ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ចំនួន៨៤បានស្នើសុំឱ្យរដ្ឋាភិបាលដោះស្រាយ«វិវាទដីធ្លីដ៏រ៉ាំរ៉ៃ»រវាងក្រុមហ៊ុន OCIC និងប្រជាពលរដ្ឋម្ចាស់ដីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលបានអូសបន្លាយពេលជាង៤ឆ្នាំមកហើយ។
ជម្លោះដីធ្លីក្នុងតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីមានឈ្មោះថា«អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»នោះ បានបង្កឱ្យមានអំពើហិង្សាផងដែរ អំឡុងខែកញ្ញា ឆ្នាំ២០២១ ហើយក្រោយអំពើហិង្សានោះ ជម្លោះនៅបន្តជាប់គាំង។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ដីធ្លី ចុះថ្ងៃទី៣ ខែតុលានេះ បានលើកឡើងថា៖ «យើងខ្ញុំបានកត់សម្គាល់ឃើញថា វិវាទនេះមានភាពធ្ងន់ធ្ងរ ហើយពលរដ្ឋ ដែលរងផលប៉ះពាល់ជាច្រើន កំពុងជួបទុក្ខសោកដោយទទួលរងនូវការបណ្តេញចេញដោយបង្ខំពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគេ និងមិនបានទទួលនូវដំណោះស្រាយសមរម្យជាទីពេញចិត្តនៅឡើយ»។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះគឺប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានរងសម្ពាធតាមរយៈបណ្តឹងពីតុលាការផងដែរ»។
ក្រុមអង្គការសង្គមស៊ីវិលដែលក្នុងនោះមានអង្គការការពារសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបរាប់បន្តថា ប្រជាពលរដ្ឋចំនួន៩នាក់ ដែលក្នុងនោះមានស្ត្រីចំនួន៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៣០នាក់ ត្រូវបានចាប់ខ្លួនក្នុងការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំមួយដែលបានកើតឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រវាងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ ប្រជាពលរដ្ឋកំពុងរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅឡើយ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាវិវាទដីធ្លីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីខាងលើមានសភាពធ្ងន់ធ្ងរទៅ នៅពេលពលរដ្ឋដែលតវ៉ាការពារផ្ទះសម្បែងដីធ្លីរបស់ពួកគេត្រូវបានតុលាការចេញដីកាកោះហៅមកសួរនាំជុំវិញជម្លោះនេះ នៅថ្ងៃទី៦ ខែតុលានេះ។
លោកថ្លែងថា៖«យើងមើលឃើញថា សហគមន៍ដីធ្លីនៅព្រលានយន្តហោះថ្មីនេះគឺមានសភាពធ្ងន់ធ្ងរ ហើយកំពុងតែប្រឈមមុខធ្ងន់ធ្ងរផងដែរ ដោយមិនទាន់មានការដោះស្រាយសមរម្យសម្រាប់ពួកគាត់ ហើយម្យ៉ាងទៀត ពួកគាត់៩នាក់ត្រូវតុលាការកោះហៅចូលរួមសវនាការនៅពេលខាងមុខនេះ គឺថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយសារតែពួកគាត់ហ្នឹងការពារទៅលើដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ ដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ»។
សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលឱ្យដឹងថា ពលរដ្ឋទាំង៩នាក់ ដែលបច្ចុប្បន្នរស់នៅក្នុងឃុំបឹងខ្យាង និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកំណ្តាល និងឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាកោះហៅកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ពីបទ«ហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។
ក្រុមអង្គការសង្គមស៊ីវិលបានស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់ទៅលើប្រជាពលរដ្ឋទាំង៩នាក់ខាងលើ ហើយចំពោះដី និងផ្ទះទាំងឡាយណាដែលពួកគាត់យល់ព្រមដោះដូរ សុំឱ្យអាជ្ញាធរ និងក្រុមហ៊ុនចេញបណ្ណកម្មសិទ្ធិដោយបញ្ជាក់ទីតាំងច្បាស់លាស់ជាមុន។
បើតាមលោក អំ សំអាត ការលើកយកករណីវិវាទដីធ្លីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះមកបង្ហាញអំឡុងពេលនៃការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាននេះ គឺជាផ្នែកមួយនៃការលើកជាឧទាហរណ៍ដល់អាជ្ញាធរឱ្យពិចារណាដោះស្រាយវិវាទផ្សេងៗទៀតដែលនៅបន្តជាប់គាំងដើម្បីបើកផ្លូវឱ្យពលរដ្ឋដែលជាប់ក្នុងជម្លោះនោះមានលំនឹងក្នុងការប្រកបមុខរបរ និងរស់នៅប្រចាំថ្ងៃ។
លោកបន្ថែមថា៖ «អ្វីដែលសំខាន់គឺយើងចង់ឱ្យអាជ្ញាធរទាំងអស់ អាជ្ញាធរដែលពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋតាមបណ្តាសហគមន៍ហ្នឹង គឺមេត្តាដោះស្រាយឱ្យបានឆាប់រហ័ស ដោយសន្តិវិធី តម្លាភាព និងយុត្តិធម៌»។
ក្នុងករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ ក្នុងគម្រោងសាងសង់ព្រលានយន្តហោះតម្លៃប្រមាណ១.៥០០លានដុល្លារអាមេរិកនេះ មន្រ្តីសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានរិះគន់អំពីការផ្តល់តម្លៃដីក្នុងមួយម៉ែត្រការ៉េបានត្រឹមតែ៨ដុល្លារឲ្យប្រជាពលរដ្ឋ ដែលទាបជាងទីផ្សារឆ្ងាយ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់វីអូអេថា បញ្ហាតម្លៃដី និងបញ្ហាមួយចំនួនទៀត ដូចជាការវាស់វែងដីធ្លី ផ្ទះសម្បែង និងការដោះដូរដីគឺជាបញ្ហាស្នូលនៃជម្លោះដីធ្លីក្នុងតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីក្នុងស្រុកកណ្តាលស្ទឹង និងថា ពលរដ្ឋជាប់ក្នុងជម្លោះនេះ កំពុងតែរងសម្ពាធពីតុលាការ ដែលមិនអាចឱ្យពួកគេប្រើប្រាស់សិទ្ធិបញ្ចេញមតិ ឬក៏ការប្រមូលផ្តុំគ្នាតវ៉ាបានដូចមុន។
លោកថ្លែងថា៖ «សរុបសេចក្តីមកឃើញថា ប្រជាពលរដ្ឋហ្នឹងគាត់អត់បានដំណោះស្រាយទេ តែភាគច្រើន គឺថា មានតែសម្ពាធដាក់ឱ្យគាត់ហ្នឹងកាន់តែឱ្យគាត់ហ្នឹងកាន់តែរួញទៅៗ ហើយធ្វើឱ្យបាត់បង់សេរីភាពក្នុងការបញ្ចេញមតិយោបល់ក្នុងការជួបជុំហ្នឹងទៀត ហើយភាពក្រីក្ររបស់គាត់ហ្នឹងគឺថា កាន់តែក្រីក្រទៅ។ វាខុសពីគោលការណ៍របស់រាជរដ្ឋាភិបាលនៃការកាត់បន្ថយភាពក្រីក្រ»។
ជុំវិញការផ្តល់តម្លៃដីជូនពលរដ្ឋពីសំណាក់ក្រុមហ៊ុននោះ លោក វណ្ណ សុផាត ថ្លែងថា តម្លៃនៅមិនប្រែប្រួលគឺត្រឹម៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលខុសពីទីផ្សារគឺក្នុងចន្លោះជាង៨០ដុល្លារទៅជាង១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន៨៤កន្លែង និងស្ថាប័ននោះ ការតវ៉ារបស់ប្រជាពលរដ្ឋម្ចាស់ដីកន្លងមកនេះ គឺដោយសារតែសំណងដែលកំណត់ដោយក្រុមហ៊ុន OCIC និងអាជ្ញាធរនោះមិនសមរម្យ និងមិនស្របតាមតម្លៃទីផ្សារ ដែលពួកគាត់មិនអាចស្វែងរកទិញដីទំហំប្រហាក់ប្រហែលគ្នានឹងដីដែលបានបាត់បង់ នៅតំបន់ជុំវិញគម្រោងព្រលានយន្តហោះថ្មីនោះបាន និងពុំមានភាពច្បាស់លាស់ចំពោះទំហំ និងទីតាំងដីដែលក្រុមហ៊ុន និងអាជ្ញាធរសន្យានឹងប្រគល់់ឱ្យទៅប្រជាពលរដ្ឋដែលយល់ព្រមដោះដូរដី។ មួយវិញទៀត ក៏នៅមិនទាន់មានភាពប្រាកដប្រជាចំពោះដំណោះស្រាយដី និងផ្ទះចំនួន៦៦ខ្នង ដែលជាគោលដៅនៃការរុះរើចេញនៅជាប់ក្រវ៉ាត់ព្រលានយន្តហោះនោះផងដែរ។
លោក ណៃ ភន អាយុ៥០ឆ្នាំ ដែលមានដីស្រែ និងផ្ទះទំហំជាងមួយហិកតានៅក្នុងតំបន់ក្រវ៉ាត់ព្រលានយន្តហោះថ្មីនោះ ថ្លែងថា លោកមិនអាចទទួលយកតម្លៃដីត្រឹម៨ដុល្លារនោះទេ ដោយថា បើទទួលយកតម្លៃនេះ លោកមិនអាចទិញដី ឬផ្ទះនៅក្នុងទីតាំងផ្សេងបានទេ។
លោកបន្ថែមថា អំឡុងពេលនៃការមានជម្លោះជាង៤ឆ្នាំមកនេះ ជីវភាពរបស់គ្រួសារកាន់តែលំបាក ហើយដំណាលគ្នានេះ ភរិយាលោកក៏នឹងត្រូវប្រឈមមុខជាមួយនឹងវិធានការរបស់តុលាការផងដែរ។
លោកថ្លែងថា៖«ជីវិតអ្នកស្រែមិនមានសល់ដុំកំភួនមែន ក៏ប៉ុន្តែយើងធ្វើស្រែបីដងអ៊ីចឹងទៅ ...ធ្វើមួយរដូវ ធ្វើនេះ ចាយអានោះ វិលជុំអ៊ីចឹងទៅណា៎! យកអានេះមក ទុកអានោះ... អានោះ ទុកអានេះ..ចាយ... មានគ្រាន់ចាយ គ្រាន់ឱ្យកូនទៅរៀនឱ្យអី។ ដល់ឥឡូវបំណុលធនាគារ រុំកោះ។ បំណុលធនាគារហ្នឹងមិនមែនយកប្លង់យើងទៅ ទៅខ្ចីទេ។ ប្លង់យើងគេអត់ឱ្យទេ។ យើងខ្ចីប្លង់បងប្អូនអ៊ីចឹងទៅ។ យើងដាក់ទៅ ហើយយើងចេះយកអ៊ីចឹងទៅ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC បាននៅឡើយទេ នៅថ្ងៃចន្ទនេះ។ វីអូអេក៏មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានដែរ នៅថ្ងៃចន្ទនេះ។
ដោយឡែកអ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផាន ថ្លែងថា គណៈកម្មការមួយកំពុងដោះស្រាយវិវាទនេះ ហើយថា បើសិនជាភាគីទំនាស់នៅមិនត្រូវគ្នា មធ្យោបាយដែលអាចបំបែកវិវាទនេះបានគឺតាមផ្លូវតុលាការ។
លោកប្រាប់វីអូអេថា៖ «គណៈកម្មការដោះស្រាយវិវាទដីធ្លីហ្នឹង គេកំពុងតែនិយាយជាមួយនឹងអ្នកដែលមាន ដីវិវាទជាមួយហ្នឹង នៅកន្លែងវាលយន្តហោះនោះ។ អាហ្នឹងមួយ។ បញ្ហាទីពីរ បើសិនជាការដោះស្រាយហ្នឹងយើងវាមិនពេញចិត្តទេ គួរស្វែងរកការវិនិច្ឆ័យក្តីពីតុលាការទៅវាស្រួលជាង ព្រោះរដ្ឋធម្មនុញ្ញបានចង្អុលបង្ហាញថា ប្រជាពលរដ្ឋលោកមានសិទ្ធិក្នុងប្រការកិច្ចប្តឹងបរិហារនែអាជ្ញាធរដែនដី ឬក៏រដ្ឋាភិបាល»។
មាត្រា១៩នៃច្បាប់ស្តីពីអស្សាមិករណ៍ចែងថា ការដកហូតកម្មសិទ្ធិលើអចលនវត្ថុអាចធ្វើទៅបានលុះត្រាតែគណៈកម្មាធិការអស្សាមិករណ៍បានផ្តល់សំណងសមរម្យ និងយុត្តិធម៌តាមគោលការណ៍ និងនីតិវិធីនៃការទូទាត់សំណង។ ក៏ប៉ុន្តែច្បាប់នេះចែងថា ម្ចាស់អចលនទ្រព្យមិនអាចធ្វើពាក្យបណ្តឹងតវ៉ានៅក្នុងជម្លោះដីធ្លីលើគម្រោងធំៗរបស់រដ្ឋ ដូចជាអភិវឌ្ឍន៍ផ្លូវជាតិធំៗ ស្ពាន ផ្លូវរទេះភ្លើង ការតភ្ជាប់ ការចែកចាយបណ្តាញទឹកភ្លើង ប្រព័ន្ធលូ ធារាសាស្រ្តជាដើម៕