ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជួយ​សង្គ្រោះ​ស្វែងរក​អ្នកនៅរស់​ពី​គ្រោះ​រញ្ជួយដី​នៅ​តួកគី​និង​ស៊ីរី ខណៈ​អ្នកស្លាប់​កើនឡើង​ដល់​ជាង ១១.០០០ នាក់


កងកុម្ម៉ង់ដូ​តួកគី​ជួយ​សង្គ្រោះ​កុមារី​អាយុ ១០ ឆ្នាំ​ម្នាក់​ពី​ក្រោម​គំនរ​បាក់បែក​ក្នុង​ក្រុង Hatay ភាគ​ខាង​ត្បូង​ប្រទេស​តួកគី នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣។
កងកុម្ម៉ង់ដូ​តួកគី​ជួយ​សង្គ្រោះ​កុមារី​អាយុ ១០ ឆ្នាំ​ម្នាក់​ពី​ក្រោម​គំនរ​បាក់បែក​ក្នុង​ក្រុង Hatay ភាគ​ខាង​ត្បូង​ប្រទេស​តួកគី នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣។

ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅក្នុង​ប្រទេស​តួកគី ​និង​ស៊ីរី​បាន​ខិតខំ​ធ្វើការ​ ខណៈ​ពេលវេលា​កាន់តែ​ខើច​និង​មាន​ភាពត្រជាក់​ នា​ថ្ងៃពុធ​នេះ​ ដើម្បី​ស្វែងរក​អ្នកនៅ​រស់រាន​មាន​ជីវិត​ដែល​ត្រូវ​បាន​កប់​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​ដែល​ត្រូវ​បាន​ដួលរលំ​ដោយ​ការរញ្ជួយ​ដី​ដ៏ខ្លាំង​ដែល​បាន​វាយប្រហារ​ក្នុង​តំបន់​កាលពី​ថ្ងៃចន្ទ ​ហើយ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ១១.០០០ ​នាក់​បាន​ស្លាប់។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រាអាសន្ន​របស់​តួកគី​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅក្នុង​ប្រទេស​តួកគី​មាន​បុគ្គលិក​ចំនួន​៩៦.​០០០​នាក់។

ទីកន្លែង​ស្វែងរក​គឺជា​ទិដ្ឋភាព​នៃ​ការអបអរ​ខ្លះ​ដែរ​ ខណៈដែល​មនុស្ស​ត្រូវ​បាន​រកឃើញ​នៅរស់​ និង​ត្រូវ​បាន​នាំយក​ទៅ​ព្យាបាល។ ប៉ុន្តែ​ការ​រុះរើកម្ទេច​ថ្ម​ក៏​រកឃើញ​ចំនួន​អ្នក​ស្លាប់​និង​របួស​កាន់តែ​ច្រើន​ឡើង។

ក្រុមមន្ត្រី​នៅក្នុង​ប្រទេស​តួកគី​បាន​និយាយ​ថា ​យ៉ាងហោច​ណាស់​មាន​មនុស្ស​ចំនួន​ ៨.៥៧៤ នាក់​បាន​ស្លាប់ ​និង​ជាង​ ៣៨.០០០ ​នាក់​ផ្សេង​ទៀត​បាន​រងរបួស។ នៅក្នុង​ប្រទេស​ស៊ីរី​ មាន​អ្នកស្លាប់​យ៉ាងហោចណាស់​២.៥៣០​នាក់។ នេះ​បើយោង​តាម​តួលេខ​ពី​រដ្ឋាភិបាល​ក្រុងដាម៉ាស​ និង​ក្រុម​ជួយ​សង្គ្រោះ។

ការរញ្ជួយ​ដី​ឥឡូវនេះ​គឺជា​ព្រឹត្តិការណ៍​រញ្ជួយដី​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​ពិភពលោក​ចាប់តាំងពី​ការរញ្ជួយ​ដី​និង​រលកយក្ស​ស៊ូណាមិ​កាលពី​ឆ្នាំ ២០១១ ​ដែល​បាន​សម្លាប់​មនុស្ស​ជិត​២០​.០០០​នាក់​នៅក្នុង​ប្រទេស​ជប៉ុន។

ចំណុច​កណ្តាល​នៃ​ការរញ្ជួយ​ដី​កាលពី​ព្រឹក​ថ្ងៃចន្ទ​គឺ​នៅ ​Pazarcik ​ក្បែរ​ទីក្រុង​ Gaziantep ​ជិត​ព្រំដែន​តួកគី ​និង​ស៊ីរី។ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ​បានទៅ​ទស្សនា​តំបន់​នោះ​នៅ​ថ្ងៃពុធ​នេះ​ រួមទាំង​ការឈប់​នៅ​ឯ​ទីក្រុងតង់​ក្នុង​តំបន់​ Kahramanmaras​ ដែល​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រាអាសន្ន​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ​ការរញ្ជួយ​ដី៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG