ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump ទទួល​ស្គាល់​ថា​លោក​ត្រូវ​តស៊ូ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​បក្ស​របស់​លោក


រូបភាព​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោស្រី Hillary Clinton (ឆ្វេង) និង​​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក Donald Trump។

លោក Donald Trump​ ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​ស្គាល់​ថា​ លោក​កំពុង​តស៊ូ​ដើម្បី​ឱ្យ​មាន​ការ​គាំទ្រ​ពីពួកមន្ត្រី​នៃ​គណបក្ស​សាធារណ​រដ្ឋ​ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​លោក​បាន​សម្តែង​កង្វល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​អំពី​ការណ៍​ដែល​ថា​ លោក​បាន​អង្គាស​ប្រាក់​បាន​តិច​ជាង​លោកស្រី ​Hillary Clinton ​ស​ម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា។

លោក​ Trump ​បាន​និយាយ​ប្រាប់​កម្មវិធី​ «ថ្ងៃ​នេះ»​របស់​បណ្តាញ​ទូរទស្សន៍អាមេរិកាំង NBC ថា «យើង​មាន​គណបក្សមួយ។ ​ខ្ញុំ​ចង់​និយាយ​ថា​ខ្ញុំ​មាន​បញ្ហា​ជាមួយ​មនុស្ស​ខ្លះ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ច្រើន​ជាង​ជាមួយ​ពួក​ប្រជាធិបតេយ្យ​ពី​ព្រោះ​ពួក​គេ​មិន​ចង់​គាំទ្រ​ខ្ញុំ។ ពួក​គេ​ប្រហែល​គាំទ្រ​ខ្ញុំ​នៅ​ពេល​ខាង​មុខ។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ ប្រសិន​បើ​ពួក​គេ​មិន​គាំទ្រខ្ញុំទេ​ ក៏​មិន​ជា​ថ្វីដែរ។ ខ្ញុំ​អាច​ឈ្នះ​ឆ្នោត​តាម​វិធី​ផ្សេង​ទៀត»។

មហា​សេដ្ឋី​អចលនទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​រូបនេះ​និងធ្លាប់​ជា​អ្នក​រៀបចំ​កម្មវិធី​ជីវិត​ពិត​តាម​ទូរទស្សន៍​ បាន​ស្ទង់​វាយ​តម្លៃ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់​លោក​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​របាយការណ៍​ថ្មីៗ​បង្ហាញ​ថា​ ការ​ឃោសនា​បោះឆ្នោត​របស់​លោក​មាន​ប្រាក់​តែ​១លាន​៣សែន​ដុល្លារ​នៅ​ដើមខែ​មិថុនា​ ចំណែក​លោកស្រី ​Clinton ​មាន​ប្រាក់​រហូត​ដល់​៤២លាន​៥សែន​ដុល្លារ។

លោក Trump​ បាន​និយាយ​ប្រាប់​កម្មវិធី​ Fox​ and Friends show នៃ​ទូរទស្សន៍​អាមេរិកាំង ​Fox ថា៖ «Hillary Clinton នឹង​ចំណាយ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​នៃ​ប្រាក់​របស់ ​Wall Street ​និង​ប្រាក់​កាស​មក​ពី​ភូមិ​ភាគ​មជ្ឈឹមបូព៌ា។ ខ្ញុំ​អាច​ធ្វើ​ផ្សេង​ពី​នេះ​ ខ្ញុំ​អាច​ចំណាយ​ប្រាក់​របស់​ខ្ញុំ​ផ្ទាល់»។

លោក​បាន​និយាយ​យោង​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​លោក​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​លោក​ហើយ​លោក​បាន​ឈ្នះ​បេក្ខជន​សាធារណរដ្ឋ​១៦​នាក់​ទៀត។ ​លោក​បាន​ក្លាយជា​ឥស្សរជន​ដែល​ទំនង​ជា​នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​នេះ​នៅ​ក្នុង​មហាសន្និបាត​ជាតិ​របស់​បក្ស​នៅ​ខែ​ក្រោយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG