បទចោទប្រកាន់ខាងលើ។​

រូប​ឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧកញ៉ា ពុង ឃាវសែ ដែល​ជា​ប្រធាន​ក្រុមហ៊ុន OCIC ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការ​សាងសង់​ស្ពាន​មួយ​ឆ្លង​កាត់​ទន្លេ​បាសាក់ រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy/AFP)
រូប​ឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧកញ៉ា ពុង ឃាវសែ ដែល​ជា​ប្រធាន​ក្រុមហ៊ុន OCIC ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការ​សាងសង់​ស្ពាន​មួយ​ឆ្លង​កាត់​ទន្លេ​បាសាក់ រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy/AFP)

ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​បាន​លើក​ពេល​ ព្រោះ​ពលរដ្ឋ​បាន​សុំ​ពន្យារ​ពេល ដោយ​ពួកគេ​ថា​ទើបតែរក​បាន​មេធាវី​មក​ការពារ​ក្តី។ ចំណែក​តុលាការ​ក៏​មិន​ទាន់​បាន​កំណត់​ពេល​វេលាសាជាថ្មី​នៅ​ឡើយ សម្រាប់​សវនាការ​នៅពេល​ក្រោយ។

អ្នក​ស្រី ឃឹម ចិត្រា ដែល​រង​ពាក្យ​បណ្តឹង​របស់​សាលា​ដំបូងខេត្ត​កណ្តាល​ ទាម​ទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អ្នក​ស្រី ព្រោះអ្នក​ស្រី​យល់​ថា​ ជម្លោះ​ដី​ធ្លី​ គឺ​មិន​គួរ​យក​ប្រព័ន្ធ​តុលាការ​មក​ដាក់​គំនាប​ ឬ​បង្ខំ​ឱ្យ​ប្រជា​ពលរដ្ឋឱ្យ​ទទួល​យក​សំណង​ដែល​មិន​សមរម្យ។ នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​នៅ​បន្ត​ផ្តល់​តម្លៃ​ដី​ត្រឹម​តែ​ ៨ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «សំណូមពរ​ឱ្យតុលាការ​ហ្នឹង​ទម្លាក់​បទ​ចោទ​ហ្នឹង។ ហើយ​ឱ្យអាជ្ញាធរដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ឱ្យ​ [តម្លៃ​ដី] សមរម្យ​មក ​កុំ​ឱ្យ​ខ្ញុំ​ [នូវ​តម្លៃ​ដី]​ ថោក​អ៊ីចឹង​ពេក ​ខ្ញុំ​ទទួល​យក​អត់បា​នទេ»។

អ្នកស្រីរៀប​រាប់​ទៀត​ថា ដី​និងផ្ទះរ​បស់​អ្នក​ស្រី​ទំហំ​ ៨ អា ឬ​ស្មើ​ ៨០០ ​ម៉ែត្រការ៉េ​ បាន​រង​ផល​ប៉ះ​ពាល់​ ដោយសារ​ការ​សាង​សង់​ព្រលាន​យន្តហោះថ្មី​នេះ ហើយ​ដីស្រែ​ប្រមាណ​ ១ ​ហិក​តា​ ក៏​រង​ផល​ប៉ះពាល់ផង​ដែរ។

បើតាម​អ្នកស្រី ​ឃឹម ចិត្រា តម្លៃ​ទីផ្សារនៃ​ដី​ក្នុងតំបន់​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មីនោះ​ គឺអាច​លក់​បាន​ប្រមាណ​ ១០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ហេតុ​ដូច្នេះ អ្នក​ស្រី​ថា​ យ៉ាង​ហោច​ណាស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុម​ហ៊ុន OCIC នេះ ទទួល​បាន​តម្លៃ ៥០​ ទៅ​ ៦០​ ដុល្លារ​ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​អាច​ដោះដូរ​ទី​លំ​នៅ​បានសមរម្យ។

ដោយឡែក​ ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​នៅ​តុលាការ​នោះ ​អ្នកស្រី ឃឹម ចិត្រា​ និយាយ​ថា​តុលាការ​មិន​ទាន់​បាន​កំណត់​ពេល​វេលា​សាជាថ្មីឱ្យ​ប្រជាពលរដ្ឋ​ទាំង​ ៩ ​នាក់​ចូល​បំភ្លឺ​ ម្តង​ទៀត​នៅ​ឡើយ​ទេ។

​ពលរដ្ឋ​ម្នាក់​ទៀត ​អ្នកស្រី បូ លាប ​អាយុ​ ៤៦ ​ឆ្នាំ ដែល​មាន​ស្វាមី​រងបណ្តឹង​របស់​តុលាការ​ផងដែរ​នោះ ​ក៏​បាន​ស្នើទៅតុលាការ​ខេត្ត​កណ្តាល ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើស្វាមី​របស់​អ្នកស្រី។ ពលរដ្ឋ​រូបនេះទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លីនេះ​ឱ្យ​បាន​ឆាប់ ព្រោះវិវាទ​ដែល​មាន​អាយុកាល​យូរ​ឆ្នាំនេះ ​គឺ​ជា​បន្ទុក​ធំមួយ ដែល​បណ្តាល​ឱ្យសេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ជា​ហេតុធ្វើ​ឱ្យ​កូន​អ្នកស្រី​ ៣ ​នាក់ ​ក្នុង​ចំណោម ​៦ ​នាក់​ បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា។

អ្នកស្រី​ប្រាប់​វីអូអេថា៖ «សូម​សំណូម​ពរ​ឱ្យតុលាការ​ដក​ពាក្យ​បណ្តឹង​ពី​ប្តីខ្ញុំ។ ហើយ​សូម​ឱ្យ​ជួយ​ដោះ​ស្រាយ​ដីខ្ញុំ​ឱ្យ​ឆាប់​ទៅ»។

បើ​តាម​អ្នកស្រី បូ លាប ដែល​រស់​នៅ​ឃុំ​បឹង​ខ្យាង ដី​របស់​អ្នកស្រី​គឺ​ មាន​ប្រមាណ​ ៣ ហិកតា ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុម ​OCIC នេះ។​ អ្នកស្រី​ចង់​ឱ្យ​ក្រុម​ហ៊ុន​ផ្តល់​សំណង​សមរម្យ​ ដើម្បី​អាច​ឱ្យ​អ្នក​ស្រី​ទៅ​ទិញ​ដី​នៅ​កន្លែង​ណា​ដែល​អាច​សង់​ផ្ទះ និង​ប្រកប​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី​ ១២ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២១ ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​មួយ ដោយ​អាជ្ញាធរ​បាន​ចាប់ខ្លួន​ប្រជា​ពល​រដ្ឋ​ចំនួន ​៣០ ​នាក់ ​ទៅសាកសួរ​នៅ​ស្នងការដ្ឋាន​នគបាល​ខេត្ត​កណ្តាល។ ប៉ុន្តែ​ក្រោយ​មក ​អាជ្ញាធរ​បាន​ដោះ​លែង​មនុស្ស​ ២១​ នាក់ ហើយ​បញ្ជូន​អ្នក​ភូមិ ៩ ​នាក់​ទៅ​តុលាការ។

មួយ​សប្តាហ៍​ក្រោយ​ការ​ចាប់​ខ្លួន​នេះ អ្នក​ភូមិ​ ៩ ​នាក់​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និ​ង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​របស់​អាជ្ញាធរ និង​រងបទចោទ «ហិង្សា​ដោយ​ចេត​នា​ និង​មាន​ស្ថាន​ទម្ងន់​ទោស​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»។ ចំណែក​ការ​ដោះ​លែង​នេះ គឺ​ធ្វើឡើង​ បន្ទាប់​ពី​ពួក​គេ​បាន​សន្យា​ថា ​នឹង​ឈប់​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល។

វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល​ លោក​ សូ សារិន​ បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ពុធ​នេះ។ វីអូអេក៏​មិន​ទាន់​អាច​ទាក់​ទង​លោក ​ពុង ឃាវសែ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុនOCIC តាម​ទូរសព្ទ​បាន​ដែរ​ នៅ​ថ្ងៃ​ពុធ​ដដែល​នេះ។

​អភិបាល​ខេត្ត​កណ្តាល ​លោក​ គង់ សោភ័ណ្ឌ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះថា ករណី​វិវាទ​ដីធ្លី​នៅ​ស្រុក​កណ្តាល​ស្ទឹង​ជាមួយ​ក្រុម​ហ៊ុន​ OCIC ដែល​សាង​សង​ព្រលាន​យន្តហោះ​ថ្មី​នេះ គឺ​អាជ្ញាធរ​កំពុង​បន្តធ្វើ​ការ​សម្រប​សម្រួល​ដើម្បីរក​ដំណោះ​ស្រាយ​សមស្រប​មួយ។

លោក​ថ្លែង​ថា​៖ «[ពលរដ្ឋ]មួ​យចំនួន​ក៏​បាន​ទទួល​យក​ហើយ។ នៅ​មួយ​ចំនួន​ទៀត​គាត់​នៅ​ មាន​សំណូម​ពរ​បន្ថែម​ អ៊ីចឹង​យើង​កំពុង​តែ​ធ្វើ​ការ​បន្ត​ទៀត​»។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លោក ​អំ សំអាត ​យល់​ថា​ ការ​ដោះស្រាយ​វិវាទ​ដីធ្លី​មិ​នគួរត្រូវ​បាន​ភា្ជប់​ទៅនឹងប្រព័ន្ធ​តុលាការ​ ដើម្បី​មក​គាប​សង្កត់​ ឬ​បង្ខំ​ប្រជា​ពល​រដ្ឋ​ឱ្យ​ទទួល​យក​សំណង​ដីធ្លី ឬអ្វី​ដែល​ពួកគេ​មិន​ពេញ​ចិត្ត​នោះ​ទេ។

លោក​ថា ​ករណី​នេះ​តុលាការ​គួរ​តែ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​តំណាង​ប្រជាពលរដ្ឋ​ទាំង​ ៩ ​នាក់​ ហើយ​អ្នកពាក់ព័ន្ធ​ត្រូវ​ដោះ​ស្រាយសំណង​ដីធ្លី​ឱ្យ​បាន​សមរម្យ​សម្រាប់ពលរដ្ឋ​ទាំង​នោះ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដែល​មាន​អាយុកាលជាង​បួន​ឆ្នាំ​មកនេះ។

លោក​ថ្លែងថា៖ «​ករណី​នេះ ខ្ញុំ​យល់​ថា​ រឿង​ចាំបាច់​ គឺ​ដោះ​ស្រាយ​ដើម្បី​បញ្ចប់​វិវាទ ដីធ្លី​ ហើយ​រឿង​នៅតុលាការ​ ខ្ញុំ​យល់ថា​ ដើម្បីកុំ​ឱ្យប្រជាពលរដ្ឋ​ រង​គ្រោះដោយ​សារ​បញ្ហា​ដីធ្លី​ហើយ​ រងគ្រោះដោយ​សារ​ផ្លូវ​ច្បាប់ទៀត​ គួរតែ​ទម្លាក់​បទចោទ​សម្រាប់​ពួកគាត់​ហ្នឹង​ ដើម្បី​វិល​ទៅ​រកការ​ចរចា​ ដោយ​តម្លាភាព​ និង​យុត្តិធម៌​ដើម្បី​បញ្ចប់​នូវ​បញ្ហា​ដីធ្លី​ជា​រឿង​ល្អ​បំផុត»។

លោក​បន្ថែម​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី គឺ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ ព្រោះនេះ​ជា​ការ​ដាក់សម្ពាធ គំរាម​កំហែង​ និងធ្វើ​ឱ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ ​លោក ​អំ សំអាត ថា ការដោះ​ស្រាយតាម​ការចរចា និង​ដោយ​សន្តិវិធី​ ទើប​ជា​ជម្រើស​ល្អ​ប្រសើរ​សម្រាប់​គ្រប់​ភាគី​ពាក់​ព័ន្ធ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG