ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សាធារណរដ្ឋ​ស្វែង​រក​សាមគ្គីភាព​សម្រាប់លោក​ Trump ​នៅ​ក្នុង​សន្និបាត​ខាង​មុខ​នេះ​


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​​ពី​គណបក្ស​សាធារដ្ឋ ស្តាប់​ការ​ថ្លែង​របស់​លោក Bob Corker សមាជិក​ព្រឹទ្ធសភា ដែល​បាន​ថ្លែងនៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​នៅរដ្ឋ North Carolina កាល​ពី​ថ្ងៃទី​៥ ខែ​កក្កដា។

លោក​ Donald Trump បាន​​​ជួប​ជាមួយ​នឹង​សមាជិក​សភា​និង​ស​មាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ ដើម្បី​ស្វែង​រក​សាមគ្គីភាព​ពី​គណបក្ស​នេះ។​

មិន​ដល់​១០ថ្ងៃ​មុន​នឹង​ឈាន​ដល់​មហា​សន្និបាត​គណបក្ស​សាធារណរដ្ឋ​ ដែល​លោក​ Donald Trump ត្រូវ​បាន​គេរំពឹង​ថា​ នឹង​ក្លាយ​ជា​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ជាផ្លូវ​ការ​នោះ​ លោក​បាន​ជួប​ជាមួយ​នឹង​សមាជិក​សភា​និង​ស​មាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ ដើម្បី​ស្វែង​រក​សាមគ្គីភាព​ពី​គណបក្ស​នេះ។​

ក្រុម​បាតុករ​បាន​អំពាវ​នាវ​ឲ្យ​សមាជិក​សភាគណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ប្រជុំ​បិទ​ទ្វារ​មួយ កុំ​ឲ្យ​លះបង់​គោល​ការណ៍​របស់​ខ្លួន​ដើម្បី​សាមគ្គី​ភាព​របស់​គណបក្ស។​

ប៉ុន្តែ​វា​ជា​ការ​លំបាក​មួយ​ ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​កំពុង​ឆ្ពោះ​ទៅ​កាន់​មហា​សន្និបាត​ដែល​ពួក​គេ​ត្រូវ​បង្ហាញ​អំពី​គណបក្ស​របស់​ពួក​គេ។​

សម្រាប់​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ ដែល​ភាគច្រើន​បាន​និយាយ​ទៅ​កាន់​លោក ​Trump ជា​លើក​ដំបូង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​នេះ​គឺ​ទទួល​បាន​ជោគជ័យ។​

លោក​ Steve Russel ​សមាជិកសភា​មួយ​រូប​បាន​ថ្លែង​ថា៖​ «ខ្ញុំ​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល។ ​ខ្ញុំ​មិន​បាន​ដឹង​ថា ​ត្រូវ​រំពឹង​អ្វី​នោះ​ទេ​ ប៉ុន្តែ​វា​ជា​សារ​វិជ្ជមាន​មួយ។ ​កិច្ច​ប្រជុំ​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​របស់​ខ្ញុំ»។​

លោក​សមាជិក​សភា​ David Phil Roe​ បាន​ថ្លែង​ថា៖​ «លោក ​Trump ​ពិតជា​សកម្ម​ពិត​មែន​ ហើយ​នេះគឺ​ជា​ក្រុម​មនុស្ស​ដែល​មិន​ងាយ​ស្រួល​ចរចា​ជា​មួយ​នោះ​ទេ។​ ខ្ញុំ​ចង់​និយាយ​ថា​ ពួក​យើង​គឺ​ជាអ្នក​នយោបាយ​ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ ដែល​កាន់​តួនាទី​នេះ​ជា​អាជីព​ប្រចាំ​ថ្ងៃ។​ លោក ​Trump​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដ៏​ល្អ»។​

លោក ​Trump ​បាន​បើក​កិច្ច​ប្រជុំ​ដោយ​ការ​ឱប​ស្វាគមន៍​ និង​និយាយ​កំប្លែង​លេង​ជា​មួយ​លោក​ Paul Ryan ​ប្រធាន​សភា​ ដែល​ត្រូវ​ប្រឈម​មុខ​ជាមួយ​សំណួរ​ជា​ច្រើន​អំពី​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ ចាប់​តាំងពី​លោក​ប្រកាស​គាំទ្រ​លោក​ Trump ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។​

លោក​ Paul Ryan ​ដែល​ជា​ប្រធាន​សភា​បាន​ថ្លែង​ថា៖​ «ពួក​យើង​បាន​ផ្លាស់​ប្តូរ​គោល​នយោបាយ​ និង​គំនិត​ជា​ច្រើនជាមួយ​គ្នា​បាន​យ៉ាង​ល្អ»។​

លោក​ Trump​ ប្រឈម​មុខ​នឹង​ការ​រិះគន់​សារ​ជា​ថ្មី​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ដ៏​ចម្រូង​ចម្រាស​របស់​លោក​ ហើយ​សម្រាប់​សមាជិក​សភា​ភាគ​ច្រើន​ ការ​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​បំបាត់​ចម្ងល់​របស់​ពួក​គេ​នោះ​ទេ។​

លោក​ Charlie Dent​ សមាជិក​សភា​បាន​ថ្លែង​ថា៖​ «ពួក​យើង​បាន​និង​កំពុង​បង្ហាញ​ក្តី​បារម្ភ​របស់​យើង​អំពី​មតិ​អុជអាល​ជា​ច្រើន​របស់​លោក ​Trump ​ដែល​ខ្វះ​គោល ការណ៍។​ គោល​ការណ៍​មួយ​ចំនួន​របស់​លោកដែល​ពួក​យើង​បាន​ស្តាប់​ឮ​ជា​ញឹក​ញាប់​ តែង​មាន​ភាព​ផ្ទុយ​ស្រឡះ​ និង​មាន​ភាព​ចម្រូង​ចម្រាស។​ ដូច្នេះ​ ទាំង​នោះ​ហើយ​គឺ​ជា​ក្តី​បារម្ភ​របស់​ខ្ញុំ​ពេល​ដើរ​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ ហើយ​វា​នៅ​តែ​ជា​ក្តី​បារម្ភ​របស់​ខ្ញុំ​នៅ​ក្នុង​ពេល​ឥឡូវ​នេះ​ផង​ដែរ»។​

លោក​ Mark Sanford ​សមាជិក​សភា​មួយ​រូប​ទៀត​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖​ «សមាជិក​ខ្លះ​នៅ​តែ​មាន​សំណួរ​ ហើយ​ខ្ញុំ​គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ បើ​និយាយ​អំពី​ការ​និយាយ​ស្តី​នោះ»។​

កាល​ពី​មុន​ លោក​ Peter King ​ដែល​ជា​សមាជិក​សភា​មួយ​រូប​បាន​បង្ហាញ​ចម្ងល់​របស់​លោក​ចំពោះ​លោក​ Trump​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ ​កិច្ច​ប្រជុំ​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ផល​វិជ្ជមាន​ចំពោះ​លោក​ Trump៕​

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា

XS
SM
MD
LG