ក្រុមអ្នកជួយសង្គ្រោះដោយការរញ្ជួយដីក្នុងប្រទេសតួកគី នៅថ្ងៃអង្គារនេះ បានរកឃើញនិងជួយសង្គ្រោះមនុស្សជាច្រើននាក់ទៀត ចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ គឺរយៈពេលជិត២០០ម៉ោង ក្រោយមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយចំនួនកើតឡើងក្នុងតំបន់នោះរួចមក។
ការជួយសង្គ្រោះនាពេលថ្មីៗចុងក្រោយនេះ គឺរួមមានមនុស្សម្នាក់ ដែលត្រូវបានជួយយកចេញពីគំនរថ្មបាក់បែក នៅក្នុងខេត្ត Adiyaman និង២នាក់ដទៃទៀត ពីអគារបាក់បែកនៅក្នុងទីក្រុង Kahramanmaras របស់តួកគី។
ទូរទស្សន៍តួកគី បានផ្សាយពីការជួយសង្គ្រោះនោះ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានពីពេលវេលាដែលនឹងត្រូវបិទបញ្ចប់ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ពីអគារដែលដួលរលំទាំងនោះ ក្រោយពីបានប្រើពេលវេលាអស់ជាច្រើនរួចមក។
ពលរដ្ឋតួកគីដែលរស់នៅទីប្រជុំជន Samandag ក្នុងខេត្ត Hatay បានរិះគន់រដ្ឋាភិបាលថា មិនបានធ្វើការងារគ្រប់គ្រាន់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីនេះឡើយ។
ជនរងគ្រោះម្នាក់ដែលនៅរស់ជីវិត បានប្រាប់ វីអូអេភាសាតួកគីថា ការងារទាំងអស់ត្រូវធ្វើឡើងតាមរយៈក្រុមអ្នកស្ម័គ្រចិត្ត និងការប្រឹងប្រែងរបស់សហគមន៍តែប៉ុណ្ណោះ មិនមែនដោយរដ្ឋាភិបាលនោះឡើយ។
ជនរងគ្រោះរូបនេះបន្ថែមទៀតថា៖ «យើងបានជួយសង្គ្រោះម្តាយនិងកូនង៉ែតរបស់ស្រ្តីម្នាក់ នៅក្រោមគំនរបាក់បែកឱ្យរួចពីជីវិត។ នេះជាការប្រឹងប្រែងរបស់យើង។ យើងបានប្រើញញួរតូចធំជាច្រើន។ ខ្ញុំមានមិត្តភក្តិជាច្រើននៅជាមួយខ្ញុំ។ នេះជារឿងមិនអាចទទួលយកបានឡើយ»។
ក្រុមអាជ្ញាធរតួកគី បានរាយការណ៍ថា យ៉ាងហោចណាស់អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធំ នៅក្នុងតំបន់ Gaziantep នៃប្រទេសតួកគីនេះ បានឡើងដល់ចំនួន ៣១.៦៤៣ នាក់ហើយ។
ដោយឡែកនៅជាប់ព្រំដែនក្នុងប្រទេសស៊ីរីឯណោះវិញ ការិយាល័យជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ចំនួនអ្នកស្លាប់សរុបដោយគ្រោះរញ្ជួយដីក្នុងប្រទេសស៊ីរី មានចំនួន ៤.៣០០ នាក់ និងអ្នករបួសមានប្រមាណ ៧.៦០០ នាក់៕
វីអូអេផ្សាយជាភាសាតួកគី បានចូលរួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ ដែលព័ត៌មានមួយចំនួនត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។