ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជា​ពល​​រដ្ឋ​ខ្លះ​រត់​គេច​ខ្លួន ខណៈ​អាជ្ញាធរ​ប្រកាស​តាម​ចាប់​អ្នក​ផ្សេង​ទៀត​ក្នុង​ជម្លោះ​ដី​ធ្លី​​គម្រោង​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល


ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ- CJ News)

អ្នក​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល បាន​រត់​គេ​ច​ខ្លួន ខណៈ​អាជ្ញាធរ​ប្រកាស​តាម​ចាប់​ពលរដ្ឋ​ផ្សេង​ទៀត ក្រោយ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​៣០​នាក់ កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សាច់​ញាតិ​ត្រូវ​បាន​ឃាត់​ខ្លួន។

ប្រជាពល​រដ្ឋ​ឲ្យ​ដឹង​ថា​អ្នក​ភូមិ​ប្រមាណ​៣០០​គ្រួសារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​OCIC​របស់​លោក​ឧកញ៉ា ពុង ឃាវសែ ក្នុង​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ ប៉ុន្តែ​សំណង​សម​រម្យ​មិន​ទាន់​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឡើយ​ទេ។

ការ​ឃាត់​ប្រជា​ពល​រដ្ឋ​៣០​នាក់​នេះ បន្ទាប់​ពី​ពួកគេប្រមាណ​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​រក​ដំណោះ​ស្រាយ​ដីធ្លី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ដែល​ប្រជា​ពលរដ្ឋ​បាន​អះ​អាង​ថា​ពួកគេ​មាន​ប្លង់​កម្ម​សិទ្ធិ​ត្រឹម​ត្រូវ ប៉ុន្តែ​ក្រុម​ហ៊ុនផ្តល់​សំណង​តែ​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ខណៈតម្លៃ​ទីផ្សារ នៅ​ចន្លោះ​ពី​៦០​ទៅ​៩០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ នេះ​បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ។

អ្នកស្រី សុង សុរិន អាយុ​៤១​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្តាល​ស្ទឹង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ដី​ម្តាយ​គាត់ មាន​ប្រមាណ​កន្លះ​ហិកតា​(៥០​អា) ដែល​អ្នក​ស្រី​មិន​ទាន់​ឯកភាព​តាម​ការ​ផ្តល់​សំណង​របស់​ក្រុមហ៊ុន។ អ្នកស្រី​បន្ថែម​ថា​អ្នកស្រី​មាន​ការ​ភិត​ភ័យ និង​តក់​ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​សមត្ថកិច្ច​ដេញ​ចាប់ប្រជា​ពល​រដ្ឋ ហើយអ្នកស្រី​ផ្ទាល់​បាន​រត់​ចូល​ក្នុង​វាល​ស្រែ ជាមួយ​កូន​តូច​ៗ​របស់​អ្នក​ស្រី។ ទោះ​ជា​យ៉ាងណា ប្អូន​ប្រុស​ភ្លោះ​របស់​អ្នក​ស្រី​ពីរ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន។ ដោយសារ​ភាព​ភ័យ​ខ្លាច អ្នក​ស្រី​មិន​ទាន់​ហ៊ាន​ត្រឡប់​ចូល​ផ្ទះ​នៅ​ឡើយ​ទេ។

អ្នក​ស្រី​ថ្លែង​ថា៖ «​មីង​ព្រួយ​! មីង​លែង​ហ៊ាន​នៅ​ផ្ទះ​ហើយ​ហ្នឹង។ មីងអត់​បាយ អត់​ទឹក​តាំង​ពី​ម្សិ​ល​មិញ»។

អ្នកស្រី​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​OCIC​ផ្តល់​សំណងសម​រម្យ ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​ទីផ្សារ​ចន្លោះ​ពី​៨៥​ដុល្លារ​ទៅ​៩០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

អ្នកស្រី​ថ្លែង​ថា៖ «អាជ្ញាធរ​គាត់​ចេះ​តែ​ហៅ​យើង​ទៅ​ដែរ។ ហើយ​គាត់​ចេះ​តែ​គំរាម​កំហែង​រហូត គំរាម​កំហែង​៨​ដុល្លារ។ បើ​យើ​ង​មិន​យក​ទេ​ គេ​នឹង​ធ្វើ​តាម​ផ្លូវ​ច្បាប់ ឬ​មួយ​ក៏​ដូរ​ដី។ បើ​មិន​ដូរ​ទេ ត្រូវ​តែ​គេ​ធ្វើ​ហើយ អត់​មាន​ដំណោះ​ស្រាយអ្វី​ក្រៅ​ពី​ហ្នឹង​ មាន​តែ​ប៉ុណ្ណឹង»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ណៃ ភន ​រស់​នៅ​ក្នុង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្តាល​ស្ទឹង​ដែរ មានដី​ជម្លោះ​ជាមួយក្រុម​ហ៊ុន ប្រមាណ​១​ហិកតា។ ខណៈ​កំពុង​សម្ងំ​គេច​ខ្លួន លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ភរិយា​របស់​លោក ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​កូន​ប្រុស​អាយុ​១៨​ឆ្នាំ​ម្នាក់ បាន​រត់​គេច​ខ្លួន ដូច​រូប​លោក​ដែរ ហើយ​កូន​ម្នាក់​ទៀត​អាយុ​១២​ឆ្នាំ ត្រូវ​បាន​អ៊ំ​ជួយ​មើល​ថែ។

លោក​ថ្លែង​ថា៖ «៣​ឆ្នាំ​នោះ វា​រង​ទុក្ខ វា​អត់​លុយ​ចាយ​ អត់​ការ​ងារ​ធ្វើ​វា​វេទនា​មួយ​តង់​ហើយ​។ ហើយ​មក​ម្សិល​មិញ​នេះ គេ​ចាប់​ប្រពន្ធ គេ​ចាប់​បង​ ​ចាប់​ប្អូន​ព្រាត់​ប្រាស់​គ្នា កូន​រត់​ទៅ​លិច​ ឪពុក​រត់​ទៅ​កើត​ ប្រពន្ធ​ជាប់​គុក​ ហើយ​តើ​អារម្មណ៍​មួយ​នេះ នរណា​ទទួល​យក​បាន»។

លោក​ក៏​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី ដោយ​ផ្តល់​សំណង​ជា​ទឹក​ប្រាក់ ឲ្យ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​ទីផ្សារ។

លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ​គេ​ចាប់​មនុស្ស​ទៅ​ហ្នឹង​គេ​ចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំង​ ប្រសិន​បើ​យើង​មិន​ព្រម​យក​៨​ដុល្លារ​ហ្នឹង គេ​អត់​លែង​(ប្រពន្ធ និង​ប្អូន​របស់​លោក)​ទេ...។ ហើយ​ចាប់​អាជ្ញាធរ អ្នក​ចាប់​ ហើយ​ដោះ​ស្រាយ​ខាង​ក្រុម​ហ៊ុន អញ្ចឹង​មាន​ន័យ​ថា​ក្រុម​ហ៊ុន និង​អាជ្ញាធរ​ឃុប​ឃិត​គ្នា​ ចាប់​ជំរិត​ប្រជា​ពលរដ្ឋ»។

លោក ជូ កុក​សាយ តំណាង​ក្រុម​ហ៊ុន​OCIC​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ក្រុមហ៊ុន​ផ្តល់​សំណង​ដី​ធ្លី​ចំនួន​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួល​យក។

លោក​ថ្លែង​ថា៖ «តម្លៃ​៨​ដុល្លារ​ទូទៅ​ទាំង​អស់។ ហើយ​បើត្រូវ​ផ្លូវ​Runway(ផ្លូវ​យន្តហោះ​រត់) អាច​ឲ្យ​ជម្រើស​[ទី]​ពីរ [គឺ]ដោះ​ស្រាយ ដោះ​ដូរដី​ជូន​គាត់ »។

លោក ជូ កុក​សាយ បាន​កាត់​ផ្តាច់​ទូរសព្ទ ក្រោយ​ការ​ថ្លែង​នេះ។

វីអូអេ​មិន​ទាន់អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក លោក ពុង ឃាវសែ ម្ចាស់​ក្រុម​ហ៊ុន​សាជីវ​កម្ម​វិនិ​យោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ OCIC​ បាន​នៅ​ឡើយ​ទេ។

រដ្ឋ​បាល​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា​ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​កម្លាំង​សមត្ថកិច្ច ហើយ​បាន​ដុត​កៅ​ស៊ូ​កង់ និង​ប្រើ​ដំបង គប់​ដុំថ្ម បាញ់​ជំពាម​កៅស៊ូ គប់​ដប​សាំង​ ទៅ​លើ​សមត្ថកិច្ច។ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​សកម្ម​ភាព​ទាំង​នេះ​បណ្តាល​ឲ្យ​កង​កម្លាំង​សមត្ថ​កិច្ច​ចំនួន​១៣​នាក់​រង​របួស។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា​កង​កម្លាំង​បាន​ប្រើ​ប្រាស់​រថយន្ត​បាញ់ទឹក ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ ដើម្បី​ការ​ពារ​ និង​បំបែក​ក្រុម​បាតុករ ព្រម​ទាំងបាន​ឃាត់​ខ្លួន​សមាជិក​ក្រុម​បាតុ​ករ​ចំនួន​៣០​នាក់ ដែល​មាន​ស្ត្រី​២០​នាក់ ក្នុង​ការ​នាំយក​មកសាក​សួរ​នៅ​ស្នង​ការ​ដ្ឋាន​នគបាល​ខេត្ត​កណ្តាល។

លោក​ ឈឿន សុចិត្ត ស្នងការ​នគរ​បាល​ខេត្ត​កណ្តាល​បាន​បដិសេធ​មិន​បក​ស្រាយ​ជុំ​វិញ​បញ្ហា​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ដោយ​រុញ​ឲ្យ​សួរអភិបាល​ខេត្ត​កណ្តាល​វិញ។

លោក គង់​ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា​បង្ក​របួស​ស្នាម និង​ហិង្សា​មក​លើ​សមត្ថ​កិច្ច អំឡុង​ពេល​កង​កម្លាំង​ចុះ​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។ លោក​បន្ថែម​ថា​ការ​ចាប់​ខ្លួន​ជន​បង្ក​ទាំង​នោះ ដោយ​សំអាង​ទៅ​លើ​ភស្តុតាង តាម​រយៈ​កាមេរ៉ា​សុវត្ថិ​ភាព និង​ដ្រូន​ដែល​ថត​បាន​សកម្ម​ភាព​ហិង្សា​ទៅ​លើកង​កម្លាំង។

លោក​ប្រាប់​វីអូអេ​ថា​៖ «ប៉ុន្តែ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​រឿងគប់​ដោយ​ហិង្សា​លើ​កម្លាំង​សមត្ថកិច្ច​ហ្នឹង គឺ​កំពុង​តែ​ធ្វើ​តាម​នីតិវិធី​ច្បាប់។ ហើយ​ឥឡូវ​នេះ​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត​ចំពោះ​អ្នក​ដែល​គេច​វេះ។ ប៉ុន្តែ​មិន​ដឹង​បាន​ប៉ុន្មាន​ទៀត​ដែរ ព្រោះ​ខ្ញុំ​មិន​ទាន់​បាន​ជ្រាប់​ទាំង​អស់​ដែរ ព្រោះ​ដោយ​សារ​មិន​ទាន់​បាន​ព័ត៌មាន​គាត់​ផ្តល់​មក»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​កណ្តាល​ស្ទឹង​នេះ​ទេ ដោយ​លោកបង្វែរ​ឲ្យ​សួរ​គណៈ​កម្មាធិការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​វិញ។

លោក អំ សំអាត នាយក​រង​នៃ​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថាអំពើ​ហិង្សា​លើ​ប្រជា​ពលរដ្ឋ​ដែល​មានទំនាស់​ដី​ធ្លី​នេះ នឹង​មិន​អាច​បញ្ចប់​បាន​ទេ ប្រសិន​បើ​មិន​មាន​ការ​ដោះ​ស្រាយ​ណា​មួយ ប្រកប​ដោយ​សន្តិវិធី តម្លាភាព និងយុត្តិធម៌៕

XS
SM
MD
LG