ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ផ្តល់​សំណង​សម​រម្យ​ដល់​អ្នក​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល


ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ- CJ News)
ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ- CJ News)

ជម្លោះ​ដី​ធ្លី​ដែល​កើត​ឡើង​ដោយ​សារ​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ក្នុង​ខេត្ត​កណ្តាល រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ថា​ក្រុម​ហ៊ុន​ទិញ​ដី​ពី​ប្រជា​ពល​រដ្ឋ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ឆ្ងាយ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យក​ដោយ​មិន​មាន​ជម្រើស។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចៀស​ការ​តវ៉ា​ទំនាស់​ដី​ធ្លី។

លោក ​វណ្ណ សុផាត អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី អាជ្ញាធរ​ត្រូវ​តែ​ដោះ​ស្រាយ ដោយ​ផ្អែកតាម​ច្បាប់​ភូមិ​បាល និង​ច្បាប់​អស្សាមិករណ៍ ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​អាច​ដោះ​ស្រាយ​ជម្លោះ ប្រកប​ដោយ​តម្លាភាព ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​មាន​សេដ្ឋ​កិច្ឋ​សម​រម្យ ហើយ​កុំ​ឲ្យរង​គ្រោះ​ដោយ​សារ​ការ​អភិវឌ្ឍ។

លោក​ប្រាប់​វីអូអេ​ថា៖ «រដ្ឋធម្មនុញ្ញ​របស់​យើង ក្នុង​ច្បាប់​ភូមិបាល​ក៏​ដូច​ជា​ច្បាប់​អស្សា​មិករណ៍ តាម​ពិត​ទៅ ទោះ​បី​ជា​ដី​មាន​ប្លង់​ក៏​ដោយ​គឺរ​ដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ដក​ហូត ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ ឬ​ដើម្បី​ផល​ប្រយោ​ជន៍​ជា​សាធារណៈ ក៏​ប៉ុន្តែ​នៅ​ក្នុង​ហ្នឹង គេ​កំណត់​ច្បាស់​លាស់ គឺ​ត្រូវ​តែ​មាន​ការ​ប្រឹក្សា​យោបល់​និង​ផ្តល់​សំណង​សមរម្យ និង​យុត្តិ​ធម៌​ជា​មុន»។

ក្នុង​ករណី​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC ​របស់​ឧកញ៉ា ពុង ឃាវសែ ក្នុង​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​តម្លៃ​ប្រមាណ​១.៥០០​លាន​ដុល្លារ​អាមេរិក មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នោះ​បាន​រិះគន់​ថា​តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​៨​ដុល្លារ​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ ទាប​ជាង​ទីផ្សារ​ឆ្ងាយ។

លោក​ថ្លែង​ថា៖ «ឃើញ​ទេ!...ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​មិញថា​សម​រម្យ​ទេ? ក្នុង​ខណៈ​ដី​នៅ​ជុំវិញ​នោះ​៨០ទៅ​១០០​ដុល្លា​រ ហើយ[បែរ​ជា]គាត់​បាន​៨​ដុល្លារ​បែប​ហ្នឹង​សមរម្យ​ទេ? យុត្តិធម៌​ទេ? សម្រាប់​ពួក​គាត់​រស់​នៅ​ជុំវិញ​ហ្នឹង។ គេ​ក្លាយ​ជា​អ្នក​មាន​អស់​ហើយ គេ​លក់​ដី​បាន​រាប់​ម៉ឺន​ដុល្លារ រាប់​លាន​ដុល្លារ​អស់​ហើយ​ប៉ុន្តែ​ពួក​គាត់​នៅ​តំបន់​នោះ​វិញ ពួក​គាត់​ត្រូវ​បាន​ប្រយោជន៍​ធំ​ជាង​គេ​ពី​ការ​អភិវឌ្ឍ​ហ្នឹង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួក​គាត់ត្រូវ​រង​ទឹក​ភ្នែក ហើយ​ត្រូវ​គេ​រឹប​អូស​យក​ដី»។

លោក វណ្ណ សុផាត ជំរុញ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ ត្រូវ​តែ​អនុវត្ត​តាម​គោល​ការណ៍​របស់​រដ្ឋាភិបាល និង​គោល​ការណ៍​ច្បាប់ ដោយ​កុំ​លម្អៀង​ទៅ​ខាង​ក្រុម​ហ៊ុន ហើយ​កុំ​ឲ្យ​មានការ​បំបាក់​ស្មារតី និង​ការ​គំរាម​កំហែង​ប្រជាពល​រដ្ឋ​ឲ្យ​ពួកគេ​ទទួល​យក​សំណង​នេះ។

លោក​បន្ត​ថា៖ «បើ​សិន​ជា​មាន​ប្លង់​រឹង​ហើយ​នៅ​តែ​គេ​បណ្តេញ​យក​ដី​របស់​គាត់​បាន​ទៀត។ វា​ជា​ការ​គំរាម​កំហែង​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែល​គាត់​មាន​បណ្ណ​រឹង​ដែល​ថា​ថ្ងៃ​ណា​មួយ ការ​អភិវឌ្ឍហ្នឹង​ចូល​ទៅ​ដល់​កន្លែង​គាត់ គាត់​មិន​បែរ​ជា​ត្រេក​អរ​ថា​បាន​កំណប់​ទៅ​វិញ តែ​បែរ​ទៅ​ជា​មាន​ការ​ព្រួយ​បារម្ភ​ថា​គាត់​ហ្នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ក្នុង​ការ​យក​ដី យក​ផ្ទះ»។

ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ទាក់​ទង​នឹង​ការ​ផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​វិនិយោគ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ឆ្នាំ​២០១២។ ចំណែក​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដែល​យក​ដី​ទៅ​អភិវឌ្ឍ​ជា​ទីក្រុង​រណប ឬ​ព្រលាន​យន្ត​ហោះ ដូច​នៅ​ក្នុង​ខេត្ត​កណ្តាល ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​ផ្តល់​សំណង​មិន​សមរម្យ​ដែរ។

ការ​ផ្តល់​សំណង​ក្នុង​ជម្លោះ​ដី​ធ្លីនៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​តំបន់​អភិវឌ្ឍន៍ ត្រូវ​បាន​អង្គ​ការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​តែង​តែ​មាន​ភាព​ចម្រូង​សម្រាស ភាព​មិន​ប្រក្រតី​និង​មានភាពអ​យុត្តិ​ធម៌​សម្រាប់​ពលរដ្ឋ។

ហើយ​ក្នុង​ករណី​ជា​ច្រើន ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ មាន​ការ​តវ៉ា ប្តឹង​ផ្តល់​ទៅ​តុលាការ និង​មាន​ការ​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ។ តួយ៉ាង​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ប្រជា​ពល​រដ្ឋ​៩​នាក់​ដែល​តវ៉ាទាម​ទារ​សំណង​ដីធ្លី​សមរម្យ ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។

លោក ភាព សុភា ប្រធានកម្ម​វិធី​ដីធ្លី​និង​ព្រៃឈើ​នៃ​វេទិ​កា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាលស្តី​ពី​កម្ពុជា (NGO Forum) បាន​ថ្លែង​ថាការ​អភិ​វឌ្ឍ​ន៍ត្រូវ​តែ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​ប្រជា​ពលរដ្ឋ​រង​គ្រោះ អាជ្ញា​ធរ​មូល​ដ្ឋាន​អង្គ​ការ​សង្គម​ស៊ីវិល ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ជា​មុន​សិន ទើប​អាច​អនុវត្ត​គម្រោងទៅ​បាន។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី ដោយសន្តិ​វិធី ប្រកប​ដោយ​តម្លាភាព និង​មាន​ការ​ឯក​ភាព​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោក​ប្រាប់​វីអូអេ​ថា៖ «សម្រាប់ NGO Forum ក៏​ដូច​ជា​អង្គការ​សមាជិក និង​ដៃគូ​ដែល​បាន​ពិភាក្សាទៅ​លើ​បញ្ហានេះ ជា​រួម​យើង​ចង់​ឃើញ​ការ​ដោះស្រាយ​បញ្ហា​នេះ​អាច ធ្វើ​ឡើង​ដោយ​សន្តិវិធី​ដោយ​ឈរ​លើ​គោល​ការណ៍​ឈ្នះៗ បាន​ន័យ​ថា​អាជ្ញាធរ​ក្រសួង​ស្ថាប័ន​របស់​រាជ​រដ្ឋាភិបាល​និង​ធ្វើ​ការ​សម្រប​សម្រួល ដើម្បី​ឲ្យ​ភាគី​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ក៏​ដូច​ជា​ឯក​ជន​អាច​មាន​ឱកាស​ដើម្បី​ជួប​ជជែក​ពិភាក្សា​គ្នា​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​និង​ដោះ​ស្រាយ​អំពី​សំណង​ឲ្យ​មាន​ភាព​សមរម្យ និង​យុត្តិធម៌​ផង​ដែរ»។

លោក ណៃ ភន រស់​នៅ​ក្នុង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្តាល​ស្ទឹង ដែល​មានដី​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន​OCICប្រមាណ​១​ហិកតា បាន​ប្រាប់​វីអូអេ​ថា​លោក​មិន​ទទួល​យក​តម្លៃ​ដី​៨​ដុល្លារ​ដែល​ក្រុម​ហ៊ុននិង​អាជ្ញាធរ​កំណត់​ឲ្យ​នេះ​ទេ ដោយ​សារ​តម្លៃ​នេះ​ទាប​ជាង​ទីផ្សារ​ខ្លាំង​ពេក​ខណៈ​ដី​នៅ​តំបន់​ជិត​នោះ​មាន​តម្លៃ​ប្រមាណ​១០០​ដុល្លារ។

លោក​ថ្លែង​ថា៖ «ឲ្យ​វា​ប្រហាក់​ប្រហែល​នឹង​ទី​ផ្សារ​ទៅ។ បើ​និយាយ​ទៅ​ឆ្ងាយ​ចេញ​ពី​កន្លែង​ការ​ទិញ​លក់​ហ្នឹង​តែ​១​ម៉ែត្រ គឺ​គេ​ទទួល​បាន​៧០​ទៅ​៨០ [ឬ]១០០​[ដុល្លារ] ១០០[ដុល្លារ]ជាង​ជាប់​ផ្លូវ។ ហើយ​យើង​៨​ដុល្លារ​បី​ឆ្នាំ​ហើយ​ដែល​គេ​ចេញ​ឲ្យ​ហ្នឹង»។

វីអូអេ​មិន​ទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ពុង ឃាវសែ ម្ចាស់​ក្រុមហ៊ុន​ OCIC​ បាន​នៅ​ឡើយ​ទេ។

តំណាង​ក្រុមហ៊ុន​លោក ជូ កុកសាយ​បាន​ប្រាប់វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា​ក្រុមហ៊ុន​នៅ​តែ​ផ្តល់​ជម្រើស​២​ទៅ​ប្រជា​ពលរដ្ឋ ដែល​រួម​មាន​ការ​ផ្តល់​សំណងចំនួន​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ដោះ​ដូរ​ដី​ចំពោះ​ដី​ប្រជា​ពល​រដ្ឋ​មាន​ការ​ប៉ះ​ពាល់​ផ្លូវ​យន្ត​ហោះ​រត់។ លោក​បញ្ជាក់​ថា​ក្រុមហ៊ុន​មិន​បាន​បង្ខំ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ក្នុង​ការ​លក់ដី​ឲ្យ​ក្រុម​ហ៊ុន​នោះ​ទេ ហើយ​ការ​ចរចា​តម្លៃ​ដី​យ៉ាង​ណា​លោក​មិន​អាច​បញ្ជាក់​បាន​ទេ ដោយ​លោក​ថា​ធ្វើ​តាម​គោល​ការណ៍​របស់ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សេង ឡូត អ្នក​នាំពាក្យ​របស់​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់បាន​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដែល​ពលរដ្ឋ​មិន​ព្រម​ទទួល​សំណង​នេះ​ដែរ​លោក​ភោគ និល ​អាយុ៥១​ឆ្នាំ​ដែល​មាន​ដី​ប្រមាណ​៧​ពាន់​ម៉ែត្រ​ការ៉េ ឬ​៧០អា ដែល​ប៉ះពាល់​ជាមួយ​គម្រោង​ជីក​ប្រឡាយ​ទឹក​សាធារណៈ​រដ្ឋ​ក្នុង​ខេត្ត​ស្វាយ​រៀង បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ប្រជា​ពល​រដ្ឋ​ប្រមាណ​២៤០​គ្រួសារ​ក្នុង​ឃុំ​ឈើទាល និង​ឃុំ​ក្រោល​គោ បាន​ស្នើ​សុំ​សំណង​ដី​ស្រប​ច្បាប់​របស់​ខ្លួន តែ​ក្នុង​តម្លៃ​៨​ពាន់​រៀល​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ប៉ុន្តែ​អាជ្ញាធរ​ផ្តល់​ឲ្យ​តែ​២៤០០​រៀល​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «រដ្ឋ​គិត​ឲ្យ​តែ​៦​កាក់ [ស្មើ​២៤០០​រៀល]​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ពលរដ្ឋសុំ​តែ​២[ដុល្លារ]​ទេ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ហើយ​ប៉ុន្តែ[​រដ្ឋ]អត់​ព្រម​ទេ សម្រួល​លើក​ណា​ក៏​ដោយ​ឲ្យ​១​ហិកតា​តែ​[តម្លៃ៦​ពាន់​[ដុល្លារ]​ទេ។

លោក​ថ្លែង​បន្ត​ថា៖ «អ៊ំ​មិន​ដឹង​សង្ឃឹម​ពី​ណា​ទេ ដោយ​សារ​ថា​យើង​ទី​ទាល់ អត់​មា​នបង​ធំ បង​តូច ឬ​មន្ត្រី​ណា​ ដែល​ជា​ទំនុក​យើង​អាច​ពឹង​ពាក់​បាន​នោះ​ទេ [គឺ]​ទទេ»។

លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​សិក្សាគម្រោង​អភិវឌ្ឍន៍​គឺ​មាន​ពីរ​ក្រុម គឺ​ក្រុម​អ្នកសិក្សា​គម្រោង និង​មួយ​ក្រុមទៀតអ្នក​ដោះ​ស្រាយ​គម្រោង​ដែល​អ្នក​ដោះ​ស្រាយ​គម្រោង​ភាគច្រើន គឺ​ជា​អាជ្ញាធរ​មូល​ដ្ឋាន។ លោក​បន្ត​ថា​រដ្ឋ​មិន​អាច​ផ្តល់​សំណង​តាម​ការ​ទាម​ទារ​របស់​ប្រជា​ពលរដ្ឋ ទៅ​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​បាន​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​អាច​រឹប​អូស​ដី​របស់​ប្រជា​ពលរដ្ឋ​បាន​ដូច​គ្នា​ដែរ​ដូច្នេះ​ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​សម្រប​សម្រួល និង​ធ្វើតាម​រយៈ​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «ជា​រៀង​រាល់​ឆ្នាំ ជា​រៀង​រាល់​ដង គឺ​អញ្ចឹង​ប្រជា​ពល​រដ្ឋ គាត់​ទាម​ទារ​ទៅ​តាម​រយៈ​ទីផ្សារ ហើយ​តម្លៃ​ទីផ្សារ​អត់​មាន​ចែងនៅ​ក្នុង​ក្រដាស​ស្នាម​ទេ​គឺ​ចែង​នឹង​មាត់​របស់​អ្នក​គួក​ជេ​ដី អ្នក​ទិញ​ដូរ អ្នក​ជួញ​ដូរ​ដី​ដូច្នេះ​រដ្ឋ​មិន​អាច​ធ្វើ​អញ្ចឹងទៅ​បា​នទេ។ អញ្ចឹង​បាន​ការ​ថ្លឹង​ថ្លែង​របស់​«ច្បាប់​អស្សាមិករណ៍» គឺ​តម្រូវ​ថា​តើ​ផល​ប្រយោ​ជន៍​សាធារណៈ​ជា​ធំ​ដែរ​ឬ​ទេ។ បើ​ជាផល​ប្រយោជន៍​ជា​ធំ​បែប​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​ប៉ុន្តែ​មិន​មែន​អនុញ្ញាត​ឲ្យអាជ្ញាធរទៅ​រឹប​អូស​យក​នោះ​ទេ ក៏​ប៉ុន្តែ​ត្រូវ​តែ​រក្សា​ការ​ដោះ​ស្រាយ​ជជែក​គ្នា ទៅ​តាម​តម្លៃ​មួយ​ដែល​សម​ស្រប​ក្នុង​កិច្ច​ការពារ​សាធារណៈ»។

លោក​ថ្លែង​បន្ត​ថា៖ «បើ​ភាគី​ទាំង​ពីរ​មិន​ត្រូវ​គ្នា​ក្នុង​ការ​សម្រេច​តម្លៃ​នៃ​ការ​សងនៃ​ការ​ដោះ​ដូរ​ហ្នឹង​[មាន​តែ]​ទៅ​តុលាការ​[ដែល]​តុលាការ​ជា​អ្នក​សម្រេច។ តាម​រយៈ​នេះ​សូម​អំពាវនាវ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​អ្វីដែល​ជា​នីតិរដ្ឋ​របស់​យើង ដែល​លោក​មិន​ពេញ​ចិត្ត​គួរ​តែ​នាំ​គ្នា​ទៅ​តុលាការ​[ដោយ]​រក​មេធាវី​ទៅ​តុលាការ ពីព្រោះ​ច្បាប់​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្តឹង​បរិហារ នៅ​ពេល​ដែល​គេ​យល់​ឃើញ​ថា​អ្វី​ទៅ​ផល​ប្រយោ​ជន៍​របស់​បុគ្គល»។

មាត្រា​១៩​នៃ​ច្បាប់​ស្តីពី​អស្សាមិករណ៍​ចែង​ថា​ការ​ដក​ហូត​កម្មសិទ្ធិ​លើ​អចលនវត្ថុ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​គណៈ​កម្មា​ធិការ​អស្សាមិករណ៍​បាន​ផ្តល់​សំណង​សម​រម្យ និង​យុត្តិ​ធម៌​តាម​គោល​ការណ៍ និង​នីតិ​វិធី​នៃ​ការ​ទូ

ទាត់​សំណង។ ប៉ុន្តែ​ច្បាប់​នេះ​ចែង​ថា​ម្ចាស់​អចលន​ទ្រព្យ​មិន​អាច​ធ្វើ​ពាក្យ​បណ្តឹង​តវ៉ា​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី លើ​គម្រោង​ធំៗ​របស់​រដ្ឋ ដូច​ជា​អភិវឌ្ឍ​ផ្លូវ​ជាតិ​ធំៗ ស្ពាន ផ្លូវ​រទេះ​ភ្លើង ការ​ត​ភ្ជាប់ ការ​ចែក​ចាយ​បណ្តាញ​ទឹក​ភ្លើង ប្រព័ន្ធ​លូ ធារាសាស្រ្ត​ជា​ដើម៕

XS
SM
MD
LG