ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​និង​ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​សំណង​ដី​ធ្លី​ឲ្យ​បាន​សម​រម្យ​និង​បញ្ឈប់​ការ​បណ្តេញ​ចេញ


រូបឯកសារ៖ ប្រជា​​ពលរដ្ឋ​ជាង​ ២០​នាក់ ​​តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួន​​ជាង​ ១០០​​គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​​ក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្ន
រូបឯកសារ៖ ប្រជា​​ពលរដ្ឋ​ជាង​ ២០​នាក់ ​​តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួន​​ជាង​ ១០០​​គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​​ក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្ន

ប្រជា​ពល​រដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ដោះស្រាយ​សំណង​ដី​ធ្លី​ឲ្យ​បាន​សម​រម្យ និង​បញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ឬ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​អ្នក​មាន​ជម្លោះ​ដី​ធ្លី។

ពួក​គេ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​វេទិកា​អន​ឡាញ​មួយ ដើម្បី​អបអរ​«ទិវា​លំនៅ​ដ្ឋាន​ពិភព​លោក​ឆ្នាំ​២០២១ លើកទី​៣៦» ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១។

នៅ​ក្នុង​វេទិកា​នោះ ពួកគេ​បាន​ទទូច​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់ការ​បណ្តេញ​ចេញ​ ដោយ​បង្ខំ​ក្នុង​ទំនាស់​ដី​ធ្លី បញ្ឈប់​ការ​ប្រើ​ប្រាស់​ហិង្សា ឬ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​ប្រជា​ពល​រដ្ឋ។ អ្នក​មាន​ជម្លោះ​ដី​ធ្លី​អះ​អាង​ថា ​ពួកគេ​ចង់​បាន​ដំណោះ​ស្រាយ​បញ្ហាដីធ្លី និង​លំនៅ​ដ្ឋាន​ឲ្យ​បាន​សមរម្យ ការ​គោរព​សិទ្ធិ​មនុស្ស​ជាមូ​លដ្ឋាន គោរព​សិទ្ធិ​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ ហើយ​ត្រូវ​តែ​មានការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

វេទិកា​អនឡាញ​នេះ មាន​ការ​ចូលរួម​ពី​អង្គការ​ចំនួន៤​ រួម​មាន​អង្គការ​លីកាដូ អង្គការ​សម​ធម៌​កម្ពុជា អង្គការ​អភិវឌ្ឍន៍​ស្រ្តី​ក្រីក្រ​ក្នុង​ទីក្រុង និង​សមាគម​ធាង​ត្នោត។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែកឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ប្រាប់​វីអូអេ​ថា​ គោល​បំណង​ក្នុង​ការប្រារព្ធ​ពិធី​នេះ គឺ​ដើម្បី​រំឭក​ដល់​បណ្តា​អង្គការ​សហប្រជាជាតិ​ គិត​គូរ​ឡើង​វិញ​ពី​សិទ្ធិ​មាន​លំនៅដ្ឋាន​សមរម្យ​ និ​ង​ស្នើ​ទៅរដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន និង​ត្រូវគិត​គូរបាន​ដិត​ដល់អំពី​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី និង​សិទ្ធិ​លំនៅ​ដ្ឋាន​នេះ​ឲ្យ​បាន​សមរម្យ។

លោក​ថ្លែងថា៖«សំណូមពរ​ទៅ​អាជ្ញាធរ​និង​រដ្ឋាភិបាល គឺ​ទី១សូម​បញ្ឈប់​ការ​បណ្តេញ​ដោយ​បង្ខំ​ ទី​២សូម​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ គឺ​ការ​ចូល​រួម​ក្នុង​ការ​រក​ដំណោះ​ស្រាយ​សម្រាប់​ពួក​គាត់​ ដែល​រង​ផល​ប៉ះពាល់​ហ្នឹង​ ទី​៣ ពន្លឿន​នីតិ​វិធី​ក្នុង​ការ​ដោះ​ស្រាយ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ហើយ​ទី​៤​ បាន​ន័យថា ត្រូវ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​រាល់​អំពើ​ហិង្សា ដែល​កើត​ឡើង​សម្រាប់​ប្រជាពលរដ្ឋ ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​អភិវឌ្ឍ​ហ្នឹង​»។

លោក អំ សំអាត បានបញ្ជាក់​ថា ​ការ​អភិវឌ្ឍ​កន្លង​មក​គឺ​ប្រជាពលរដ្ឋ​មិន​បាន​ចូល​រួម​ក្នុង​ការ​ពិ​គ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធនិង​អ្នក​អភិវឌ្ឍន៍​គម្រោង ទើបបណ្តាល​ឲ្យ​មាន​ការ​តវ៉ា ទាម​ទារឬ​អំពើហិង្សា​កើត​ឡើង។ លោក​បន្ត​ថា ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជាមុន ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ជា​ជាង​ការ​ប្រើ​ប្រាស់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

លោក​បន្ថែម​ថា៖ «​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​គឺត្រូវ​ការ​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ ប៉ុន្តែ​ការ​អភិវឌ្ឍ​ធ្វើ​ម៉េច​គឺសូម​ប្រកប​ដោយ​បរិយា​ប័ន្ន និង​ចីរ​ភាព។ បរិយាប័ន្ន បានន័យ​ថា​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​អំពី​ផល​ប៉ះ​ពាល់ អ៊ីចឹង​រដ្ឋាភិបាល​ឬ​អាជ្ញាធរ​ត្រូវ​តែ​មាន​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជា​មុន ហើយ​និង​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ជាជាង​ការ​ប្រើ​ប្រាស់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ឬ​ក៏​ការ​រំលោភ​បំពាន ឬ​ក៏​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​កាន់​កម្ម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ។ អ៊ីចឹង​បាន​គេ​ហៅ​ថា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព​ បរិយា​ប័ន្ន​ និង​ចីរ​ភាព»។

រូបឯកសារ៖ លោក អំ សំអាត ​ ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការជំនុំ​ជម្រះ​សំណុំ​រឿង​ឃាតកម្ម​លើលោក កែម ឡី នាថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA Khmer)
រូបឯកសារ៖ លោក អំ សំអាត ​ ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការជំនុំ​ជម្រះ​សំណុំ​រឿង​ឃាតកម្ម​លើលោក កែម ឡី នាថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA Khmer)

ប្រជា​ពល​រដ្ឋ​ដែល​ជាតំណាង​សហគមន៍​ដី​ធ្លី​ដែល​មាន​ជម្លោះ ក៏​បាន​លើក​ឡើង​អំពី​ការបណ្តេញ​ដោយ​បង្ខំ​នៅ​ក្នុង​វេទិកា​នោះ។

អ្នកស្រី ​អ៊ុំ សុភី ​តំណាង​សហគមន៍​ឡពាង ក្នុង​ខេត្ត​កំពង់​ឆ្នាំង បាន​លើក​ឡើង​ថា ​ក្រុម​ហ៊ុន​មួយ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ វាយ​កម្ទេចផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ ប្រមាណ​១៤​ខ្នង​ផ្ទះ ក្នុង​សហ​គមន៍​របស់​អ្នកស្រី ​អស់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ ដែល​មក​ដល់​ពេល​នេះ មិន​ទទួល​បាន​ភាព​យុត្តិធម៌ និងសំណង​អ្វីនោះ​ទេ។ អ្នកស្រី​ស្នើ​ទៅ​រដ្ឋា​ភិបាល​ពន្លឿន​នីតិវីធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​នេះ​ឲ្យ​បាន​ឆាប់​ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​អាច​រស់​នៅ​បាន​សមរម្យ។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ជាម្ចាស់​ដី យើង​ជា​ម្ចាស់​ផ្ទះ ត្រូវ​ក្រុម​ហ៊ុន​ឈូស​ឆាយ​បំផ្លាញ តើ​យើង​ឈឺ​ចាប់​ប៉ុនណា? ពួក​ខ្ញុំ​អត់​អាច​បំភ្លេច​បាន​ទេ ក្រុម​ហ៊ុន​គាត់​ក៏​ជា​ខ្មែរ ហេតុ​អ្វី​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ ពួក​ខ្ញុំ​ក៏​ជា​មនុស្ស សូម្បី​តែ​សត្វ​ក៏​ត្រូវ​ការ​ជម្រក​ដែរ។ តែ​ចំណែក​ឯ​ពួក​ខ្ញុំ​ជា​មនុស្ស ខ្វះ​ទាំង​ជម្រក ខ្វះ​ទាំង​ដី សួរ​ថា​ជីវភាព​ពួក​ខ្ញុំ​រាល់​ថ្ងៃ​មាន​អ្វី​ប្រសើរ​ឡើង? អត់​មាន​ទេ[គឺ​]មាន​តែក្រី​ក្រទៅ​ៗ។ ផ្ទះ​សម្បែង​ក៏​អត់​ ដី​ធ្លី​ក៏​គេ​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ​ ការងារ​ក៏​បាត់​បង់»។

អ្នកស្រី​បន្ត​ថា៖«វា​អយុត្តិ​ធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ​ សួរ​ថា​តើ​រដ្ឋាភិបាល​រាល់​ថ្ងៃ​ មា​ន​ដែល​គិត​ពី​អារម្មណ៍​ពល​រដ្ឋ​ខ្លួន​ឯង​រាល់​ថ្ងៃ​ទេ?​ តើ​គាត់​មាន​យល់​ថាពលរដ្ឋ​ខ្លួន​ឯង​មាន​ការ​អី [ឬ]​ចង់​បាន​អី? ពួក​ខ្ញុំ​ជា​ពលរដ្ឋ​ ពួក​ខ្ញុំ​អត់​ចង់​ក្លាយ​ជា​មន្ត្រី​រាជការ​ ឧកញ៉ា​អី​ទេ ពួក​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​រស់​នៅ​សម​រម្យ​ មាន​ផ្ទះ​សម្បែងរស់​នៅ​ដូច​គេ​ ដូច​ឯង​គឺ​ពួក​ខ្ញុំ​អស់​ចិត្ត​ហើយ​ ហើយ​ពួក​ខ្ញុំ​អត់​លោភ​លន់ អត់​ចង់​បាន​របស់​គេ​ទេ ដី​របស់​ខ្ញុំ​ប៉ុន្មាន គឺ​ឲ្យខ្ញុំ​ប៉ុណ្នឹង​ចុះ​ ខ្ញុំ​អត់​ទាម​ទារ​លើស​ទេ»។

ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ខេត្ត​កំពង់​ឆ្នាំង ​បាន​កើត​ឡើងអស់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​មក​ហើយ​រវាង​ប្រជា​ពលរដ្ឋ និង​ក្រុម​ហ៊ុន​ខេ​ឌី​ស៊ី​របស់​លោកស្រី ​ជា ខេង ភរិយា​របស់​លោក​ ស៊ុយ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល។

ចំណែក​អ្នកស្រី ស៊ីន ស៊ីនួន តំណាង​សហគមន៍​៩២​ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ក្នុង​វេទិកា​នេះ​ដែរ​ថាសហគមន៍​៩២ និង​សហគ​មន៍​កសិករ មានផ្ទះ​ជាង៤០០​ខ្នង​ត្រូវ​រង​ប៉ះ​ពាល់​ទាំង​ស្រុង​ពី​ការអភិវឌ្ឍ​របស់រដ្ឋាភិបាល​ក្នុង​ការពង្រីង​ផ្លូវ​ប្រមាណ៣០​ម៉ែត្រ​ ហើយមក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ផ្តល់ចម្លើយ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ។ អ្នកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​និងអាជ្ញាធរ​បញ្ជាក់​អំពី​គម្រោង​មួយ​នេះ​ឲ្យ​បាន​ច្បាស់ ដោយ​ត្រូវ​គិត​គូរ​ពី​ប្រយោ​ជន៍​របស់​សហ​គមន៍​ដែល​រង​ផល​ប៉ះពាល់​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «សំណូមពរ​ទៅ​រាជ​រដ្ឋា​ភិបាល​យ៉ាង​ទទូច​របស់​ខ្ញុំ​តែ​ម្តង​ ខ្ញុំ​ឈ្មោះ ស៊ីនួន សុំ​ឲ្យ​រដ្ឋាភិបាល​គិត​ឡើង​វិញ​នូវ​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​ សូម​ឲ្យ​កាត់​បន្ថយ​បើ​គិត​ពី​ប្រយោជន៍​សហគមន៍​ដែល​រង​ផល​ប៉ះ​ពាល់​ភាគ​ច្រើ​ន​ជាង​បម្រើ​ផល​ប្រយោជន៍​សាធារណៈ សូមឲ្យមាន​ការ​អភិវឌ្ឍ​នៅ​កន្លែង​ ហើយ​ឲ្យ​សហគមន៍​ទាំង​មូល​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ក្នុង​ការ​រស់​នៅ​ដោយ​ពេញ​លេញ កុំ​ឲ្យ​រស់​នៅ​ដោយមាន​ការ​ភ័យ​ខ្លាច​បន្ត​ទៅ​ទៀត​»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ អំឡុង​ពេល​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ការ​រំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​មិន​មាន​សញ្ញា​ថម​ថយ​នោះ​ទេ ហើយ​ប្រជា​ពល​រដ្ឋ​ជាង​៥ពាន់​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់។ លើស​ពី​នេះ ​ការ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​នៃ​សមាជិក​សហគមន៍​និង​សកម្មជន​ដីធ្លី កាន់​តែ​កើន​ឡើង។ បើ​តាម​អង្គការ​លីកាដូ គិត​ត្រឹម​ខែ​តុលា​នេះ សមាជិក​សហគមន៍​និង​សកម្មជន​ដីធ្លី​យ៉ាង​តិច​២១​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​ក្នុង​នោះ​១០​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន បាន​ប្រាប់​វីអូអេថា​ រាល់​ការ​អភិវឌ្ឍ​កន្លែង​ណាមួយ​ តែង​តែ​មាន​ការ​ចរចា​គ្នា​នៅ​កន្លែង ​ប៉ុន្តែ​ដោយ​សារ​តែ​ការ​ចរចានោះ​មិន​មាន​ការ​យល់​ស្រប​គ្នា ដូច្នេះ​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ ហើយ​មិន​ពេញ​ចិត្ត​រឿង​សំណង គួរ​តែ​ទៅ​ប្តឹង​ទៅ​តុលាការ​ឲ្យ​ជួយដោះ​ស្រាយ។

លោក​ថ្លែង​ថា៖«គាត់​ទៅ​តុលាការ​ទៅ​ គាត់​និយាយ​អំពី​ពាក្យ​ហ្នឹង​ទៅ​តុលាការ​ប្រាប់​ឲ្យ​តុលាការ​ស្វែង​រក​យុត្តិ​ធម៌​ជូន​គាត់​ក្នុង​ការ​បណ្តេញ​ចេញ។ ហើយ​យើង​មាន​ច្បាប់​មួយ​ដែល​ខ្ញុំ​មិន​ហ៊ានលូក​លាន់​នៅ​ក្នុង​សាច់​រឿង​ហ្នឹង។ មាន​ច្បាប់​មួយ​ទៀត គេ​ថា​នៅ​ពេល​ដែល​ផល​ប្រយោជន៍​សាធារណៈ​ វា​ធំ​ជាង​ផល​ប្រយោជន៍​ឯក​ជន​ ដូច្នេះ​គេ​អនុវត្ត​យក​ផល​ប្រយោជន៍​សាធារណៈ​ទៅ​ជា​អាទិភាព​ហើយ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០​២១ ប្រជា​ពលរដ្ឋ​៩​នាក់​រស់​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ដែល​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ព្រលាន​យន្ត​ហោះ​OCIC​របស់​ឧកញ៉ា ពង់ ឃាវសែ ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ពី​បទ«ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ប្រឆាំង​រាជ​ការ​សាធារ​ណៈ​មាន​ស្ថានទម្ងន់​ទោស​ និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»ហើយ​ឃុំ​ខ្លួន​ពួកគេ​បណ្តោះ​អាសន្ន។ ប៉ុន្តែ​ក្រោយ​មក ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ថា​ឈប់​តវ៉ាត​ទៅ​ទៀត ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឲ្យ​មានសេរី​ភាព​ឡើង​វិញ៕

XS
SM
MD
LG