ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​Trump​ និង​លោក​ស្រី ​Clinton ​ជិត​ដល់​ពេល​ត្រូវ​ជ្រើស​រើស​បេក្ខភាព​អនុប្រធានាធិបតី


លោក​ Trump និង​លោក​ស្រី​ Clinton បេក្ខជន​ប្រធានាធិបតី​អាមេរិក​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​នេះ។

ឥស្សរជន​ដែលត្រូវ​បាន​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា​.គឺ​លោក Donald Trump ​ខាង​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ជិត​ដល់​ពេល​ត្រូវ​ជ្រើស​រើស​ដៃ​គូ​ជា​បេក្ខជន​អនុ​ប្រធានា​ធិបតី​ហើយ។​

មហា​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ត្រូវ​កំណត់​ថា​នឹង​ចាប់​ផ្តើម​ធ្វើ​ក្នុង​ពេល​ពីរ​សប្តាហ៍​ទៀត​ដើម្បី​តែង​តាំង​បេក្ខជន​ប្រធានាធិបតីនិង​អនុ​ប្រធានាធិបតី ហើយ​មហា​សន្និបាត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ធ្វើ​មួយ​សប្តាហ៍​បន្ទាប់​មក។ បេក្ខជន​ទាំង​ពីរ​រូប​នេះ​បាន​ជម្រុះ​និង​ជ្រើ​រើស​ឈ្មោះមន្ត្រី​របស់​ខ្លួន​ដែល​អាច​ជា​បេក្ខជន​អនុប្រធានា​ធិបតី​ ដោយ​ពិចារណា​ទៅ​លើថា​តើ​ជម្រើស​របស់​លោក​និង​លោក​ស្រី​អាច​ជួយ​បេក្ខភាព​អស់​លោក​បាន​បែបណា​ខ្លះ។ អស់​លោក​ក៏​គិត​ពិចារណា​លើ​បេក្ខជន​ដែល​អាច​បំពេញ​នាទី​ជា​ប្រធានា​ធិបតី​ក្នុង​ករណី​ដែល​លោក ​Trump ​ឬ​លោកស្រី​ Clinton ​ទទួល​មរណភាពនៅ​ពេល​កំពុង​កាន់​តំណែង ​ឬ​មាន​លទ្ធភាព​កាន់​តំណែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក ​Trump ​ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បាន​និយាយ​ថា​ លោក​ចង់​ឱ្យ​មាន​មនុស្សម្នាក់​ជា​ដៃ​គូ​ដែល​អាច​ជួយ​លោក​ឱ្យ​ឆ្លង​កាត់​វប្បធម៌​នយោបាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​ជួយ​ជំរុញ​កម្មវិធី​សេចក្តី​ព្រាង​ច្បាប់​របស់​លោក​ក្នុង​សភា​ ពីព្រោះ​លោក​មិន​ធ្លាប់​កាន់​តំណែង​តាម​រយៈ​ការបោះ​ឆ្នោត​ទេ​ពី​មុន​មក។

ពួក​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​បាន​និយាយ​ថា ​ជម្រើស​ជាន់​ខ្ពស់​របស់​លោក​ Trump​ គឺ​មាន​លោក ​Newt Gingrich​ អតីត​ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំង​ដែល​បាន​កាន់​តំណែង​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ពេល​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​១៩៩៩ ​ទោះណា​ជា​លោក​គ្មាន​ជោគ​ជ័យ​ក្នុង​ការ​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០១២​ ក៏​ដោយ​ និង​លោក ​Chris Christie​ អភិបាល​រដ្ឋ​ New Jersey ​ដែល​បាន​ឈរ​ឈ្មោះ​ប្រឆាំង​នឹង​លោក ​Trump​ ក្នុង​ឆ្នាំ​នេះ​ នៅ​មុន​ពេល​លោក​ដក​ខ្លួន​ថយ​ពី​ការ​ប្រកួត​ប្រជែង​ហើយ​ក៏​គាំទ្រ​លោក​ Trump ​វិញ។​

លោក ​Trump ​មិន​ទាន់​បាន​ជ្រើសរើស​នរណា​ម្នាក់​នៅ​ឡើយ​ទេ​ ហើយ​លោក​បាន​ជួប​ជាមួយ​មន្ត្រី​ឯទៀតៗ​ដែល​អាច​ជា​ជម្រើស​របស់​លោក​ដោយ​មាន​រួម​បញ្ចូល​លោក ​Mike Pence ​អភិបាល​រដ្ឋ​ Indiana​ ដែល​លោក​បាន​ជួប​ជាមួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​លោកស្រី​ Joni Ernst ​សមាជិកា​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Iowa ដែល​លោក​បាន​ជួប​ជាមួយ​កាល​ពីថ្ងៃ​ចន្ទ។

ចំពោះ​លោក​ Clinton វិញ ក្រុម​អ្នក​ធ្វើវិភាគ​បាន​និយាយ​ថា​ លោក​ស្រី​ក៏​មាន​ជម្រើស​ច្រើន​នាក់​ដែរ​ ដែល​ក្នុង​ចំណោម​នោះ​មាន​លោក​ Tim Kaine ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Virginia ​ដែល​ធ្លាប់​កាន់​តំណែង​ជា​អភិបាល​រដ្ឋ​នេះ​ក្នុង​តំបន់​ពាក់​កណ្តាល​អាតាឡង់​ទិច​ ផងដែរ ​លោកស្រី​ Elizabeth Warren​ សមាជិកា​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Massachusetts ​ដែល​បាន​ទទួល​ការ​អបអរសាទរ​ខ្លាំង​នៅ​ពេល​លោក​ស្រី​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ប្រឆាំង​នឹង​លោក ​Trump​ កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​ការ​ប្រជុំ​ជាមួយ​អ្នក​គាំទ្រ​មួយ​របស់​លោក​ស្រី​ Clinton សមាជិក​ព្រឹទ្ធសភា​ពីរ​នាក់​ទៀត​គឺ​លោក​ Sherrod Brown ​នៃ​រដ្ឋ​ Ohio​ និង​លោក Corey Booker ​នៃ​រដ្ឋ​ New Jersey ​បូករួម​ទាំងសមាជិក​ពី​រនាក់​នៃ​គណៈ​រដ្ឋ​មន្ត្រី​លោក​ប្រធានាធិ​បតី​ បារ៉ាក់ ​អូបាម៉ា​ គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ Thomas Perez ​ក៏ដូចជា​លោក ​Julian Castro ​រដ្ឋ​មន្ត្រី​ក្រសួង​ផ្ទះ​សំបែង​ជា​ដើម។

គេ​រំពឹង​ថា​លោក ​Trump ​នឹង​ប្រកាស​អំពី​ជម្រើស​របស់​លោក​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ចាប់​ផ្តើម​មហា​សន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ក្រុង​ Cleveland ​ក្នុង​រដ្ឋ​ Ohio នា​ប៉ែក​កណ្តាល​ខាង​លិច​ស.រ.អា. ឬ​នៅ​ពេល​ចាប់​ផ្តើម​មហា​សន្និបាត​នេះ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា។ លោកស្រី​ Clinton អាច​រង់​ចាំ​ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​នោះ​ក្នុង​ការ​តែង​តាំង​ជម្រើស​របស់​លោក​ស្រី​ គឺ​ចាំដល់​ពេល​ណា​លោក​ស្រី​ដឹង​អំពី​មនុស្ស​ដែល​លោក​ Trump ​បាន​តែង​តាំង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG