សមត្ថកិច្ចខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋ២១នាក់ និងបន្តឃុំខ្លួន៩នាក់ ដែលពួកគេទាំងអស់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលប្រាប់វីអូអេកាលពីរសៀលថ្ងៃអង្គារថា ប្រជាពលរដ្ឋចំនួន៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរដល់កម្លាំងសមត្ថកិច្ច មិនត្រូវបានដោះលែងនោះទេ ហើយកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។ លោកបន្តថា សមត្ថកិច្ចមានភ័ស្តុតាងតាមរយៈការថតរូបភាពដែលថតបានពីកន្លែងផ្ទុះហិង្សាក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។
លោកថ្លែងថា៖«អ្នកដែលប្រជាជនត្រឹមត្រូវ ដែលគ្រាន់តែកាន់ដុំថ្ម គាត់(ប្រជាពលរដ្ឋ)គ្រាន់តែជេរ គាត់(ប្រជាពលរដ្ឋ)ដេញយោកយ៉ាកតិចតួច ហ្នឹងយើងបានឲ្យគាត់មកផ្ទះក្នុង២១នាក់។ ឲ្យគាត់មកផ្ទះវិញហើយ។ ឯអ្នក(ពលរដ្ឋ៩រូប) ដែលជើងដៃដល់ខ្លាំងត្រូវប៉ូលិស ត្រូវអីខ្លាំងមែនទែននឹងដែលជាបទល្មើសជាក់ស្តែង ដែលយើងថតរូបបាន ដែលគាត់ចេញមុខខ្លាំងហ្នឹង គឺយើងឲ្យតាមនីតិវិធីច្បាប់សិន»។
នៅក្នុងរឿងជម្លោះដីធ្លីដែលតានតឹងនេះ រដ្ឋបាលខេត្តកណ្តាលបានចោទប្រកាន់ប្រជាពលរដ្ឋថាប្រើអំពើហិង្សា និងជេរប្រមាថកម្លាំងសមត្ថកិច្ច ហើយបានដុតកៅស៊ូកង់ និងប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង ទៅលើសមត្ថកិច្ច។ រដ្ឋបាលខេត្តបញ្ជាក់ថា សកម្មភាពទាំងនេះបណ្តាលឲ្យកងកម្លាំងសមត្ថកិច្ចចំនួន១៣នាក់រងរបួស។
អ្នកភូមិដែលតវ៉ាបានឲ្យដឹងថា អ្នកភូមិប្រមាណ៣០០គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនOCICរបស់លោកឧកញ៉ា ពុង ឃាវសែ ក្នុងគម្រោងសាងសង់ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពលរដ្ឋបញ្ជាក់ថា សំណងសមរម្យលើដីធ្លី ទៅតាមតម្លៃទីផ្សារ មិនត្រូវបានផ្តល់ឲ្យប្រជាពលរដ្ឋនោះទេ ទើបពួកគេចេញមុខតវ៉ា៕