ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ហៅ​លោកស្រី Clinton ថា​ជា​មនុស្ស​ពុករលួយ​ជាង​គេ​បំផុត​ដែល​ចង់​​បាន​តំណែង​ជា​ប្រធានាធិបតី


លោក Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​ព្រឹត្តិការណ៍​ឃោសនា​នៅ​សណ្ឋាគារ Trump Soho នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
លោក Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​ព្រឹត្តិការណ៍​ឃោសនា​នៅ​សណ្ឋាគារ Trump Soho នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ លោក Donald Trump បាន​ធ្វើ​ការ​វាយប្រហារ​ពាក្យ​សម្តី​ទៅ​លើ​លោកស្រី Hillary Clinton កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​ហៅ​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ថា «ប្រហែល​ជា​មនុស្ស​ដែល​ពុករលួយ​ជាង​គេ​បំផុត​ដែល​ចង់​ទទួល​បាន​តំណែង​ជា​ប្រធានាធិបតី​អាមេរិក»។

នៅ​ក្នុង​ការ​រិះគន់​ដោយ​ពាក្យ​សម្តី​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​លោកស្រី Clinton លោក Trump បាន​ចោទប្រកាន់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ​ថា គាំទ្រ​គោលនយោបាយ​ការបរទេស​អាមេរិក​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​ជីវិត​មនុស្ស ការ​បំផ្លិចបំផ្លាញ និង​អំពើ​ភេរវកម្ម ខណៈ​ដែល​លោក​ស្រី​កំពុង​តែ​បម្រើការ​ជា​មន្ត្រី​ការទូត​កំពូល​អាមេរិក​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣ ហើយ​បន្ទាប់មក​លោកស្រី​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​តាមរយៈ​ការឡើង​ថ្លែង​សុន្ទរកថា​ក្រោយ​ពី​លោកស្រី​ត្រូវ​ចប់​អាណត្តិ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។ ​

នៅ​ក្នុង​សុន្ទរកថា​មួយ​មុន​ពេល​ស្រែក​លើក​ទឹកចិត្ត​ដល់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ រដ្ឋ​ញូវយ៉ក មហាសេដ្ឋី​ចលនទ្រព្យ​រូប​នេះ​បាន​និយាយ​ថា លោកស្រី Clinton «មាន​នយោបាយ​រក​ចំណូល​ឲ្យ​ខ្លួន​ឯង​យ៉ាង​ល្អ​ឥតខ្ចោះនិង​ជា​ចោរ​ម្នាក់»។ ហើយ​លោក​ក៏​បាន​ហៅ​លោកស្រី Clinton ថា​ជា​ «មនុស្ស​កុហក​លំដាប់​ពិភពលោក»។

លោក Trump បាន​និយាយ​ថា លោកស្រី Clinton ដែល​ព្យាយាម​ដើម្បី​ទទួល​បាន​តំណែង​ជា​ប្រធានាធិបតី​ស្រី​ទី​មួយ​របស់​អាមេរិក បាន​ចាត់​ទុក​ក្រសួង​ការបរទេស​ដូច​ជា​រនាំង​នៃ​ការ​ហូរ​ចូល​ប្រាក់​ផ្ទាល់​ខ្លួន ដោយ​គាំទ្រ​ដល់​របប​ជិះជាន់​និង​របប​ដទៃទៀត ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់។ លោក​ក៏​បាន​និយាយ​បន្ត​ថា ម្ចាស់​ជំនួយ​នានា​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភដល់​មូលនិធិ​ Bill មូលនិធិ Hillary និង Chelsea Clinton ដោយ​ផ្អែក​លើ​ការ​សម្រេចចិត្ត​របស់​លោកស្រី​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស៕

XS
SM
MD
LG