ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​តួកគី​និង​ស៊ីរី​កើន​ដល់​ជាង​៥.០០០ នាក់


ទិដ្ឋភាព​នៃ​ភាព​ខ្ទេចខ្ទាំ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង Gaziantep ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
ទិដ្ឋភាព​នៃ​ភាព​ខ្ទេចខ្ទាំ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង Gaziantep ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​តួកគី​និង​ស៊ីរី​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើការ​ស្វែងរក​អ្នក​រស់រាន​មាន​ជីវិត​ដែល​កប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ដែល​ដួល​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា ដែល​បាន​កើតឡើង​នៅ​តំបន់​នោះ​កាលពី​ថ្ងៃ​ចន្ទ​និង​ធ្វើ​ឱ្យ​មនុស្ស​ជាង​ ៥.០០០ នាក់​ស្លាប់។

ក្នុង​ពេល​មួយ​យប់​ក្រោយ​មក​ដែល​ធាតុ​អាកាស​បាន​ធ្លាក់​ជិត​ដល់​សូន្យ​អង្សារ​សេ រលក​រញ្ជួយដី​ជាង ២០ ទៀត​ដែល​មាន​កម្រិត ៤ រ៉ិចទ័រ ឬ​ខ្ពស់​ជាង​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​តំបន់​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​តួកគី​និង​ស៊ីរី។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​តួកគី​និង​ស៊ីរី «នៅ​ក្នុង​ស្ថានការណ៍​នៃ​ភាព​សោកសៅ​ដែល​មិន​អាច​ថ្លែង​បាន​នេះ» និង​បាន​និយាយ​ថា តួលេខ​ស្លាប់​និង​របួស​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី «ភាព​សោកសៅ​និង​ការ​បាត់បង់​ដែល​ក្រុម​គ្រួសារ​នីមួយៗ​ជួប​ប្រទះ​នៅ​ពេល​នេះ​នោះ​ទេ ដែល​ពួកគេ​បាន​បាត់បង់​ម្ដាយ ​ឪពុក​ កូន​ស្រី កូន​ប្រុស​នៅ​ក្រោម​គំនរ​អគារ​បាក់បែក ឬ​ក៏​អ្នក​ដែល​មិន​ដឹង​ថា​តើ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅ​រស់​ឬ​ក៏​ស្លាប់​នោះ​ឡើយ»។

លោក Tedros បាន​ថ្លែង​នៅ​ក្នុង​ការ​ប្រជុំ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​ថា ​អង្គការ​សុខភាព​ពិភពលោក​នឹង​បញ្ជូន​យន្តហោះ​ពិសេស​ដឹក​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ប្រទេស​ទាំង​ពីរ និង​ថា ​អង្គការ​នេះ​នឹង​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​ការ​រើប​ឡើង​វិញ​និង​ការ​កសាង​ឡើង​វិញ​របស់​ប្រទេស​ទាំង​ពីរ។

លោក​និយាយ​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវតែ​រួបរួម​សាមគ្គី​គ្នា​ជា​មនុស្ស​ជាតិ​តែ​មួយ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​និង​សម្រាល​ការ​ឈឺចាប់​របស់​អ្នក​ដែល​បាន​រងគ្រោះ​យ៉ាង​ច្រើន​ស្រាប់​រួច​ទៅ​ហើយ»។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បន្ទាន់​របស់​ប្រទេស​តួកគី​បាន​បញ្ជាក់​ថា ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ​តាម​ផ្លូវ​គោក​និង​ផ្លូវ​អាកាស​ដើម្បី​បញ្ជូន​គ្រឿង​បរិក្ខារ​នានា​និង​ក្រុម​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​តំបន់​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយដី​នេះ។ កិច្ច​ប្រឹងប្រែង​ទាំង​នេះ​ត្រូវ​បាន​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ដោយ​រដ្ឋាភិបាល​នានា​និង​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​ផ្សេងៗ​ដែល​បាន​បញ្ជូន​ក្រុម​ការងារ​និង​ធនធាន​ទៅ​កាន់​តំបន់​រងគ្រោះ៕

VOA ភាសា​តួកគី​និង VOA ភាសា​សូម៉ាលី​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ​ AFP និង​ Reuters។

XS
SM
MD
LG