ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំងក្លា​សម្លាប់​មនុស្ស​ជាង​១.៥០០ នាក់​នៅ​តួកគី​និង​ស៊ីរី


ក្រុមសង្គ្រោះបន្ទាន់​ស្វែងរក​មនុស្ស​នៅក្នុង​អគារ​ដែល​ត្រូវបាន​បំផ្លាញ​នៅ​ទីក្រុង Adana ប្រទេសតួគី ដោយ​ការរញ្ជួយដី​ដ៏ខ្លាំង​មួយ​នៅ​​ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមសង្គ្រោះបន្ទាន់​ស្វែងរក​មនុស្ស​នៅក្នុង​អគារ​ដែល​ត្រូវបាន​បំផ្លាញ​នៅ​ទីក្រុង Adana ប្រទេសតួគី ដោយ​ការរញ្ជួយដី​ដ៏ខ្លាំង​មួយ​នៅ​​ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំងក្លា​មួយ​កម្រិត ៧,៨ រិចទ័រ ​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សម្លាប់​មនុស្ស​ជាង១.៥០០​ នាក់​នៅ​ក្នុង​ប្រទេស​តួកគី​និង​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី និង​បាន​បណ្ដាល​ឱ្យ​មាន​ការ​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ក្រោម​គំនរ​អគារ​បាក់បែក។ ​

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ ប្រទេស​តួកគី​មាន​អ្នកស្លាប់​យ៉ាង​តិច​ ៩១២ ​នាក់ ​និង​ប្រហែល ​៥.៤០០ ​នាក់​បាន​រងរបួស។ លោក​បាន​ថ្លែង​ថា​ លោក​មិន​អាច​ទស្សន៍ទាយ​ថា ​តើ​ចំនួន​ទាំងនោះ​នឹង​កើន​ឡើង​ខ្ពស់​ប៉ុណ្ណា​នោះ​ទេ​ នៅពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ និង​ជួយ​សង្គ្រោះ​នៅតែ​បន្ត ​ហើយ​យ៉ាងហោច​ណាស់​អគារ​ចំនួន​២៨០០​បាន​ដួល​រលំ។

មន្ត្រី​សុខាភិបាល​ស៊ីរី​បាន​និយាយ​ថា មនុស្ស​យ៉ាង​តិច ២៣៩ នាក់​ត្រូវ​បាន​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយដី​នេះ​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ចំណែក​ឯ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ជាក់​ថា មនុស្ស​យ៉ាង​តិច ១០០ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម។

រដ្ឋាភិបាល​របស់​លោក Erdogan បាន​ប្រកាស​ភាព​អាសន្ន​កម្រិត​ទី ៤ ដែល​នេះ​មាន​ន័យ​ថា​ជា​ការ​ស្នើ​សុំ​ការ​ជួយ​ជ្រោមជ្រែង​ពី​អន្តរជាតិ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​តួកគី​លោក Suleyman Soylu បាន​និយាយ​ថា មាន​រលក​រញ្ជួយ​ដី​តូចតាច​ក្រោយ​មក​ទៀត​ចំនួន​ជាង ២០ ដង។ លោក​ថា គ្រោះ​រញ្ជួយដី​នេះ​បាន​ប៉ះពាល់​ដល់​ខេត្ត​យ៉ាង​តិច ១០ នៅ​ក្នុង​ប្រទេស​តួកគី និង​ថា​លោក​និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​រង​ការ​ប៉ះពាល់​ទាំង​នោះ។

ចំណុច​កណ្ដាល​នៃ​គ្រោះ​រញ្ជួយដី​នេះ​ស្ថិត​នៅ​ជិត​ទីក្រុង Gaziantep ដែល​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​និង​ផលិតកម្ម​សំខាន់​មួយ​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​តួកគី​និង​ស៊ីរី។ គ្រោះ​រញ្ជួយដី​នេះ​បាន​បំផ្លាញ​ប្រាសាទ​ប្រវត្តិសាស្ត្រ Antep និង​អគារ​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅក្នុង​តំបន់​នោះ៕

ព័ត៌មាន​ខ្លះនៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG