ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្ទង់មតិ​ពីរ​នៅ​អាមេរិក៖ លោកស្រី​ Clinton កំពុង​នាំ​មុខ​លោក​ Trump


ការ​ស្ទង់​មតិ​ចំនួនពីរ​នៅសហរដ្ឋអាមេរិក​បង្ហាញ​ថា លោកស្រី Clinton កំពុង​តែ​នាំ​មុខ​លោក Trump។

កាល​ពី​ថ្ងៃ​អាទិត្យ​ ការ​ស្ទង់មតិ​ខាងនយោបាយ​ថ្មីៗ​ពីរ​ក្នុង​ស.រ.អា​បាន​បង្ហាញ​ថា​លោកស្រី​ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៃ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​នៅ​ក្នុង​ការប្រកួត​ប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​ស.រ.អា​លើ​លោក​ដូណាល់ ត្រាំ (Donald Trump) ដែល​ជា​គូប្រជែង​របស់​លោកស្រី​ មក​ពី​គណបក្ស​សាធារណរដ្ឋ។ ក៏​ប៉ុន្តែ​ការស្ទង់មតិ​ទាំង​ពីរនេះ​មាន​ភាព​ខុស​គ្នា​អំពី​ចំនួនភាគ​រយ​នៃ​ការ​នាំ​មុខ​របស់លោកស្រី។​

ការ​ស្ទង់មតិរួម​គ្នា​មួយ​រវាងកាសែត​ Washington Post និង​បណ្តាញ​ទូរទស្សន៍អាមេរិកាំង​ ABC News បាននិយាយ​ថា ​ការ​គាំទ្រ​ដល់​លោក Trump ​មហាសេដ្ឋី​អចលនទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​បាន​ឈរ​ឈ្មោះ​ដំបូងសម្រាប់​តំណែង​សាធារណៈ​តាម​រយៈការ​បោះឆ្នោត​ បានថយចុះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​លោកស្រី​ Clinton មាន​ការ​គាំទ្រ​៥១ភាគរយ​ទល់នឹង​លោក Trump ៣៩​ភាគរយ​នៅ​ទូទាំង​ប្រទេស​ក្នុង​ចំណោម​ប្រជាជន​អាមេរិកាំង​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ កាល​ពី​មួយ​ខែមុននេះ​ ការ​ស្ទង់មតិ​ដោយ​អង្គភាពព័ត៌មាន​ដដែល​ទាំង​ពីរ​ បាន​បង្ហាញ​ថា ​លោក Trump នាំ​មុខ​លោកស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេសអាមេរិកាំង ៤៦ភាគ​រយ​ទល់​នឹង​៤៤ភាគរយ។

ការ​ស្ទង់មតិ​មួយ​ទៀត​ដោយ​សារព័ត៌មាន​ Wall Street Journal និង​បណ្តាញ​ទូរទស្សន៍អាមេរិកាំង​ NBC News បាន​បង្ហាញថា ​លោកស្រី​ Clinton ដែល​បាន​ស្វះស្វែង​ដើម្បី​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយនៃ​ស.រ.អា​នាំ​មុខ ៤៦ភាគរយ​ទល់​នឹង​៤១ភាគរយ ដែល​ជាការ​ចំណេញ​២ភាគ​រយលើស​ពី​កាល​ខែ​មុន។

ការ​ស្ទង់មតិ​មួយចំនួន​កាល​ពី​ពេល​ថ្មីៗនេះ​បង្ហាញ​ថា ​លោកស្រី​ Clinton មាន​ការ​នាំ​មុខ​ជា​មធ្យមភាគ​ចំនួន​ជាង​៦ភាគរយ ហើយ​គេ​មាន​ជំនឿ​ថា​ ការ​ប្រកួតប្រជែង​នេះ​មាន​ភាព​ប្រកិតប្រកើយ​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​មួយ​ខែ​មុន​នេះ។

ការ​ស្ទង់មតិថ្មីៗ​បំផុត​ត្រូវ​បាន​ឡើង បន្ទាប់​ពី​មាន​រឿង​ចម្រូងចម្រាស​កម្រិតខ្ពស់​មួយ​ចំនួន​ទាក់ទិន​ជាមួយ​លោក​ Trump ដោយ​មាន​រួម​បញ្ចូល​ការ​វាយ​ប្រហារ​របស់​លោក​លើ​ចៅក្រម​ម្នាក់​ ដែល​មាន​ដើម​កំណើត​ម៉ិកស៊ិក​ កើត​នៅ​ស.រ.អា ដែល​កាត់ក្តី​ទាក់ទិន​នឹង​មុខរបរ​មួយ​របស់​លោក​ Trump ដែល​បាន​រង​ការ​ខាតបង់ ការ​ដែល​លោក Trump បាន​ដក​អ្នកចាត់ចែង​យុទ្ធនាការ​ឃោសនា​របស់​លោក​ចេញ​ពី​តំណែង​ និង​ការ​រៃអង្គាស​ប្រាក់​សម្រាប់​ធ្វើការ​ឃោសនា​បោះឆ្នោត​បានតិច​ជាង​លោកស្រី Clinton កាលពី​ខែ​ឧសភា៕

XS
SM
MD
LG