ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​អន្តោប្រវេសន៍​នៅ​រដ្ឋ​កាលីហ្វរញ៉ា​មិន​មាន​បេក្ខជន​ណា​ជា​ជម្រើស​សម្រាប់​តំណែង​ប្រធានាធិបតី​នោះ​ទេ

  • Elizabeth Lee

បាតុកម្មក្នុងការជំរុញគាំទ្របណ្ណ័បើកបរសម្រាប់អ្នកចំណូលស្រុកខុសច្បាប់ធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០០៤។

ប្រជាជន​ជាច្រើន​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​និយាយ​ថា ការ​បោះឆ្នោត​បឋម​ជ្រើសរើស​ប្រធានាធិបតី​គឺ​មិន​ដូចអ្វី​ដែល​ពួកគេ​ធ្លាប់​បាន​ជួប​ប្រទះ​កាលពី​មុន​នោះ​ទេ។

បើ​តាម​សម្តី​របស់​អ្នក​បោះឆ្នោត​លើក​ទីមួយ​ម្នាក់​ ឈ្មោះ​ Monica Burgos​ បាន​ឲ្យ​ដឹង​ថា៖ «ក្រុម​គ្រួសារ​របស់​ខ្ញុំមាន​អារម្មណ៍​ច្របូល​ច្របល់​ណាស់​លើ​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​បោះ​ឆ្នោត​ឲ្យ​នរណា​ ប៉ុន្តែ​ក៏​មាន​ការ​ខក​ចិត្ត​ច្រើន​ណាស់​ដែរ»។

VOA បាន​តាម​ដាន​ក្រុម​គ្រួសារ​ Burgos តាំងពី​ខែ​ធ្នូ​មក​ម្ល៉េះ។ ដោយសារ​គ្រួសារ​នេះ​មាន​ទស្សន​វិស័យ​បែប​អភិរក្ស​និយម​លើ​បញ្ហា​ផ្សេងៗ​ ដូចជា​ការ​រំលូត​កូន និង​អាពាហ៍​ពិពាហ៍​នៃ​មនុស្ស​ស្រឡាញ់​ភេទដូច​គ្នា​ជាដើម​នោះ បាន​ធ្វើឲ្យ​ពួកគេ​បាន​ចុះ​ឈ្មោះ​ជា​អ្នក​សាធារណរដ្ឋ។ ពីមុន​ ពួកគេបានជ្រើស​រើស​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក John Kasich ប៉ុន្តែ​បេក្ខជន​រូបនេះ​បាន​លាលែង​ពីការ​ប្រកួត​ប្រជែង ធ្វើឲ្យ​លោក Donald Trump គឺជា​បេក្ខជន​សាធារណរដ្ឋ​តែមួយ​គត់​សម្រាប់​គណបក្ស​នេះ។

អ្នកស្រី Maria Elena Burgos ដែល​ជា​ជនជាតិ​អាមេរិក​កាត់​ម៉ិកស៊ិក បាន​និយាយថា៖ «ខ្ញុំ​មាន​អារម្មណ៍​ច្របូល​ច្របល់​អស់​ហើយ​នៅពេលនេះ​ ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​វា​អាច​ឈាន​ដល់​ដំណាក់​កាល​បែប​នេះ​ទេ»។

អ្នកស្រី​ និង​ស្វាមី​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អែលសាល់វ៉ាឌ័រ លោក Rene Burgos បាន​ទៅ​បោះ​ឆ្នោត​គ្រប់​ការ​បោះឆ្នោត ចាប់តាំង​ពី​ពេល​ពួកគាត់​បាន​ទទួល​សញ្ជាតិ​អាមេរិក។ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីនា​ពេល​លើក​នេះ ​គឺ​ជាការ​បោះឆ្នោត​ដ៏​តឹងតែង​បំផុត​សម្រាប់​ពួកគាត់។

លោក Rene Burgos បាន​និយាយ​ថា «យើង​ដឹង​ច្បាស់​ណាស់​ថា បេក្ខជន​ប្រធានាធិបតី​មួយ​ណា​ដែល​យើង​មិន​ចង់​បាន»។

ពួកគេ​មិន​ចង់​ឲ្យ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ធ្វើ​ជា​ប្រធានាធិបតី​នោះ​ទេ។

ការ​សម្រេចជ្រើសរើស

អ្នកស្រី Maria Elena Burgos និយាយ​ថា៖ «នៅ​ពេល​អ្នក​មិន​មាន​ជម្រើស​ល្អ​ច្រើន​ទេ ដូច្នេះ​អ្នក​ត្រូវ​តែ​វិភាគ ថា​តើ​នរណា​ម្នាក់​នៅ​ក្នុង​ចំណោម​បេក្ខជន​ទាំង​នោះ​នឹង​អាច​យ៉ាង​ហោច​ណាស់​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ ពីព្រោះវា​មាន​ការ​លំបាក​ខ្លាំង»។

អ្នកស្រី​បាន​សម្រេច​ថា នឹង​បោះឆ្នោត​ឲ្យ​លោក Kasich ដោយ​សារ​តែ​ឈ្មោះ​របស់​លោក​នៅ​ស្ថិត​នៅ​លើ​សន្លឹកឆ្នោត​នៅ​ឡើយ។ កូនស្រី​របស់​អ្នកស្រី​ ឈ្មោះ Monica សម្រេច​ចិត្ត​ថា នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក Bernie Sanders បើ​ទោះ​ជា​អ្នកស្រី​គឺ​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នកបោះឆ្នោត​គណបក្ស​សាធារណរដ្ឋ​ក៏​ដោយ។

ជន​អន្តោ​ប្រវេសន៍ដទៃ​ទៀតជ្រើស​យក​ជម្រើស​មួយ​ផ្សេង​ទៀត។

លោក Le Khac Ly ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​គូស​អ្វី​ទាំងអស់​លើ​សន្លឹក​ឆ្នោត» ពីព្រោះ​លោក​មាន​ការ​លំបាក​នៅ​ក្នុង​ការ​សម្រេច​ចិត្ត។

លោក Ly ដែល​មាន​គំនិត​មិន​យល់​ស្រប​នឹង​សញ្ចេតនា​ប្រឆាំង​ជនអន្តោប្រវេសន៍របស់​លោក Trump បាន​និយាយ​ថា៖ «ទោះ​បីខ្ញុំ​បាន​ចុះ​បញ្ជី​ជា​អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត​បេក្ខជន​ទាំង​នោះ​ទេ។ ខ្ញុំ​យល់ស្រប​ថា យើង​ត្រូវ​ការ​ភាព​អភិរក្ស ប៉ុន្តែ​មិនមែន​ការ​អភិរក្ស​បែប​នេះ​ទេ»។

ស្រដៀង​នឹងពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាមជំនាន់​មុន​មួយ​ចំនួន​ដែរ​ កាល​ពីមុន​លោក​ Ly បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ។ ប៉ុន្តែ​នៅ​ពេល​ទាក់ទង​នឹង​រឿង​អន្តោប្រវេសន៍ លោក​បាន​និយាយ​ថា អ្នក​ដែល​មាន​ទេពកោសល្យ ឬ​ដែល​ស្វែងរក​ជីវិត​រស់​នៅ​ឲ្យប្រសើរ​ឡើង ដូចគ្នា​នឹង​ជនភៀស​ខ្លួន​វៀតណាម​មួយ​ចំនួន គួរ​តែ​មាន​ឱកាស​ក្នុង​ការ​រស់​នៅ​សហរដ្ឋ​អាមេរិក។ លោក​បាន​ថ្លែង​ថា៖ «អ្នក​មិន​អាច​បិទ​ទ្វារ​មិនឲ្យមនុស្ស​គ្រប់​ទិសទីក្នុង​ពិភព​លោក​ចូល​មក​បាន​ទេ»។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​ជំនាន់​ថ្មី​មាន​ទំនោរ​កាន់​តែច្រើន​ទៅ​រក​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ក្នុង​ក៏​មាន​លោក Hugh Tra ដែល​ជា​អ្នក​គាំទ្រ​លោក Bernie Sanders។ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោកស្រី Hillary Clinton និង​លោក​ Trump គឺ​ជា​ជម្រើស​តែ​មួយ​គត់​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ ហើយ​លោក​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី​ Clinton។

លោក Tra បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ និង​គាំទ្រ​លោកស្រី​ជា​ប្រធានាធិបតី​។ ទោះបី​ជា​ ខ្ញុំ​មិន​យល់ស្រប​ជាមួយ​លោកស្រី​គ្រប់​ចំណុច​ក៏​ដោយ ជម្រើស​ឲ្យ​មាន​លោក Donald Trump នៅ​សេតវិមាន​គឺ​ពិត​ជា​គួរ​ឲ្យ​ព្រួយបារម្ភ។ លោក​ Trump បាន​ដឹកនាំ​យុទ្ធនាការ​នៅ​ក្នុង​ទិសដៅ​មួយ​ ដែល​ពុះ​ចែក​ប្រទេស​អាមេរិក»។

ប៉ុន្តែ​ជនជាតិ​អាមេរិកាំង​កាត់​ឥណ្ឌា​លោក Vishnu Vallatharasn បាន​និយាយ​ថា ទស្សនៈ​របស់លោក Trump ទៅ​លើ​រឿង​អន្តោប្រវេសន៍​ គឺ​ជា​រឿង​យុត្តិធម៌។

លោក Vallatharasn បាន​ថ្លែង​ថា «ឪពុក​ម្តាយ​របស់​ខ្ញុំ​ គឺ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​ នៅ​ពេល​ដែល​ពួក​គាត់​មក​សហ​រដ្ឋ​អាមេរិក ហើយ​ពួកគាត់​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​សិទ្ធិ​ជា​ពលរដ្ឋ​ស្រប​ច្បាប់។ ពួកគាត់​បាន​ឆ្លងកាត់​ដំណើរ​ការ​ផ្លូវ​ច្បាប់​ផ្សេងៗ។ ពួកគាត់​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ស្រប​តាមច្បាប់​ ហើយ​ពេល​នេះ​ពួកគាត់​មាន​សិទ្ធិ​គ្រប់យ៉ាង​ក្នុង​នាម​ជា​ពលរដ្ឋ​ស្រប​ច្បាប់។ ខ្ញុំ​មិន​ជឿ​ថា អ្នក​ដែល​មក​ទី​នេះ​ខុស​ច្បាប់​ត្រូវ​មាន​មាន​សិទ្ធិ​ដូចគ្នា​នឹង​អ្នក​រស់​នៅ​ស្រប​ច្បាប់​ឡើយ»។

ការ​សម្លឹង​ទៅ​រក​ការ​បោះឆ្នោត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ

អ្នកស្រី​ Maria Elena និង​លោក Rene Burgos នៅ​តែ​មិន​ទាន់​ច្បាស់​ថា ពួកគាត់​នឹង​ធ្វើការ​សម្រេច​យ៉ាង​ដូច​ម្តេច​នៅ​ក្នុង​ការ​បោះឆ្នោត​សាកល​នា​ពេល​ខាង​មុខ។

អ្នកស្រី Maria Elena Burgos បាន​ថ្លែង​ថា៖ «យើង​មិន​ចូលចិត្ត​លោកស្រី​លើ​ចំណុច​ជាច្រើន​ ប៉ុន្តែ​ខ្ញុំ​ប្រហែល​ជា​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី Hillary»។

ប៉ុន្តែ​លោក Rene Burgos បាន​និយាយ​ថា នៅ​មាន​ពេល​តទៀត​សម្រាប់​លោក Trump ក្នុង​ការ​បញ្ជាក់​ថា​រូបគាត់​ជា​បេក្ខជន​ល្អ​មួយ​រូប។

លោក​បាន​បន្ថែម​ថា៖ «ឱកាស​នៅ​តែ​មាន​ជានិច្ច​ពីព្រោះ​លោក Trump មិន​មាន​អាជីព​ជា​អ្នក​នយោបាយ​ឡើយ ដូច្នេះ​លោក​មាន​រឿង​ត្រូវ​រៀន​សូត្រ​ច្រើន​ណាស់។ ដូច​ដែល​អ្នក​ដឹង​ហើយ​ថា​ វា​ងាយ​ស្រួល​ណាស់​ក្នុង​ការ​និយាយ​ថា ខ្ញុំ​នឹង​សាងសង់​របង​ជញ្ជាំង ឬ​ធ្វើឲ្យ​អាមេរិក​អស្ចារ្យ ប៉ុន្តែ​តើ​លោក​ Trump នឹង​ធ្វើ​រឿង​ទាំង​នេះ​ដោយ​របៀប​ណា​ទៅ? លោក​ត្រូវតែ​បង្ហាញពី​គម្រោង​ការ​ជាក់​លាក់​របស់​គាត់។

ពួកគេ​និយាយថា​ នៅ​មាន​រយៈពេល​ពីរបី​ខែ​ទៀត​មុន​ខែ​វិច្ឆិកា​សម្រាប់​ការ​តាមដាន​បេក្ខជន​នីមួយៗ​ឲ្យ​ម៉ត់ចត់​និង​សម្រេច​ថា​តើ​គួរ​បោះឆ្នោត​ឲ្យ​បេក្ខជន​មួយ​ណា​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ៕

ប្រែសម្រួល​ដោយ ស៊ូ​ រ៉ូហ្សា​និច

XS
SM
MD
LG